យាន​រុករក​ឈ្មោះ​​ Perseverance ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ខួង​យក​គំរូ​ថ្ម​នៅ​ភព​អង្គារ​ជា​លើក​ដំបូង​របស់​ខ្លួន​​ ដើម្បី​នាំ​ថ្ម​ទំហំ​ប៉ុន​ម្រាម​ដៃ​​ វេច​ខ្ចប់​ដាក់​ក្នុង​បំពង់​បិទ​ជិត​​ត្រឡប់​មក​ផែន​ដី​វិញ​។​

យាន​​ដែល​បាន​ចុះ​​ចត​កាល​ពី​ខែ​កុម្ភៈ​នេះ​ គឺ​ជា​យាន​រ៉ូបូត​ដែល​សិក្សា​អំពី​ទម្រង់​ផែនដី​ ឬ​ភព​ដទៃ​ និង​​ជីវិត​ក្រៅ​ផែនដី​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​អ្នកវិ​ទ្យាសាស្ត្រ​ រក​មើល​ដាន​នៃ​ជីវិត​ពី​បុរាណ​នៅ​តំបន់​ Jezero​ Crater​ ដែល​ទំនង​ជា​អតីត​បឹង​រាប់​ពាន់​លាន​ឆ្នាំ​មុន​របស់​ភព​អង្គារ​។​ យាន​ដដែល​បាន​រំកិល​ខ្លួន​ប្រហែល​ ១ ​គីឡូម៉ែត្រ​ ពី​កន្លែង​ដែល​ខ្លួន​ដាក់​ជើង​ ហើយ​ឈប់​នៅ​កន្លែង​មួយ​ឈ្មោះ​ថា​ Paver Stones​។​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC ​​លោក​ Ken ​Farley ​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ គេ​ចង់​កំណត់​ថា ​តើ​ Paver​ Stones​ទាំង​នេះ​ គឺ​ជា​សិលា​កម្ទេច​កំណ​ ឬ​ជា​សិលា​ភ្នំ​ភ្លើង​ពី​​ប្រភព​ដើម។​ រវាង​សិលា​​​ទាំង​ ២ នេះ​​ តើ​មួយ​ណា​ក៏​គួរ​ឱ្យ​ចាប់​អារម្មណ៍? ប៉ុន្តែ​គុណភាព​ពិសេស​នៃ​ថ្ម​ភ្នំ​ភ្លើង​គឺ​ថា​ ពួក​វា​អាច​ចុះ​កាល​បរិច្ឆេទ​បាន​ដោយ​មាន​ភាព​ជាក់​លាក់​ខ្ពស់​ និង​ត្រឹមត្រូវ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​៕

ហួន ឌីណា​