ប្រទេស​ឥណ្ឌា បាន​រក​ករណី​ «ជំងឺ​ផ្សិត​ខ្មៅ» (black fungus) ជាង​ ៤៥​ ០០០ ករណី​ ក្នុង​រយៈពេល ​២ ខែ​ចុង​ក្រោយ​នេះ​។ ​នេះ​បើ​តាម​ឱ្យ​ដឹង​ពី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ឥណ្ឌា ​គឺ​លោក Bharati Pravin Pawar ដោយ​ក្នុង​នោះ​មនុស្ស​ជាង​ ៤ ២០០ នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្សិត​ខ្មៅ ​ឬ mucormy cosis នេះ​។

ករណី​ឆ្លង​នេះ​ពី​មុន ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ករណី​កម្រ​ ប៉ុន្តែ​ទើប​ផ្ទុះ​ឡើង​​ក្នុង​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​ ពោល​លើ​អ្នក​ជំងឺ​ដែល​ជា​សះស្បើយ​ពី​កូវីដ​ ១៩។ ​វា​គឺ​ជា​ជំងឺ​កាច​សាហាវ ​កើត​មក​ពី​ក្រុម​ផ្សិត​ដែល​បណ្តាល​ឱ្យ​មាន​ពង​បែកហើម​ និង​ដំបៅ​ផង​ដែរ។

គ្រូ​ពេទ្យ​ ត្រូវ​បង្ខំ​ចិត្ត​វះកាត់​ភ្នែក​ច្រមុះ​ និង​ថ្គាម​ចេញ​ពី​អ្នក​ជំងឺ​ ដែល​ឆ្លង​មេរោគ​នេះ​រួច ​ដើម្បី​រារាំង​កុំ​ឱ្យ​រីក​រាលដាល​ដល់​ខួរ​ក្បាល​ ហើយ​មាន​អត្រា​មរណភាព​​ខ្ពស់​ជាង​ ៥០ ភាគរយ​ ហើយ​បើ​យោង​តាម​ទិន្នន័យ​របស់​​រដ្ឋាភិបាល​រដ្ឋ​ភាគ​ខាង​លិច​នៃ​រដ្ឋ Maharashtra បាន​រក​ឃើញ​ករណី​ផ្សិត​ខ្មៅ​នេះ​ចំនួន ​៩ ៣៤៨ ករណី​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស។

ជំងឺ​ផ្សិត​ខ្មៅ​នេះ​ទៀត​សោត​បាន​ក្លាយ​ជា​ជំងឺ​ទី២ ​របស់​ឥណ្ឌា​ បន្ទាប់​ពី​វិបត្តិ​កូវីដ​​ ១៩។​ ឆ្នាំ​មុន​កម្រិត​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​​កម្រ​​ណាស់​នៅ​ឥណ្ឌា ​ទោះបី​ជា​​ករណី​ក្នុង​ប្រទេស​នេះ​ មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​អភិវឌ្ឍន៍​ជាង​ ៨០ ដង​ក៏​ដោយ​។

ជំងឺ​នេះ​បណ្តាល​មក​ពី​ពពួក​ផ្សិត​ mucormycetes​ ជា​ប្រភេទ​នៃ​ផ្សិត​ ដែល​មនុស្ស​ប៉ះពាល់​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រព័ន្ធភាព​ស៊ាំ​របស់​បុគ្គល​នោះ​ត្រូវ​បាន​ចុះខ្សោយ​ដោយសារ​ជំងឺ​កូវីដ ​ហើយ​បុគ្គល​នោះ​ នឹង​ប្រឈម​នឹង​​​​​ការ​ឆ្លង​មេរោគ​នេះ​។ ប្រសិន​បើ​អ្នក​ជំងឺ​មិន​បាន​យក​ទៅ​ព្យាបាល​ទាន់​ពេល​​វេលា​​​នោះ​ទេ​ ជំងឺ​នេះ​អាច​បណ្តាល​ឱ្យ​ខូច​មុខ​មាត់​បាត់បង់​ចក្ខុវិស័យ និង​ស្លាប់​ (អត្រា​មរណភាព​ច្រើន​ជាង ៥០ ​ភាគរយ​)​។

យោង​តាម​វេជ្ជបណ្ឌិត​នានា​បាន​ឱ្យ​ដឹង​ថា ​មាន​កត្តាជា​ច្រើន​នៅ​ពី​ក្រោយ​ការ​​កើន​ឡើង​នៃ​ករណី​ជំងឺ​ផ្សិត​ខ្មៅ​នេះ​។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សុខាភិបាល​មក​ពី​ក្រុម​ការងារ ​Tasid​ របស់​ប្រទេស​ឥណ្ឌា ​និង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា​បាន​និយាយ​ថា​ ការ​ប្រើប្រាស់​ថ្នាំ ​steroids ​ច្រើន​ពេក​ក្នុង​ការ​ព្យាបាល​កូវីដ ១៩​ បាន​លុប​បំបាត់​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​អ្នក​ជំងឺ​ និង​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​ប្រឈម​នឹង​ការ​វាយ​លុក​នៃ​មេរោគ​ផ្សិត​នេះ​។

នៅ​ប្រទេស​ឥណ្ឌា​ ថ្នាំ steroids អាច​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ដល់​អ្នក​ជំងឺ​កូវីដ​ ដែល​មាន​កម្រិត​មធ្យម​ និង​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ​ទោះ​បី​ជា​គោល​ការណ៍​ណែនាំ​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ខែ​ឧសភា បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ថ្នាំ​នេះ​ ដោយ​ «ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ»​ ដើម្បី​ការពារ​ និង​កុំ​ឱ្យ​ប្រឈម​នឹង​​ការ​ឆ្លង​នៃ​ផ្សិត​ mucormycosis​ ក៏​ដោយ។

វេជ្ជបណ្ឌិត​ខ្លះ​ក៏​មាន​ការ​សង្ស័យ​ថា​ កង្វះ​អុក​ស៊ីហ្ស៊ែន​កម្រិត​​វេជ្ជសាស្ត្រ​ ក៏​អាច​ដើរ​តួយ៉ាង​សំខាន់​ដែរ​ ដោយ​លើក​ហេតុផល​ថា​ កម្រិត​អុកស៊ីហ្ស៊ែន​ទាប​ និង​យូរ​អាច ធ្វើ​ឱ្យ​អ្នក​ជំងឺ​ងាយ​នឹង​ឆ្លង​មេរោគ​នេះ។

យ៉ាងណា​មិញ​ចំនួន​ករណី​ជំងឺ​ផ្សិត​ខ្មៅ​ (black fungus) ​នៅ​ឥណ្ឌា​បច្ចុប្បន្ន​ មាន​ចំនួន​ខ្ពស់​ជាង​អំឡុង​ពេល​​ប្រទេស​នេះ​ប្រឈម​នឹង​រលក​ទី១ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ហើយ​វា​អាច​បណ្តាល​មក​ពី​ការ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​​នៃ​វ៉ារ្យ៉ង់​ Delta​ ក្នុង​រលក​ក្រោយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ជំងឺ​ទឹក​នោម​ផ្អែម​ (កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់) ​ជា​លក្ខខណ្ឌ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ ផ្សិត​ទាំង​នេះ​រស់នៅ​​។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ មនុស្ស​យ៉ាង​ហោច​ ៧៧ លាន​នាក់​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ (គិត​ត្រឹម​ឆ្នាំ​ ២០១៩ ​ស្ថិត​ក្នុង​លំដាប់​ទី​២ ​បន្ទាប់​ពី​​ប្រទេស​ចិន ​ដែល​មាន​ចំនួន​ ១១៦ លាន​នាក់)។ នេះ​បើ​យោង​តាម​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ដែល​ពន្យល់​ពី​មូលហេតុ​ ដែល​ករណី​ជំងឺ​ផ្សិត​ខ្មៅ​នៅ​ឥណ្ឌា​កើន​ឡើង​ខ្ពស់​។

បើ​យោង​តាម​ក្រសួង​សុខាភិបាល​ដដែល​បាន​ឱ្យ​ដឹង​ថា ​ករណី​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ហើយ​ករណី​មួយ​ចំនួន​តូច​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​ផ្សេង​ទៀត ​រួម​មាន​ នេប៉ាល់ អាហ្វហ្គានីស្ថាន​ អេហ្ស៊ីប និង​អូម៉ង់​ផង​ដែរ។

អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​បាន​និយាយ​ថា​ ចំនួន​ករណី​ជំងឺ​ទឹក​នោម​​ផ្អែម​ កំពុង​តែ​កើន​ឡើង​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ជាជាង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​​ខ្ពស់។

គួប​ផ្សំ​នឹង​ការ​កើន​ឡើង​នៃ​ករណី​កូវីដ​ផង​នោះ ​វេជ្ជបណ្ឌិត​នានា​បាន​ព្យាករ​ថា​ ជំងឺ​ផ្សិត​ខ្មៅ​នេះ​នឹង​ក្លាយ​ជា​​រឿង​ធម្មតា​នៅ​ទូទាំង​ពិភព​លោក​៕