​លេខទូរស័ព្ទ​របស់​​រាជវង្ស​​​ឌូបៃ​ ២ អង្គ​ គឺ​ព្រះនាង​ម្ចាស់​ Latifa ​និង​ព្រះនាង​ម្ចាស់​ Haya​ ត្រូវ​បាន​ប្រទះឃើញ​ក្នុង​កម្មវិធី​​អង្កេតលើ​ទូរស័ព្ទ​​​​​ឈ្មោះ ​Pegasus ​ដែល​គេ​ដឹង​ថា​ជា​វិធីសាស្រ្ត​របស់​រដ្ឋាភិបាល​អារ៉ាប់​រួម ​​លួច​ស្តាប់​ និង​តាម​ដាន​ទូរស័ព្ទ​របស់​ក្រុម​​​គោលដៅ​។​

លេខ​ទូរស័ព្ទ​របស់​អង្គ​ក្សត្រី​ទាំង ​២ អង្គ​ ស្ថិតក្នុង​ចំណោម​​​បញ្ជី​​លេខ​ទូរស័ព្ទ​ចំនួន​ ៥០ ០០០​ របស់​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​ផល​ប្រយោជន៍​របស់​អតិថិជន​​ក្រុម​ហ៊ុន​អ៊ីស្រាអែល ​NSO Group ​ហើយ​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​សារព័ត៌មាន​ធំៗ​។​

​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈនេះ​​ ព្រះនា​ង​ម្ចាស់ ​Latifa​​​ ដែល​ជា​បុត្រី​របស់​ស្ដេច​ Sheikh​ Mohammed​ បាន​និយាយ​នៅ​ក្នុង​វីដេអូ​សម្ងាត់​ដែល​បែក​ធ្លាយ​មួយ​ថា​ ទ្រង់​ត្រូវ​បាន​គេ​ចាប់​​ឃុំ​ឃាំង​ បន្ទាប់​ពី​ព្យាយាម​រត់​គេច​ខ្លួនពី​​ក្រុង​ឌូបៃ​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។​

ចំណែក​ឯ​ព្រះនាង​ម្ចាស់​ Haya ​ដែល​ជា​មហេសី​របស់​​ស្ដេច ​Sheikh​ Mohammed​ វិញ​ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​ឌូបៃ​កាល​ពី​ឆ្នាំ​ ២០១៩ ​ដោយ​ហេតុថា​ ព្រួយ​បារម្ភ​ផ្នែក​សុវត្ថិភាព​ ក្រោយ​ពី​អាពាហ៍​ពិពាហ៍​របស់​ទ្រង់​បាន​បែក​បាក់​​ ព្រោះ​តែ​ព្រះនាង​ បាន​សង្ស័យ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះ​នាង​ម្ចាស់ ​Latifa​។​

យ៉ាង​ណា​មិញ​ រាជ​វាំង​របស់ប្រទេស​​អារ៉ាប់​រួម​មួយនេះ បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​របស់​ក្សត្រី​ទាំង​២​អង្គ​នេះ​។​

ទាក់​ទង​នឹង​ការ​លេច​ចេញ​​ខ្សែ​ទូរស័ព្ទ​ថ្មី​ៗ​ បាន​នាំឱ្យមាន​សំណួរ​លើក​ឡើង​​​ថា​តើ​ក្សត្រី​ទាំង​២​អង្គ ​អាច​ជា​គោលដៅ​​របស់​អតិថិជន​រដ្ឋាភិបាល​​ទិញ​កម្មវិធី​ប្រតិបត្តិការ​ឃ្លាំមើល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​នៃ​ក្រុម​ហ៊ុន​នេះ​ ឬ​យ៉ាង​ណា​។​ អង្គការ​សិទ្ធិ​មនុស្ស ​Amnesty​ International ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ចោទ​ប្រកាន់​ថា​ ការ​រក​ឃើញ​ពាក់​ព័ន្ធ​របស់​ក្រុម​ហ៊ុន​ NSO ​Group​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​​​ធ្វើ​ឱ្យ​​ក្សត្រី​ទាំង​២ រង​ការ​រំលោភ​បំពាន​។​ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​ បាន​បដិសេធ​៕

ហួន​ ឌីណា