មេធាវី​ទូទៅ​របស់​រដ្ឋ​ ១​ ​ក្រុម​នៅ​ស​ហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ដំណោះ​ស្រាយ​បញ្ហា​អ្នក​ញៀន​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​នៅ​សហរដ្ឋអាមេរិក​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំៗ​បង់​ជា​សំណង​ ២៦ ​ប៊ីលាន​ដុល្លារ​អាមេរិក​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ​Aljazeera​ សំណើ​ដំណោះស្រាយ​នេះ​ ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២១​​ កក្កដា ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​បំផុត​ចំនួន​ ៣​ របស់​អាមេរិក​មាន​ដូច​ជា​ McKesson​, Cardinal​ Health​ and​ Amerisource​ Bergen​ និង​ Johnson​&​ Johnson​។

លោក ​Letitial​ James​ ដែល​ជា​មេធាវី​ម្នាក់​មក​ពី​រដ្ឋ​ចំនួន​ ១៥ ​ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ បាន​និយាយ​ថា​៖ ​«​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ផលិត​ និង​ចែក​ចាយ​ថ្នាំ​ប្រភេទ​នេះ​ នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​ដូច្នេះ​ដោយ​មិន​គិត​ពី​អាយុ​ជីវិត​អ្នក​ប្រើ​ប្រាស់ ​ឬ​វិបត្តិ​ជាតិ​ឡើយ​»​។​

ថវិកា​ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំង​នោះ ​នឹង​ត្រូវ​បង់​ក្នុង​រយៈ​ពេល​ ១៨ ​ឆ្នាំ​។ ក្រុមហ៊ុន​ Johnson​&​Johnson​ ​នឹង​បង់​សំណង​នោះ​ក្នុង​រយៈ​ពេល​ ៩​ ឆ្នាំ​ ជា​មួយ​នឹង​ទឹក​ប្រាក់​រហូត​ដល់​ ៣,៧​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​​ ៣ ​ឆ្នាំ​ដំបូង​។ ថវិកា​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​ញៀន​ថ្នាំ​ប្រភេទ​នេះ​ ផ្គត់​ផ្គង់​​ក្រុម​​គ្រួសារ​​ដែល​ត្រូវ​ការ​ ការ​អប់រំ​ និង​កម្ម​វិធី​សង្គម​ផ្សេង​ៗ​ទៀត​។​

លោក​ Michael​ Ullmann​ អ្នក​ប្រឹក្សា​ទូទៅ​របស់​ក្រុមហ៊ុន​ Johnson​&​Johnson​ បាន​និយាយ​ថា​៖ ​ដំណោះ ស្រាយ​នេះ​នឹង​គាំទ្រ​ដោយ​ផ្ទាល់​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​ និង​ក្នុង​តំបន់​ដើម្បី​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្នក​ដែល​ញៀន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​៕