​វ៉ាស៊ីនតោន​: បញ្ហា​ប្រឈម​ប្រទេស​ហៃទី​ កំពុង​តែ​ជួប​ ក្រោយ​ប្រធានា​ធិបតី​របស់​ខ្លួន​​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ ធ្វើ​ឱ្យ​ K Street​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ជា​កន្លែង​ប្រមូល​ផ្ដុំ​​គូ​ប្រជែង​​នយោបាយ​ហៃទី​ មេដឹក​នាំ​ធុរកិច្ច​នានា​ ​ងាក​ទៅ​រក​ក្រុម​អ្នក​​បញ្ចុះ​បញ្ចូល​ និង​អ្នក​តស៊ូ​មតិ​ ឱ្យ​ធ្វើ​ជា​​អ្នក​តំណាង​សម្រាប់​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ កាន់​តែ​មាន​ភាព​មមា​ញឹក​ជាង​មុន​។​​

​ឯកសារ​បទ​សម្ភាស ​និងការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ចំណោម​អ្នក​នយោបាយ​ និង​ម​ន្រ្តី​ហៃទី​ បង្ហាញ​ពី​វិសាល​ភាព​នៃ​ផល​ប្រយោជន៍​ហៃទី​ ដើម្បី​ជួល​អ្នក​បញ្ចុះបញ្ចូល​ និង​អ្នក​ពិគ្រោះ​យោបល់​នៅ​វ៉ាស៊ីនតោន​ ​​ឱ្យ​ជួយ​ខ្លួន​យក​ឈ្នះ​ការ​គាំទ្រ​អាមេរិក​​​នៅ​ក្នុង​​ភាព​ច្របូក​ច្របល់​ដណ្ដើម​គ្នា​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៅ​​ហៃទី​។​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ថែមស៍​មាន​កិច្ច​សន្ទនា​ជា​ក្រុម​​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​ឃាតកម្ម​លោក​ប្រធានា​ធិបតី​ Jovenel​Moïse​ ដែល​រួម​មាន​មន្រ្តី​ហៃទី​ឥស្សរជន​នយោបាយ ​និង​ក្រុម​អ្នក​រកមតិ​គាំទ្រ​​អាមេរិក​ផង​បាន​បង្ហាញ​ពី​យុទ្ធសាស្រ្ត​អំពី​ការ​ប្រឆាំង​នឹង​ការ​រិះគន់​របស់​អាមេរិក​ រួម​ទាំង​គូ​ប្រជែង​ពោរពេញ​ដោយ​​​​សក្តានុពល​សម្រាប់​តំណែង​ប្រធានា​ធិបតី​ និង​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ទោស​​​ឃាតករ​។​

​​ការ​សន្ទនា​បាន​ចាប់​ផ្តើម​មុន​ពេល​ការ​ធ្វើ​ឃាត​និង​ដើម​ឡើយ​ក៏​មាន​​ទាំង​លោក ​Moïse​ ដែរ​ ទោះ​បី​​វា​ហាក់​ដូច​ជា​ស្តាប់​ទៅ​គួរ​ឱ្យ​អស់​សំណើច​ជាង​ មុន​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​នៅ​ខែ​កក្កដា​នេះ​។​

​អត្ថបទ​​ និង​ឯកសារ​ផ្សេង​ទៀត​ពី​ក្រុម​ហ៊ុន​នានា​រួម​ទាំង​ក្រុម​ហ៊ុន​ Mercury ​Public​ Affairs​ កំពុង​ធ្វើ​ការ​ជាមួយ​អ្នក​នយោបាយ​សម្ព័ន្ធ​មិត្ត​ដើម្បី​ចាត់​តាំង​អ្នក​ស្នង​តំណែង​បន្ទាប់​ពី​​ឃាតកម្ម​​។ ក្រុម​ហ៊ុន​នេះ​ហើយ​ ដែល​រដ្ឋាភិបាល​ហៃទី​​បាន​ផ្តល់​លុយ​យ៉ាង​តិ​ច​ ២៨៥ ០០០​ ដុល្លារ​ កាល​ពី​ពាក់​កណ្តាល​នៃ​ចុង​ឆ្នាំ​មុន​​។

​បន្ថែម​ពី​លើ​​នេះ ឯកសារ​​បង្ហាញ​ថា ​រដ្ឋាភិបាល​ហៃទី​កំពុង​ចំណាយ​សរុប​ ៦៧ ០០០ ដុល្លារ​ ក្នុង​ ១​ ខែ​ ដល់​អ្នក​​ឡប់ប៊ី (Lobby) ៣ ​នាក់​ផ្សេង​ទៀត​ឬ​ក្រុម​ហ៊ុន​របស់​ពួក​គេ​ ហើយ​អ្នក​ខ្លះ​បាន​រក្សា​អ្នក​បញ្ចុះបញ្ចូល​បន្ថែម​​ក្រោម​កិច្ច​សន្យា​បន្ត​​​។​

​ជាមួយ​គ្នា​នេះ​ក្រុម​នយោបាយ​ដែល​កំពុង​ប្រកួត​ប្រជែង​កំពុង​ស្វែង​រក​មធ្យោបាយ​ដើម្បី​​រកការគាំទ្រ​ពី​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​បេក្ខជន​របស់​ខ្លួន​។​ អតីត​សមាជិក​សភា​ហៃទី​ម្នាក់​ បាន​ពិភាក្សា​គ្នា​ជា​ច្រើន​អំពី​ការ​ជួល​អ្នក​ឡប់ប៊ី (Lobby) ​ដើម្បី​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ប្រធានា​ធិបតី​ព្រឹទ្ធសភា​របស់​ហៃទី ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​បណ្តោះ​អាសន្ន​របស់​ប្រទេស​។ ​​ក្រុម​អ្នក​នយោបាយ ​និង​ក្រុម​អ្នកមាន​​ផល​ប្រយោជន៍​​ដទៃ​ទៀត​នៅ​ហៃទី​ ក៏​​បាន​​ទៅ​​រក​​​អ្នក​ឡប់ប៊ី​​​ (Lobby) ​និង​អ្នក​ប្រឹក្សា​នយោបាយ​ ​ដែល​ស៊ី​ថ្លៃ​ខ្ពស់​រហូត​ដល់​ ១០​ លាន​ដុល្លារ​ ឬ​ច្រើន​ជាង​នេះ​សម្រាប់​ជំនួយ​របស់​ពួក​គេ​។​

​លោក ​Christopher​ Harvin អតីត​មន្រ្តី​រដ្ឋបាល​លោក ​Bush ​ដែល​ធ្វើ​ការ​ជា​អ្នក​​ឡប់ប៊ី (Lobby)​ និង​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​សម្រាប់​អតិថិជន​នៅ​ជុំវិញ​ពិភព​លោក​បាន​និយាយថា​​៖ ​​«​បុគ្គលិក​លក្ខណៈ​ផ្សេងៗ​គ្នា​កំពុង​លេង​ដើម្បី​តំណែង​ក្នុង​ក្តី​សង្ឃឹម​ថា ​ស​ហរដ្ឋ​អាមេរិក​អាច​បង្កើន​ជំហរ​របស់​អ្នកនយោបាយ​ទាំង​នោះ​តាម​មធ្យោបាយ​ណា​មួយ​»​។​

​​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​យុទ្ធនាការ​នេះ​នឹង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​។​ ប៉ុន្តែ​ការ​ជំរុញ​ការ​បញ្ចុះ​បញ្ចូល​ គឺ​ជា​ឧទាហរណ៍​ចុង​ក្រោយ​ពី​ទំហំ​ និង​​ការ​ឈោង​ចាប់​ក្រុង​វ៉ាស៊ីនតោន​រួម​ទាំង​តួនាទី​របស់​រដ្ឋាភិបាល​នេះ ​ក្នុង​ការ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​ការ​បរទេស​។​

​រដ្ឋា​ភិបាល​ហៃទី​បាន​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ទៅ​លើ​ការ​បញ្ចុះបញ្ចូល​ទីក្រុង​វ៉ាស៊ីនតោន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ឃាតកម្ម​លោក​ Moïse ​ខណៈ​អតីត​ប្រធានាធិបតី​រូប​នេះ ​បាន​ប្រឈម​នឹង​ការ​រិះគន់​ជា​ច្រើន​ជុំ​វិញ​កិច្ច​ប្រឹងប្រែង​របស់​លោក​​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ជា​ថ្មី​និង​រៀប​ចំ​ការ​បោះឆ្នោត​ ​ស្រប​ពេលមាន​បាតុកម្ម​ទាមទា​រឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​​​ទូទាំង​ប្រទេស​។​​

​មក​ទល់​ពេល​នេះ​ ​ភាព​វឹកវរ​ដណ្ដើម​អំណាច​គ្នា​​ បាន​ត្រឹម​តែ​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប៉ុណ្ណេះ។​ដំបូង​ឡើយ​សហរដ្ឋ​អាមេរិក​​បាន​​ទទួល​ស្គាល់​ថា​ ជា​មេដឹក​នាំ​បណ្តោះ​អាសន្ន​របស់​ប្រទេស​ហៃទី​គឺ​លោក​ Claude Joseph ​ដែល​ជា​នាយករដ្ឋ​មន្រ្តី​របស់​លោក​ Moïse​។ ការ​​គាំទ្រ​របស់​អាមេរិក​ចំពោះ​អ្នក​នយោបាយ​ជាន់​ខ្ពស់​រូប​នេះ​ ​​​បាន​មក​ពី​ការ​ពពាយនាយ​​របស់​ស្ថាន​ទូត​ហៃទី​ប្រចាំ​​ក្រុង​វ៉ាស៊ីនតោន​ និង​ Mercury ​ដែល​ជា​ក្រុម​ហ៊ុន​បញ្ចុះ​បញ្ចូល​នាំ​មុខ​គេ​របស់​ខ្លួន​។​

​ទោះ​យ៉ាង​នេះ​ក្ដី​ ​​​សមាជិក​ព្រឹទ្ធសភា ​១០​ រូប ​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​ហៃទី​ បាន​ជំទាស់​នឹង​ភាព​ស្រប​ច្បាប់​របស់​លោក​ Joseph​ ស្ទើរ​តែ​ភ្លាម​ៗ​ដោយ​និយាយ​ថា ​ពួក​គេ​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ហើយ​បាន​និយាយ​ថា​ លោក​Joseph​ Lambert​ ប្រធាន​ព្រឹទ្ធ​សភា​​គួរ​តែ​ក្លាយ​ជា​ប្រធានា​ធិបតី​។​

​កាល​ពី​ចុង​សប្តាហ៍​មុន​សហរដ្ឋ​អាមេរិក​បាន​ប្តូរ​ការ​គាំទ្រ​របស់​ខ្លួន​ពី​លោក​ Joseph ​ដែល​បាន​លា​ឈប់​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ចន្ទ​ ហើយ​ថា ​នឹង​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វិញ​ ទៅ​លោក​ Ariel ​Henry​ ​អ្នក​នយោបាយ​ដែល​មាន​ជំនាញ​ខាង​ផ្នែក​សរសៃ​ប្រសាទ​​​។​​ ការ​ផ្លាស់ប្តូរ​នេះ ​បាន​ទទួល​ការ​កោត​សរសើរ​ពី​ក្រសួង​ការបរទេស​ ប៉ុន្តែ​បង្ក​ជា​ការ​រិះគន់​ពី​លោក​ Lambert​។​

លោក​ Harvin​ បាន​និយាយ​ថា​ ​អ្នក​នយោបាយ​ហៃទី​ទាំង​ ៣​ នាក់​ បាន​ទាក់ទង​ទៅ​លោក​ ចាប់​​តាំង​​​ពី​​​មាន​​ការ​ធ្វើ​ឃាត​ប៉ុន្តែ​លោក​មិន​បាន​ចុះ​ហត្ថលេខា​លើ​នរណា​ម្នាក់​ទេ​។ ​លោក​បាន​និយាយ​ថា ​អាថ៌​កំបាំង​ជុំ​វិញ​ឃាតកម្ម​លោក​ Moïse​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ ​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ក្រុម​អ្នក​​​​ឡប់ប៊ី ​(Lobby) ឬក្រុម​ប្រឹក្សារ​យោបល់​។​

យ៉ាង​ណា​មិញ ​ខណៈ​ដែល​ភាព​ស្រពេច​ស្រពិល​នៃ​នយោបាយ​​ និង​ការ​ស៊ើប​អង្កេត​រឿង​ក្ដី​ឃាតកម្ម​នៅ​តែ​បន្ត​ ហៃទី​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​តែង​តាំង​លោក​ Henry​ ជំនួស​លោក ​Joseph​ ដែល​បាន​លា​ឈប់​​​។​

នាយក​រដ្ឋ​មន្រ្តី​ថ្មី​ ដែល​ធ្លាប់​ត្រូវ​បាន​តែង​តាំង​​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ ​លោក​​ Moïse​ ត្រូវ​បានគេ​​សម្លាប់​រូប​នេះ ​បាន​និយាយ​ថា​ គោល​បំណង​ធំ​បំផុត​ គឺ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​ប្ដូរ​ក្រុម​ប្រឹក្សា​បោះ​ឆ្នោត​ថ្មី​ ព្រោះ​ថា ​ក្រុម​នេះ​ ត្រូវ​បាន​លោក​ Moïse បង្កើត​​មិន​​ស្រប​​តាម​ច្បាប់​ ហើយ​ប្រជាជន​ក៏​មិន​ជឿ​ទុក​ចិត្ត​៕

ហួន​ ឌីណា​