ចក្រភព​អង់គ្លេស​មាន​ផែនការ​ក្នុង​ការ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ចំនួន ២ គ្រឿង​ ដើម្បី​ឱ្យ​ទៅ​ឈរ​ជើង​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​​លោក Ben Wallace រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស អំឡុង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ​។

លោក Wallace បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន ​រយៈ​ពេល ២ ថ្ងៃ កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​លោក​បាន​ចូល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​អង់គ្លេស​លើក​នេះ ធ្វើ​ឡើង​ដើម្បី​រឹត​ចំណង​មិត្តភាព​ ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ជប៉ុន និង​អង់គ្លេស​ខណៈ​ប្រទេស​ទាំង​ ២​ នេះ ​សន្យា​គ្នា​ថា «ប្រឆាំង​ដាច់​ខាត​នឹង​ការ​​ប្រព្រឹត្ត​សកម្មភាព​ឯកតោភាគី​ណា​មួយ ដែល​​ប៉ុនប៉ង​ផ្លាស់​ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន ដោយ​កម្លាំង​ប្រដាប់​អាវុធ ឬការ​គំរាមកំហែង ក៏​ដូច​ជា​សកម្មភាព​បញ្ឆេះ​បង្ក​ជា​ជម្លោះ​ណា​មួយ»។​​

តែទោះជា​យ៉ាង​ណា​ ផែនការ​នៃ​ការ​បញ្ជូន​នាវា​ទាំង ​២ គ្រឿង​ មិន​ទាន់​បាន​បញ្ចេញពី​ព័ត៌មាន​​លម្អិត​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា នាវា​ទាំង ២ ​គ្រឿង​នេះ ​មាន​ឈ្មោះ​ថា HMS Spey និង HMS Tamar​ ជា​នាវា​ល្បាត​ក្រៅ​ឆ្នេរ​សមុទ្រ (Offshore Patrol Vessels)។

អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​អង់គ្លេស​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាវា​ទាំង​២គ្រឿង​នេះ ​នឹង​មិន​មាន​មូលដ្ឋាន​អចិន្ត្រៃយ៍​នោះ​ទេ។ ចំណែក​ឯ​ខាង​ក្រសួង​ការពារ​ជាតិ​បាន​បង្ហើប​​ថា ប្រតិបត្តិការ​នៃ​នាវា​ទាំង​ ២ នេះ​ នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​សីហា ជាមួយ​នឹង​ការ​ទំនុក​បម្រុង​ពី​សំណាក់​ប្រទេស​ជា​ដៃ​គូ ដែល​មាន​ដូច​ជា អូស្ត្រាលី ជប៉ុន និង​សិង្ហបុរី។

ខាង​សហរដ្ឋអាមេរិក តាម​រយៈ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​ បាន​សាទរ​អង់គ្លេស​ចំពោះ​ «ការ​ប្ដេជ្ញា​ចិត្ត​ទៅ​នឹង​ បណ្ដាញ​ត​ភ្ជាប់​គ្នា​នៃ​ក្រុម​សម្ព័ន្ធមិត្ត និង​ដៃ​គូ ដែល​សហការ​គ្នា​ទៅ​វិញ​ទៅ​មក និង​គាំទ្រ​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​សណ្ដាប់ធ្នាប់​ប្រកប​ដោយ​ច្បាប់ នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ចំណែក​ឯ​ក្រសួង​ការបរទេស​ចិន តាម​រយៈ​អ្នកនាំពាក្យ​លោក Zhao Lijian បាន​លើកឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋធានី​ប៉េកាំង​គោរព​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​របស់​ប្រទេស​ទាំង​អស់ នៅ​លើ​ដែន​ទឹក​ជុំ​វិញ​ប្រទេស​ចិន ប្រសិន​បើ​ធ្វើ​សម​ស្រប​តាម​ច្បាប់​អន្តរជាតិ។

លោក​គូស​បញ្ជាក់​ថា «ចិន​ប្រឆាំង​ដាច់​ខាត​ចំពោះ​ប្រទេស​ណា​ក៏​ដោយ ដែល​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ​ទៀត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ដោយ​តស៊ូ​មតិ​ឱ្យ​ប្រើប្រាស់​កម្លាំង​បាយ​នោះ​ឡើយ»។

អ្នក​វិភាគ​នៃ​សារព័ត៌មាន​ចិន Global Times បាន​យល់​ឃើញ​ថា ការ​បញ្ជូន​នាវា​ចម្បាំង​របស់​អង់គ្លេស​ទៅ​កាន់​តំបន់​នេះ «ផ្ដល់​ការ​គំរាម​កំហែង​ដល់​ចិន​ក្នុង​ផ្លូវ​នយោបាយ ជា​ជាង​ខាង​ផ្លូវ​យោធា» ដោយ​សារ​តែ​នាវា​ទាំង​នេះ​ មិន​មាន​អានុភាព​ប្រៀប​បាន​នឹង​កង​កម្លាំង​របស់​ចិន ​បាន​ទេ។

ចំណែក​ឯ​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​សន្តិសុខ​អាស៊ី​បូព៌ា លោក Steven Stashwick បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ The Diplomat ថា នាវា​ល្បាត​ដែល​អង់គ្លេស​គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក «អាច​នឹង​មាន​ទំហំ​តូច ដែល​ប្រដាប់​ត្រឹម​តែ​កាំភ្លើង​ធំ​ខ្នាត​តូច និង​មិន​មាន​ប្រដាប់​ដោយ​អាវុធ​មីស៊ីល​នោះ​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ លោក Zhou Chenming អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​យោធា Yuan Wang ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​លើកឡើង​ថា សមត្ថភាព​ប្រយុទ្ធ​របស់​កង​នាវី​អង់គ្លេស ​មិន​អាច​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​ចិន​ទេ តែ​នេះ​ជា​សញ្ញា​មួយ​ថា អង់គ្លេស​អាច​នឹង​ជួយ​បំពេញ​បន្ថែម​សមត្ថភាព​យោធា​អាមេរិក ហើយ​ក៏​ជា​សញ្ញា​ថា អាមេរិក​កំពុង​តែ​ខ្វះ​កងទ័ព​ និង​នាវា​ចម្បាំង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​និយាយ​របស់​លោក​ប្រាប់​ South China Morning Post។

លោក Cheung Mong សាស្ត្រាចារ្យ​ជំនួយ​ ដែល​ច្រើន​តែ​សិក្សា​អំពី​ទំនាក់ទំនង​ជប៉ុន និង​ចិន នៅ​ក្នុង​សាកលវិទ្យាល័យ Waseda បាន​ប្រាប់​សារព័ត៌មាន​ South China Morning Post ថា ការ​បញ្ជូន​នាវា​របស់​អង់គ្លេស​នេះ អាច​ជា​សកម្មភាព​មួយ ដែល​អង់គ្លេស​ព្យាយាម​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់ ខណៈ​ប្រទេស​នេះ ​មាន​បំណង​ចង់​ចូល​រួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ និង​វឌ្ឍនភាព សម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​-ប៉ាស៊ីហ្វិក ដែល​ជា​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី ដែល​ដឹកនាំ​ដោយ​ជប៉ុន។

ការ​ប្រកាស​ពី​ផែនការ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​អង់គ្លេស​មាន​គម្រោង​បញ្ជូន​នាវា​ចម្បាំង​ខ្នាត​ធំ​មាន​ផ្ទុក​យន្តហោះ HMS Queen Elizabeth អម​ជាមួយ​នាវា​របស់​កងទ័ព​ជើងទឹក​ភូមិន្ទ​អង់គ្លេស ដើម្បី​មក​ធ្វើ​ទស្សនកិច្ច​កាន់​កំពង់ផែ​យោធា​ចំនួន ៥ នៅ​ប្រទេស​ជប៉ុន​ ចាប់​ពី​ខែ​កញ្ញា​ខាង​មុខ​នេះ​ត​ទៅ។

មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន បណ្ដុំ​នាវា​របស់​អង់គ្លេស​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​កំពុង​តានតឹង ហើយ​ព្រម​ទាំង​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​នឹង​កង​កម្លាំង​មក​ពី​សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ជប៉ុន នូវែលសេឡង់ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​សមុទ្រ​ហ្វីលីពីន​ខាង​លិច​ក្នុង​ខែ​សីហា​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​។

​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែ​មាន​រឿង​តានតឹង​រវាង​ចិន និង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​ចិន​ទាមទារ​យក​ដែនដី​សមុទ្រ​នេះ​តាម​រយៈ ខ្សែ​បន្ទាត់​ ៩ ចំណុច ដែល​ក្ដោប​លើ​មួយ​ភាគ​ធំ នៃ​ដែន​សមុទ្រ​ជម្លោះ​នេះ។ ទាក់ទិន​នឹង​រឿង​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស លោក​ Wallace បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន The Times ថា «វា​មិន​មែន​ជា​រឿង​សម្ងាត់​នោះ​ទេ ដែល​ចិន​បង្ក​ជា​បញ្ហា​ប្រឈម​ទៅ​ដល់ ការ​ចេញចូល​ដោយ​ស្រប​ច្បាប់​នៃ​ច្រក​សមុទ្រ​អន្តរជាតិ»។

លោក​បាន​បន្ថែម​ថា «យើង​នឹង​គោរព​ចិន ហើយ​សង្ឃឹម​ថា ចិន​គោរព​យើង​ដែរ» លោក​បាន​សង្កត់​ធ្ងន់​ថា «យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ណា ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត»៕

ហ៊ីម រដ្ឋា