កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍មុន ​​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទ្វីប​អាហ្វ្រិក ​បាន​ក្រើន​រំឭក​​ពី​ស្ថានភាព​នៃ​រលក​ទី​៣នៃ​កូវីដ ១៩​ នៅ​អាហ្រិ​ក​គឺ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។ ស្ថានភាព​កូវីដ ១៩​ នៅ​ទ្វីប​អាហ្វ្រិក​ ​នៅ​តែ​បន្ត​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​នា​ប៉ុន្មាន​សប្តាហ៍​​ថ្មី​នេះ​ ដែល​បណ្តាល​មក​ពី​មាន​ករណី​ឆ្លង​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ប្រភេទ ​Delta ​និង​ចំនួន​អ្នក​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​គឺ​នៅ​មាន​ទាប​នៅ​ឡើយ​។

យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​អង្គការ​សហប្រជាជាតិ​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាពពិភព​លោក​ប្រចាំ​ទ្វីប​អាហ្វ្រិក​​ លោកស្រី ​Matshidiso ​Moeti ​បាន​និយាយ​ថា​៖​ «​រលក​ទី៣​នៃ​កូវីដ១៩​ នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​»​។

លោកស្រី​ Moeti​ បាន​បន្ត​និយាយ​ថា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ​នៅ​តែ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ហើយ​រលក​ទី​៣ នៃ​​កូវីដ ១៩ នេះ​មាន​ការ​កើន​ឡើង​លឿន​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​។ ការ​ប្រារព្ធ​ពិធី​បុណ្យ ​Eid ​ដែល​នៅ​សប្តាហ៍​នេះ​ក៏​អាច​បណ្តាល​ឱ្យ​មាន​ការ​កើន​ឡើង​ករ​ណី​មួយ​ចំនួន​ផង​ដែរ​។

យោង​តាម​ប្រភព​គេហទំព័រ​ដដែល​អង្គការ​សុខភាពពិភពលោក​បាន​និយាយ​ថា​ ប្រទេស​ចំនួន​ ២១​ នៅ​ទ្វីប​អាហ្រ្វិក​មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ​កើន​ឡើង​ជាង​ ២០​ភាគ​រយ​ក្នុង​រយៈ​ពេល​២សប្តាហ៍​ជាប់​គ្នា​ដែល​ចំនួន​នេះ​ច្រើន​ជាង​ ៣​សប្តាហ៍​មុន​។

បន្ថែម​ពី​ការ​កើន​ឡើង​នៃ​ករណី​វិជ្ជមាន​កូវីដ ១៩​ នៅ​ក្នុង​ប្រទេស​ចំនួន​ ២៦ ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ក៏​មាន​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Delta​។ ចំពោះ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Alpha ​និង​ Beta ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ឆ្លង​ក្នុង​ទ្វីប​អាហ្រ្វិក​ផង​ដែរ​។

យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ​BBC​ នៅ​ក្នុង​ទ្វីប​អាហ្រ្វីក​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​រួម​មាន​ប្រទេស​ណាមីប៊ី ​អាហ្រ្វិក​ខាង​ត្បូង ​​ទុយ​នី​ស៊ី ​អ៊ូហ្គង់ដា​ និង​ហ្គំប៊ី។​

អ្នក​ជំងឺ​កូវីដ ១៩​ ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ជុំ​វិញ​ប្រទេស​ចំនួន​ ១០​ នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ដែល​មាន​ប្រទេស​ចំនួន​ ៦​ កំពុង​ប្រឈម​នឹង​កង្វះគ្រែ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ។ បន្ថែម​ពី​នេះ ​តម្រូវ​ការ​អុកស៊ីហ្ស៊ែន​ ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ មាន​តម្រូវ​ការ​ខ្ពស់​ជាង​ ៥០ ​ភាគរយ​ពីលើ​តម្រូវ​ការ​នៅ​ក្នុង​ឆ្នាំ​មុន​។

ការ​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ កើត​ឡើង​នៅ​ពេល​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ទ្វីប​មួយ​នេះ​ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។ប្រជាជន​ចំនួន​ ១៦ ​លាន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ទាំង ២ ​ដូស​​ដែល​ចំនួន​នេះ​គឺ​តិច​ជាង​ ២​ ភាគរយ​នៃ​ប្រជាជន​អាហ្វ្រិក​សរុប​។ ចំពោះ​ប្រជាជន​នៅ​អាហ្វ្រិក​ខាង​ត្បូង​ប្រមាណ​ជាង​ ៤​ លាន​នាក់​ឬ​ប្រហែល​ ៦,៥​ ភាគ​រយ​ ទើប​តែ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​កូវីដ ១៩​ ចំនួន​ ១ ​ដូស​តែ​ប៉ុណ្ណោះ​។

យោង​តាម​​សារព័ត៌មាន​ Associated​ Press ​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ទោះ​បី​ជា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក​Cyril​Ramaphosa​បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​កូវីដ ១៩​ ហើយ​បាន​បិទខ្ទប់​ប្រទេស​ខ្លួន​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន​ក៏​ដោយ​ ប៉ុន្តែ​លោក ​Ramaphosa​ មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ មក​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ រលក​ទី​៣​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នេះ ​បណ្តាល​មក​ពី​ ការ​ប្រើប្រាស់ ​វិធានការ​សុខភាព​សាធារណៈ​មិន​មាន​ប្រសិទ្ធ​ភាព​ ការ​រក្យា​គម្លាត​សង្គម​មិន​បាន​ត្រឹម​ត្រូវ​ អត្រា​ការ​ចាក់​វ៉ាក់​សាំង​និង​ការ​រីករាល​ដាល​នៃ​វីរុស​បំប្លែង​ថ្មីៗ​។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​អង្គការ​សហ​ប្រជាជាតិ​៕