ក្រសួង​សុខាភិបាល​ឥណ្ឌា​រាយការណ៍​ថា​ គេ​បាន​រកឃើញ​ករណី​ជំងឺ​ផ្សិត​ខ្មៅដែល​កើតឡើង​ជាង ​៤៥ ០០០ ករណី ​ក្នុង​រយៈ​ពេល​ ២ ខែ​ចុងក្រោយ​នេះ​ ខណៈ​ដែល​ការ​រាលដាល​កើត​មានឡើ​ង​​នៅទូ​ទាំង​ប្រទេស​។

រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​វ័យក្មេង​ គឺ ​លោក ​Bharati Pravin Pawar បាន​បកស្រាយ​ប្រាប់សភា​ កាល​ពីថ្ងៃអង្គារ​ទី ​២០​ ខែ​កក្កដា​ ថា មាន​មនុស្ស​ជាង​ ៤ ២០០ នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺផ្សិត​នេះ​ ដែល​មាន​ឈ្មោះ​បែប​វិទ្យាសាស្ត្រថា mucormycosis។

ការ​ឆ្លង​នេះពី​មុន​ ត្រូវ​បាន​គេចា​ត់ទុក​ថា​ កម្រ​មានណាស់​ ប៉ុន្តែ​ករណី​ឆ្លង​បាន​ផ្ទុះឡើង​ក្នុង​អំឡុង​ពេល​មាន​រោគ​រាត​ត្បាត​កូវីដ ១៩ ​ដែល​ធ្វើឱ្យ​អ្នក​ជំងឺ​ដែលបាន​ជា​សះស្បើយ​ ពីជំងឺកូវីដ​ ១៩ មាន​ការ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​ដឹងថាខ្លួនបាន​កើតជំងឺ​ផ្សិតខ្មៅនោះ។

វាគឺ​ជា​ជំងឺ​ ដែល​មាន​ភាព​កាច​សាហាវ​ ហើយ​គ្រូពេទ្យ​ត្រូវធ្វើការ​វះកាត់​ ដោយ​បង្ខំ​ឱ្យ​យក​ភ្នែក​ ច្រមុះ​ និងថ្គាម​ ចេញ​ពីអ្នកជំងឺ​ ដើម្បី​​បញ្ឈប់​វា​កុំឱ្យ​​រាលដាល​ទៅ​ខួរ​ក្បាល​។ គួរបញ្ជាក់ផងដែរថា ​អត្រា​មរណ​ភាព គឺ​ច្រើន​ជាង​ ៥០ ​ភាគ​រយ។​

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ចំនួន​ករណី​ខ្ពស់​បំផុត​ត្រូវ​បាន​គេ​រាយការណ៍​នៅ​រដ្ឋ Maharashtra​ ភាគ​ខាងលិច​ដែល​មាន​ចំនួន​ ៩ ៣៤៨​ ករណី ។ ក្រុម​អ្នក​ជំនាញ​ បាន​សន្មត​ថា​ ការ​កើនឡើងថ្មីៗ​នេះ​គឺដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ ស្តេរ៉ូអ៊ីត​ច្រើនពេក​ក្នុង​ការ​ព្យាបាល​កូវីដ ១៩​៕

មឹង​ ច័ន្ទ​សុម៉ា​នីតា​