ក្រុមអ្នកជំនាញសន្តិសុខអ៊ីនធឺណិត កំពុងជំរុញឱ្យ​ក្រុមហ៊ុន​នានា​រៀបចំវិធានមួយ ដើម្បីជួយសម្រួលដល់​​​បុគ្គលិករបស់ខ្លួន​ក្នុង​​ការ​រាយការណ៍ស្ដីអំពី​ការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត។​ យ៉ាងណាមិញ ក្រុម​ហ៊ុន​ជាច្រើន​ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គំនិតផ្ដួច​ផ្ដើម​នេះ​រួច​ហើយ​។

នេះបើយោងតាម​ប្រធាន​ក្រុម​អ្នកជំនាញសន្តិសុខ​ ដែល​គំនិតផ្តួចផ្តើមនេះ​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ ព្រហស្បតិ៍ កន្លងទៅ​។

អ្នកស្រី Lisa Forte ប្រធាន​ក្រុម​សន្តិសុខ​អ៊ីនធឺណិត Red Goat Cyber Security បាន​និយាយ​ថា​ សូម្បីតែ​អ្នកស្រី​ ក៏ធ្លាប់​ទទួលបាន​នូវ​ការ​រំលោភបំពាន​តាមប្រព័ន្ធអ៊ីនធឺណិត ដែលរួមមាន​ការ​ផ្ញើ​នូវ​រូប​ភាព​អាសអាភាស​ និង​មិន​សួរ​មួយ​ចំនួន​ក្នុង​​គណនីផ្លូវការ LinkedIn Twitter និង Instagram របស់​អ្នកស្រី​ ហើយពួកទាំងនេះ មិន​មែន​ប្រើ​គណនីអនាមិកទេ។

ទោះយ៉ាងណា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម​ តែង​ត្រូវ​ប្រឈមមុខ​នឹងការរិះគន់ជានិច្ច ដោយសារ​វិធានការ​នៃ​​កា​​រឆ្លើយតប​នឹង​ការរាយការណ៍ស្ដីពី​ការរំលោភបំពាននៅមាន​លក្ខណៈស្រាល​។ ក្រុ​មហ៊ុន​បណ្ដាញ​​សង្គម​ទាំងនេះ ប្រើបច្ចេកវិទ្យា​ស្វ័យប្រ​វត្តិកម្ម​ផង និងមនុស្ស​ផង ដើម្បី​កំណត់​ និង​ឆ្លើយត​បចំ​ពោះ​ការរំលោភបំពានទាំងនេះ។

លោកស្រី Forte បាននិយាយថា៖ «យើង​អាចមានអារម្មណ៍ថា វេទិកាសង្គម​ទាំង​នេះ​ និងប៉ូលិស ដូចមិនបាន​ធ្វើអន្តរាគមន៍អ៊ីចឹង ហើយបើប្ដឹងមេធាវី​ ត្រូវ​ចំណាយថវិកាច្រើន ហើយ​បណ្ដឹង​ជា​សាធារណៈ​បែបនេះ​ អាច​នឹង​មានលក្ខណៈអវិជ្ជមាន។ ដូច្នេះ ដំណោះស្រាយល្អបំផុត​ ដែល​យើង​មា​ន​គឺ​ប្រសិនបើ យើងអាច​កំណត់​អ្នក​រំលោភបំពាន​ យើងត្រូវរាយការណ៍ទៅ​និយោជិត»។

អ្នកស្រីបន្តថា៖ «យើងមិននិយាយថា ក្រុមហ៊ុនត្រូវ​ទទួលខុសត្រូវ​ ចំពោះអាកប្បកិរិយានោះទេ ប៉ុន្តែពួកគេ​ ​អាចសម្រេចចិត្ត​លើ​វិធី ដែលសមស្របបំផុតក្នុងការដោះស្រាយ​បញ្ហានេះ»៕