បើ​ទោះបី​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​ ១៩​ មាន​សមត្ថភាព​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​ពី​ជំងឺ​នេះ​ក៏​ដោយ ក៏​មនុស្ស​ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ ២ ដូស​ហើយ នៅ​តែ​អាច​ធ្លាក់​ខ្លួន​ឈឺ ​និង​ស្លាប់​ដោយសារ​វីរុស​នេះ​ (ករណី​កម្រ)។

នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ការ​ស្ទង់​មតិរបស់ ​NBC​ លើ​មន្ត្រី​សុខាភិបាល​ទូទាំង​សហរដ្ឋ​អាមេរិក​ដែល​ក្រុម​អាយុ​​ងាយ​រងគ្រោះ​ថ្នាក់​​ជាង​គេ​ គឺ​ក្រុម​អាយុ​ដែល​មាន​អាយុ​​ ៦៥ ​ឆ្នាំ​ឡើង​ ឬ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ ឬ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ដទៃ​ទៀត។

មនុស្ស​ស្ថិត​ក្រុម​វ័យ​នេះ គឺ​ជា​ក្រុម​ងាយ​រង​ផល​វិបាក​ធ្ងន់ធ្ងរ​បំផុត​នៃ​ជំងឺ​កូវីដ ១៩ ​ចាប់​តាំង​ពី​មាន​ការ​រាត​ត្បាត​មក ហើយ​និន្នាការ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​មិន​មែន​តែ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ ​ពោល​វា​ក៏​កើត​ឡើង​នៅ​ប្រទេស​ដទៃ​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត​ Robert B. Darnell ជា​អ្នក​ជីវគីមី​​វិទ្យា​នៅ​សាកល​វិទ្យាល័យ ​Rockefeller ក្នុង​ទីក្រុង​ញូវយ៉ក​​មាន​ប្រសាសន៍​ថា៖​ «​វ៉ាក់សាំង​កូវីដ ១៩ ​មាន​ឥទ្ធិពល​​ខ្លាំង​ក្នុង​ការពារ​ជំងឺ។ ពួក​គេ​មាន​ប្រសិទ្ធភាព​​ល្អ​ណាស់»។​

ចំណែក​ឯ​លោក Roy M. Gulick​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ជំងឺ​ឆ្លង Weill Cornell Medicine នៅ​ញូវយ៉ក​បាន​ឱ្យ​ដឹង​ដែរ​ថា៖ «ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ករណី​​​ស្នាក់នៅ​មន្ទីរពេទ្យ​ប្រមាណ ៩៧ ភាគរយ ​​នៃ​អ្នក​ជំងឺ​សុទ្ធ​តែ​​ជា​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​។ ​ហើយ​អ្នក​ស្លាប់​ដោយសារ​កូវីដ ១៩ នៅ​អាមេរិក​ សុទ្ធ​តែ​ជា​អ្នក​មិន​បាន​​ទទួល​បាន​វ៉ាក់សាំង​ទាំង​អស់»។

លោក Anthony S. Fauci ​វេជ្ជបណ្ឌិត​ជំងឺ​ឆ្លង​កំពូល​របស់​អាមេរិក​បាន​ឱ្យ​ដឹង៖ «ការ​ឆ្លង​កូវីដ បើ​ទោះ​ចាក់​វ៉ាក់សាំង​ហើយ​ មិនមែន​មាន​ន័យ​ថា​ វ៉ាក់សាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ​។ វា​នៅ​តែ​បំពេញ​នាទី​របស់​វា​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ករណី​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​ផង​ដែរ​»។

វ៉ាក់សាំង Pfizer-BioNTech ​ដែល​ជា​វ៉ាក់សាំង​ប្រភេទ​ mRNA ចំនួន ២ ដូស​ មាន​ប្រសិទ្ធ​ភាព​ដល់​ទៅ​ ៨ ​ភាគរយ​​ក្នុង​ការ​បញ្ឈប់​​វ៉ារ្យ៉ង់​ Delta ពី​ការ​បង្ក​រោគ​សញ្ញា​។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេស​។ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ប្រាប់​កាសែត​ The Washington Post ​កាល​ពី​ដើម​ខែ​នេះ​​ថា​ ​វ៉ាក់សាំង​ដែល​ប្រើ​បច្ចេកវិទ្យា mRNA ដែរ​នោះ ​គឺ​ Moderna ក៏​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​។

យ៉ាង​ណា​មិញ​ការ​សិក្សា​នៅ​មន្ទីរពិសោធន៍​​​ផ្សេង​ទៀត​ដូចជា​ របាយការណ៍​វេជ្ជសាស្ត្រ​អង់គ្លេស​ New England Journal of Medicine ចេញ​ផ្សាយ​ក្នុង​ខែ​កក្កដា ​បាន​ឱ្យ​ដឹង​ថា ​វ៉ាក់សាំង​ Johnson & Johnson អាច​ផ្តល់​នូវ​ការ​ឆ្លើយ​តប​ប្រឆាំង​នឹង​វ៉ារ៉្យង់​ Delta បាន​ជាច្រើន​ខែ​បន្ទាប់​ពី​ចាក់​រួច។

វា​ជា​ការ​យល់ច្រឡំ​មួយ​ដែល​ថា ​វ៉ាក់សាំង​ធ្វើ​ឱ្យ​មនុស្ស​មាន​ភាព​ស៊ាំ​ទាំង​ស្រុង​ និង​អាច​ទប់ទល់​នឹង​វីរុស​ណា​មួយ​​។ លោក Sten H. Vermund​ អ្នក​ជំនាញ​ផ្នែក​រោគ​ឆ្លង​ និង​ជា​ព្រឹទ្ធបុរស​នៃ​សាលា​សុខភាព​សាធារណៈ​ Yale ​បាន​និយាយ​ថា​ ការ​យល់​ឃើញ​បែប​នេះ​ គឺ​ខុស​ទាំង​ស្រុង។​

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​វ៉ាក់សាំង​អាច​​ការពារ​យើង​មិន​ឱ្យ​ឆ្លង​រោគ​ ប៉ុន្តែ​មិន​មែន​បញ្ឈប់​មិន​ឱ្យ​ឈប់​ឆ្លង​រហូត​នោះ​​ទេ ហើយ​​មិនមែន​ការ​ឆ្លង​ទាំង​អស់​សុទ្ធ​តែ​មើល​​ដឹង​នោះ​ទេ ​ពេល​ខ្លះ​វីរុស​អាច​មាន​នៅ​​​ក្នុង​ច្រមុះ​ ឬ​មាត់​ ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា ​អស់​កម្លាំង ​​ឈឺក្បាល​ បាត់បង់​ក្លិន​ ឬ​រោគសញ្ញា​​កូវីដ​ផ្សេង​ទៀត​នោះ​ទេ​ ករណី​នេះ​គេ​ហៅ​ថា​ asym ptomatic។ ​ដូច្នេះ​ហើយ​ទើប​គេ​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​ជា​ញឹកញាប់​ ដើម្បី​ឱ្យ​ដឹង​ថា​ យើង​បាន​ឆ្លង​កូវីដ​ ១៩​ ឬ​យ៉ាង​ណា។​

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ (CDC) ​នៅ​​ចុង​ខែ​មេសា បាន​រាយការណ៍​​អំពី​ករណី​​ជាង ១ ​ម៉ឺន​ករណី​ ដែល​ឆ្លង​កូវីដ​ ១៩ ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ ១០១ ​លាន​នាក់​ (ឬ​ប្រហែល​ ១ ​ករណី ​ក្នុង​ចំណោម​មនុស្ស ​១០ ០០០ ​នាក់)៕