ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ លោក ចូ​ បៃដិន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​មាន​សភាព និង​ស្ថានភាព​ថេរ​ដូចជា​ការ​ឡើង​ភ្នំ ដែល​មាន​កម្ពស់​ខ្ពស់​​ បន្ទាប់​ពី​ចូល​កាន់​តំណែង​ក្នុង​សម័យ​មួយ​នៃ​ភាព​ងងឹត​ ដោយ​មាន​ជនជាតិ​អាមេរិក​ច្រើន​ជាង ៣ ០០០ នាក់ ​បាន​ស្លាប់​ដោយសារ​ជំងឺ​​កូវីដ ១៩​ ជា​រៀងរាល់​ថ្ងៃ​។ លោក​បាន​រៀបរាប់​​ថា​៖ «វា​នឹង​មិន​មាន​ភាព​ងាយ​ស្រួល​ទេ»។​

សារពត៌មាន​ស៊ីអិនអិន​បាន​រាយការណ៍​​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ ​កើន​ឡើង​វិញ​ ការ​ប្រេះ​ឆា​ផ្នែក​នយោបាយ​ និង​ភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​ជោគ​វាសនា​នៃ​របៀបវារៈ​គោល​នយោបាយ​របស់​លោក​ បៃដិន ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បាន​ធ្វើ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​ដឹង​ច្បាស់​ថា​ រដ្ឋបាល​លោក​ បៃដិន កំពុង​ប្រឈម​មុខ​នឹង​ពេល​វេលា​​ដ៏​លំបាក​មួយ។

១ ​ភាគ ៨ ​នៃ​អាណត្ដិ​របស់​គាត់​បាន​បញ្ចប់​ទៅ​ហើយ លោក ​បៃដិន​ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​អំពី​លទ្ធផល​ជឿន​លឿន​ដ៏​សំខាន់​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ឆ្ពោះ​ទៅ​រក​ភាព​រស់រវើក​នៃ​សេដ្ឋកិច្ច​ និង​ការ​ស្តារ​ភាព​ជា​អ្នក​ដឹកនាំ​ពិភព​លោក​របស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ​ហើយ​បាន​និយាយ​ថា​ ជោគជ័យ​ដែល​លោក​សម្រេច​បាន​ គឺ​ដោយសារ​មាន​ជនជាតិ​អាមេរិក​ភាគ​ច្រើន​នៅ​ពី​ក្រោយ​រូប​លោក។

លោក បៃដិន ​មាន​អំណះអំណាង​មួយ​ចំនួន​សម្រាប់​គាំទ្រ​ការ​លើក​ឡើង​របស់​លោក​ដែល​ថា ​មាន​ជនជាតិ​អាមេរិក​ជា​ច្រើន​នៅ​គាំទ្រ​លោក​ដោយ​យោង​ទៅ​លើ​ការ​វាយ​តម្លៃ​នៃ​ការ​យល់ព្រម​ និង​ពេញ​ចិត្ត​របស់​ប្រជាជន​មក​លើ​រូប​លោក​ដែល​អត្រា​គាំទ្រ​របស់​លោក ​បៃដិន ​នៅ​តែ​មាន​ស្ថិរភាព​ប្រហែល​ជាង​ ៥០ ​ភាគរយ ​ដែល​ខ្ពស់​ជាង​អតីត​ប្រធានាធិបតី​លោក ​ដូណាល់​ ត្រាំ​។ លោក បៃដិន ​បាន​និយាយ​ដោយ​សុទិដ្ឋិនិយម​តាម​ធម្មតា​ថា៖ «ខ្ញុំ​គ្រាន់​តែ​គិត​ថា ​គ្មាន​អ្វី​ដែល​អាមេរិក​ មិន​អាច​ធ្វើ​បាន​ទេ​នៅ​ពេល​ដែល​ជនជាតិ​អាមេរិក​ទាំង​អស់​ធ្វើ​វា​ជាមួយ​គ្នា”។

លោក​ បៃដិន ​បាន​អនុម័ត​សេចក្តី​ព្រាង​​ច្បាប់​ដើម្បី​ជួយ​សង្គ្រោះ​បញ្ហា​កូវីដ ១៩​ ដែល​មាន​ទំហំ​ជិត​ ២ សែន​កោដិ​ដុល្លារ​ ហើយ​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ធំធេង​ប្រឆាំង​នឹង​ភាព​ក្រីក្រ​របស់​កុមារ និង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​។ ការ​ចាក់​វ៉ាក់សាំង​របស់​​លោក​ បៃដិន ​បាន​ទៅ​ដល់​ប្រជាជន​ចំនួន​ ១៦០ ​លាន​នាក់​ហើយ​។

មាន​​មនុស្ស​រាប់​លាន​នាក់​បាន​ចេញ​ពី​ការ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ​ហើយ​ចេញ​​ក្រៅ​នៅ​តាម​ផ្លូវ​ហាយវេ​ និង​បាន​ជួបជុំ​កា​គ្រួសារ​ប្រកប​ដោយ​ភាព​រីករាយ​។ លោក​ប្រធានាធិបតី​ក៏​បាន​បង្កើត​ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ផង​ដែរ​ ដែល​ជា​ចំណុច​ស្នូល​នៃ​តំណែង​ប្រធានាធិបតី​របស់​លោក​ទាំង​នៅ​ក្នុង​ប្រទេស ​និង​ក្នុង​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក។

ចំណែកឯ​នៅ​ក្រៅ​ប្រទេស​វិញ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ការ​លួច​យក​ទិន្នន័យ​តាម​គេហទំព័រ​តាម​អ៊ីនធឺណិត​ ពី​ប្រទេស​រុស្ស៊ី​ និង​ចិន​ បាន​បង្ហាញ​ថា​ វា​ជា​រឿង​មួយ​ដែល​អាច​​បង្ហាញ​ឱ្យ​ឃើញ​ថា «អាមេរិក​វិល​ត្រឡប់​មក​វិញ​ហើយ​»។

ដោយ​ឆ្លង​កាត់​ចំណាត់ការ​ និង​វិធានការ​នៅ​ក្នុង​រយៈពេល​ ៦ ខែ​ដំបូង​នៅ​ក្នុង​អាណត្តិ​របស់​លោក​ បៃដិន​ នៅ​ក្នុង​សេតវិមាន​ គឺ​ជា​មេរៀន​មួយ​ដែល​បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​នៃ​ក្រឹត្យក្រម​របស់​តំណែង​ប្រធានាធិបតី​ទំនើប​នៅ​សហរដ្ឋអាមេរិក​។ ជ័យជម្នះ​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​របស់​លោក​ បៃដិន ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​មិន​បាន​ផ្តល់​ឱ្យ​គាត់​នូវ​អំណាច​ពេញលេញ​ ដើម្បី​សម្រេច​ចិត្ត​នៅ​ក្នុង​ព្រឹទ្ធសភា​ និង​ក្នុង​សភា​នោះ​ទេ។

លោក​ បៃដិន​ បាន​ពន្យល់​ថា​ គាត់​ជឿជាក់​ថា ​លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ​អាមេរិក​ជ្រើសរើស​មិនមែន​មក​ដើម្បី​តែ​បញ្ចប់​ជំងឺ​រាតត្បាត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​គេ​ផ្តល់​ជំនឿ​ចិត្ត​ឱ្យ​លោក​​ដើរ​តួ​ជា​អ្នក​ជួសជុល​បញ្ហា​របស់​អាមេរិក​ផង​ដែរ​៕

មឹង ច័ន្ទសុម៉ានីតា