ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​កូវីដ ១៩​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ខែ​ឧសភា​។ បន្ទាប់​ពី​ចំនួន​ករណី​​វិជ្ជមាន​កើន​ឡើង​ខ្លាំង​ ប្រជាពលរដ្ឋ​​ឥណ្ឌូនេស៊ី​ដែល​លទ្ធផល​​វិជ្ជមាន​កូវីដ ១៩​ កម្រិត​ស្រាល​តម្រូវ​ឱ្យ​​ព្យាបាល​ និង​ដាក់​​ខ្លួន​អោយ​ដាច់​ដោយ​ឡែក​នៅ​គេហដ្ឋាន​របស់​ពួក​គេ​។

ការ​​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ ​​​បណ្តាល​ឱ្យ​​មាន​អ្នក​ស្លាប់​នៅ​តាម​​ផ្ទះ​បន្ទាប់​ពី​មន្ទីរពេទ្យ​មិន​អាច​ទទួល​អ្នក​ជំងឺ​ថ្មី ​ដោយសារ​កង្វះ​អុកស៊ីហ្ស៊ែន​ និង​គ្រែ​សម្រាប់​ដាក់ឱ្យ​​អ្នក​ជំងឺ​សម្រាក​ព្យាបាល​។

តួយ៉ាង​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​ប្រទេស​ឥណ្ឌូនេស៊ី​ មាន​អ្នក​ឆ្លង​កូវីដ ១៩​ ថ្មី​ប្រមាណ​ ៣៣ ៧៧២​ នាក់​ និង​មាន​អ្នក​ស្លាប់​ ១ ៣៨៣ ​នាក់​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA អគ្គលេខាធិការ​នៃ​សមាគម​មន្ទីរពេទ្យ​ឥណ្ឌូនេស៊ី​លោកស្រី​ Lia​ Gardenia ​Partakusuma​ បាន​និយាយ​៖ «មន្ទីរពេទ្យ​មួយ​ជា​ធម្មតា​ត្រូវ​ប្រើ​​អុកស៊ីហ្ស៊ែន​ ៣ ​តោន​ ក្នុង​រយៈ​ពេល​ ៣ ​ថ្ងៃ​ទៅ ១ ​សប្តាហ៍​ឥឡូវ​នេះ​​ បរិមាណ​អុកស៊ីហ្ស៊ែន​ប្រើ​បាន​​ ១ ​ថ្ងៃ​ប៉ុណ្ណោះ​»។

ចំពោះ​ស្ថានភាព​កូវីដ ១៩​ នៅ​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​ដែល​មាន​ដូច​​ជា​កង្វះ​អុកស៊ីហ្ស៊ែន​​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​។ សមាគម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​កង្វះ​អុកស៊ីហ្ស៊ែន​កើត​ចេញ​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​គ្រប់គ្រង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ខ្លួន និង​​​លទ្ធភាព​ដែល​អាច​មាន​ការ​កើន​ឡើង​ករណី​វិជ្ជមាន​កូវីដ ១៩​។

អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ធ្លាប់​ដាស់​តឿន​​ទៅ​​រដ្ឋាភិបាល​ថា​ ​អាច​នឹង​មាន​ករណី​កើន​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់​ដោយសារ​តែ​ថ្ងៃ​បុណ្យ​ជាតិ​នា​ពេល​ខាង​មុខ​នេះ។

ការ​កើន​ឡើង​​​ចំនួន​ករណី​វិជ្ជមាន​កូវីដ ១៩​ ត្រូវ​បាន​គេ​ជឿ​ថា ​​បណ្តាល​មក​ពី​ការ​ល្មើស​បម្រាម​​គោច​ររបស់​ប្រជាពលរដ្ឋ​​នៅ​ថ្ងៃ​បុណ្យ​ Eid al-Fitr។ បុណ្យ​Eid al-Fitr មាន​រយៈពេល ​៣ ​ថ្ងៃ​​ ហើយ​ក្នុង​អំឡុង​ពេល​ថ្ងៃ​បុណ្យ​នេះ​ ពួក​គេ​បាន​ប្រារព្ធ​ដោយ​មាន​ការ​ជួប​ជុំ​ និង​ពិសាអាហារ​ជុំ​គ្នា​សម្រាប់​បញ្ចប់​ពិធី​បុណ្យ ​Ramadon​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera ​កាល​ពី​ថ្ងៃទី​ ១០ ​ឧសភា​ រដ្ឋមន្ត្រី​សម្របសម្រួល​​កិច្ចការ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​លោក​ Airlangga​ Hartarto​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ មនុស្ស​ចំនួន​ ៦ ៧៤២ នាក់ ​ត្រូវ​បាន​ពិនិត្យ​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ទូទាំង​ប្រទេស​ ទោះបី​ជា​មាន​​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​ក៏​ដោយ​។ បន្ទាប់​ពី​មាន​​ការ​ធ្វើ​តេស្ត​រក​កូវីដ ១៩​ នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មាន​មនុស្ស​ចំនួន​ ៤ ១២៣ ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូវីដ ១៩​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ថ្ងៃទី​ ១៣ ​ឧសភា​ ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ Eid al-Fitr ​មាន​ករណី​វិជ្ជមាន​កូវីដ ១៩​ ចំនួន​ ៣ ៤៤៨ ​ករណី​ នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​។ គិត​ត្រឹម​ថ្ងៃទី​ ១៥​ ខែ​កក្កដា ​តួ​លេខ​នេះ​បាន​កើន​ឡើង​ដល់ ៥៦ ០០០ ​​ករណី​ ក្នុង ​១ ​ថ្ងៃ​។

លោកស្រី​ Partakusuma​ បាន​និយាយ​កាល​ពី​ថ្ងៃទី​ ៥​ ខែ​កក្កដា​ថា​ មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ស្ទើរ​តែ​ពេញ​ទៅ​ហើយ​។ រដ្ឋាភិបាល​បាន​រំពឹង​ថា ​នឹង​មាន​ការ​កើន​ឡើង​នូវ​ករណី​កូវីដ ១៩ ​បន្ថែម​ទៀត​៕