ប៉ូលិស​កូឡុំប៊ី​បាន​និយាយ​កាល​​ពី​ថ្ងៃ​ពុធ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស​ ៧០ នាក់​ បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​ ដែល​បាន​ប្រមូល​ផ្តុំ​រាប់​ពាន់​នាក់​ នៅ​ទូទាំង​ប្រទេស​ និង​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​។

ដោយ​ប្រជាជន​កូឡុំប៊ី​បាន​វិល​ត្រឡប់​ទៅ​តាម​ដង​ផ្លូវ​នានា ក្រោយ​ពី​ផ្អាក​រយៈពេល ១ ​សប្តាហ៍ ​ការ​ប៉ះទង្គិច​ជា​មួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​បណ្តាល​ជន​ស៊ីវិល​​រាប់​សិប​នាក់ ​រង​របួស​នៅ​​ក្នុង​ទីក្រុង​បូហ្គោតា​ មេ​ដែលលីន ​និង​កាលី​។ នេះ​បើ​យោង​​តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ។

រដ្ឋាភិបាល​បាន​ពិពណ៌នា​ការ​​តវ៉ា​ទាំង​នោះ​ថា ​ធ្វើ​ឡើង​ដោយ​សន្តិវិធី។

ស្ថាប័ន​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «ក្នុង​​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ ប៉ូលិស​ជាតិ​បាន​ចាប់​ខ្លួន​មនុស្ស​ ៧០ នាក់​ ៦៩ នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​ទីក្រុង​មួយ​ចំនួន​កាល​ពី​ថ្ងៃទី​ ២០ ​កក្កដា ​និង​ម្នាក់​ទៀត​ត្រូវ​បាន​​ចាប់​ខ្លួន​ពី​បទ​អំពើ​មនុស្ស​ឃាត។

ការ​ចោទ​ប្រកាន់​ទាំង​នោះ ​បាន​​​រាប់​បញ្ចូល​ការ​បិទ​ផ្លូវ​សាធារណៈ​ការ​ធ្វើ​ឱ្យ​ខូច​ទ្រព្យសម្បត្តិ ​ការ​គប់​សម្ភារ​ ឬ​របស់​ដែល​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​ និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។

រដ្ឋាភិបាល​បាន​អះអាង​ថា ​ក្រុម​ប្រដាប់​អាវុធ​បាន​លួច​ជ្រៀត​ចូល​ក្នុង​ការ​តវ៉ា​ទាំង​នោះ​។

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កូឡុំប៊ី​​បាន​រាយការណ៍​ថា ​មនុស្ស ៥០ ​​នាក់ ​បាន​រង​របួស​ក្នុង​បាតុកម្ម​កាល​​ថ្ងៃ​អង្គារ ​ក្នុង​នោះ​មាន​ជន​ស៊ីវិល​ ២៤ ​នាក់ ​និង​ភ្នាក់ងារ ​២៦ នាក់។

ប្រទេស​នេះ​ត្រូវ​រង្គោះរង្គើ​ដោយសារ​ការ​តវ៉ា​ជាច្រើន​សប្តាហ៍​ដែល​​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​មេសា ​ក្នុង​ការ​ប្រឆាំង​សំណើ​ដំឡើង​ពន្ធ​ដែល​បាន​ក្លាយ​ជា​មហា​ចលនា​ប្រឆាំង​រដ្ឋបាល​ស្តាំ​និយម​របស់​លោក​ប្រធានាធិបតី ​អ៊ីវ៉ាន ​ឌូកេ។​

ក្រុម​បាតុករ​បាន​ទាមទារ​ឱ្យ​បញ្ចប់​ការ​បង្ក្រាប​របស់​ប៉ូលិស​ និង​ឱ្យ​មាន​គោល​នយោបាយ​សាធារណៈ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺរា​តត្បាត​កូវីដ ១៩ ​ដោយ​ ៤០ ​ភាគរយ​នៃ​ប្រជាជន​ ៥០ ​លាន​​​នាក់​របស់​ប្រទេស​នេះ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

សហគមន៍​អន្តរជាតិ​បាន​ថ្កោល​ទោស​ការ​ឆ្លើយ​តប​របស់​សន្តិសុខ​​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ៦០ ​នាក់​ស្លាប់​។

ក្រុម​ធំ​មួយ​តំណាង​ឱ្យ​អ្នក​តវ៉ា​ដែល​គេ​ហៅ​ថា ​គណៈកម្មាធិការ​កូដកម្ម​ជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃទី ១៦ ​ថា ​ខ្លួន​នឹង​ផ្អាក​ធ្វើ​បាតុកម្ម ​ទោះបី​ជា​ក្រុម​តូចៗ​ បន្ត​ធ្វើ​ និង​ដាក់​របាំង​បិទ​ផ្លូវ​ក្តី​។ ​

គណៈកម្មាធិការ​នេះ​បាន​អំពាវនាវ​ឱ្យ​ធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារ​ ជា​ថ្ងៃ​ឯករាជ្យ​របស់​ប្រទេស​កូឡុំប៊ី​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ដាក់​សំណើ​ពន្ធ​ថ្មី​មួយ​ជូន​សភា​។

កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​បាន​​ដាក់​ជូន​ក្រុម​សមាជិក​សភា​នូវ​សេចក្តី​ព្រាង​ច្បាប់​មួយ​ ដើម្បី​ធ្វើ​​កំណែ​ទម្រង់​ប៉ូលិស​ដែល​ត្រូវ​បាន​​គេ​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​បំពាន​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ស៊ីវិល។

រដ្ឋាភិបាល​បាន​ស្នើសុំ​ឱ្យ​​​ផ្តល់​ការ​ហ្វឹកហាត់​​ឱ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​មន្ត្រី និង​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​ពួក​គេ​​​នៅ​ពេល​ធ្វើ​ការ​ចាប់​ខ្លួន ​​ឬ​អ្នក​ដែល​បដិសេធ​មិន​ឱ្យ​ថតរូប ខណៈ​ដែល​កំពុង​បំពេញ​ការងារ​របស់​ពួក​គេ​នោះ។

ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ស្នើសុំ​ដក​​ប៉ូលិស​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ក្រសួង​ការពារ​ជាតិ ​ដែល​ត្រូវ​បាន​​ទាមទារ​ដោយ​ក្រុម​អ្នក​តវ៉ា​ទេ៕​​