ប្រធានាធិបតី​បារាំង​ លោក អេម៉ានុយអែល​ ម៉ាក្រុង​ ​ចេញ​សេចក្តី​​ថ្លែងការណ៍​ ១ ​ទៅ​កាន់​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ គឺ​លោក ណាហ្វតាលី បេននីត​ ដើម្បី​ធានា​ឱ្យ​បាន​​ថា ​រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​ស៊ើប​អង្កេត​យ៉ាង​ល្អិតល្អន់​លើ​ករណី​មួយ​ ហើយ​ប្រធានាធិបតី​បារាំង ​ចោទ​ប្រកាន់​ថា​ ខ្លួន​ក្លាយ​ជា​គោលដៅ​ចារកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​។ នេះបើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ The Guadian កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ម៉ាក្រុង ​បង្ហាញ​ការ​ព្រួយ​​បារម្ភ​ថា​ ខ្សែ​ទូរស័ព្ទ​របស់​លោក​ជាមួយ​នឹង​គណៈរដ្ឋមន្រ្តី​ភាគ​ច្រើន​អាច​ឆ្លង​មេរោគ​ Pegasus ​ជា​កម្មវិធី​លួច​ស្តាប់​ព័ត៌មាន​តាម​ទូរស័ព្ទ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឃ្លាំ​មើល​​អ៊ីស្រាអែល ​NSO ​អាច​ឱ្យ​ប្រតិបត្តិករ​នៃ​កម្មវិធី​នេះ​ដក​ស្រង់​សារ ​រូបភាព​ និង​អ៊ីមែល កត់ត្រា​ការ​ហៅទូរស័ព្ទ​ និង​បើក​មីក្រូហ្វូន​ដោយ​សម្ងាត់​លើ​ឧបករណ៍​ដែល​មាន​វីរុស។​

ទិន្នន័យ database ​ដែល​បាន​បែក​ធ្លាយ​ចេញ​ពី​គម្រោង Pegasus មាន​រួម​បញ្ចូល​ទាំង​លេខ​ទូរស័ព្ទ​ដៃ​របស់​លោក ​ម៉ាក្រុង​ ផង​ដែរ។

យ៉ាងណា​មិញ ​ក្រុមហ៊ុន​ NSO​ បាន​និយាយ​ថា​ លោក ម៉ាក្រុង ​មិនមែន​ជា​គោលដៅ​របស់​អតិថិជន​ខ្លួន​ណា​មួយ​ទេ​ ពោល​ក្រុមហ៊ុន​បដិសេធ​ថា ខ្លួន​មិន​បាន​ជ្រើសរើស​លោក ម៉ាក្រុង ​ដើម្បី​ជា​គោលដៅ​ក្នុង​ការ​​ឃ្លាំមើល​ដោយ​ប្រើ​មេរោគ​ Pegasus ​នោះ​ទេ។ ក្រុមហ៊ុន​និយាយ​ថា​ ការ​ពិត​ដែល​ថា​ លេខ​របស់​លោក​មាន​វត្តមាន​នៅ​ក្នុង​បញ្ជី​ គឺ​មិន​មាន​ន័យថា ​លេខ​នោះ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ឃ្លាំមើល​ដោយ​ប្រើ Pegasus​ ទេ។

គម្រោង Pegasus ​មិន​អាច​ពិនិត្យ​មើល​ទូរស័ព្ទ​ចល័ត​របស់​មេ​ដឹកនាំ​ និង​អ្នក​ការ​ទូត​បាន​ទេ​ដូច្នេះ​មិន​មាន​ភ័ស្ដុតាង​ណាមួយ ​ដែល​អាច​បញ្ជាក់​ថា ​​តើ​ក្រុមហ៊ុន​នេះ​មាន​ការ​ប៉ុនប៉ង​ដំឡើង​មេរោគ​នៅ​លើ​ទូរស័ព្ទ​របស់​គោលដៅ​ពួក​គេ​ ឬ​យ៉ាង​ណាទេ​​?

ទោះ​យ៉ាងណា​ ការិយាល័យ​នាយក​រដ្ឋមន្រ្តី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ហៅ​ទូរស័ព្ទ​ ឬ​ការ​សន្ទនា​របស់​មេ​ដឹកនាំ​ទាំង ២ ​ឡើយ​។ តែ​បើ​យោង​តាម​ប៉ុស្តិ៍​លេខ ​១២ ​របស់​អ៊ីស្រាអែល ​ដែល​បាន​រាយការណ៍​អំពី​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេ​ដឹកនាំ​ទាំង ២ ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​និយាយ​ថា​ លោក បេននីត ​​បាន​សង្កត់ធ្ងន់​ថា ​ព្រឹត្តិការណ៍​ដែល​​​បាន​ចោទ​ប្រកាន់​បាន​កើត​​ឡើង​មុន​ពេល​គាត់​ចូល​កាន់​តំណែង​នៅ​ខែ​ឧសភា ​ហើយ​គណៈកម្មការ​របស់​ខ្លួន​កំពុង​ពិនិត្យ​មើល​ថា ​តើ​ច្បាប់​ស្តីពី​ការ​វាយ​លុក​តាម​អ៊ីនធឺណិត​របស់​អ៊ីស្រាអែល​ដូចជា​​​​គម្រោង​ Pegasus​ គួរ​តែ​ត្រូវ​រឹត​​​បន្តឹង​បន្ថែម​ដែរ​ ឬ​យ៉ាងណា​?

គម្រោង Pegasus​ ដែល​មាន​​សម្ព័ន្ធ​ភាព​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ ១៧ ​រួម​ទាំង​កាសែត ​The Guardian ផង​នោះ​ បាន​បង្ហាញ​កាល​ពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ដែល​ជា​អតិថិជន​របស់​​ខ្លួន​នៅ​ជុំវិញ​ពិភព​លោក​ បាន​ប្រើប្រាស់​សូហ្វវែរ​ទិញ​ពី​ក្រុមហ៊ុន ​NSO ​ដើម្បី​តាមដាន​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​សារព័ត៌មាន​ និង​មេធាវី​នានា។

ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​វិភាគ​កោសល្យ​វិច័យ​លើ​ទូរស័ព្ទ​ និង​ការ​វិភាគ​ទិន្នន័យ​ ដែល​បាន​លេច​ធ្លាយ​លេខ​ទូរស័ព្ទ​ចំនួន​ ៥ ម៊ឺន ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​លោក ម៉ាក្រុង​ និង​ប្រមុខ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មន្ត្រី​ការ​ទូត​ និង​យោធា​នៅ​ក្នុង​ប្រទេស​ ចំនួន​ ៣៤ ​លើ​ពិភព​លោក។

បើទោះ​ជា​ក្រុមហ៊ុន NSO តែងតែ​ធានា​ថា​​ លេខ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នេះ ​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​គោលដៅ​នៃ​មេរោគ ​Pegasus ​ក្ដី ក៏​បញ្ជី​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ​ផ្តល់​នូវ​ព័ត៌​មាន​អំពី​អ្នក​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ដោយ​អតិថិជន​របស់​ក្រុមហ៊ុន​ NSO។

បញ្ជី​នេះ​រួម​បញ្ចូល​ទាំង​លេខ​ទូរស័ព្ទ​របស់​បុគ្គល​ដែល​ត្រូវ​បាន​តាមដាន​ដោយ​កម្មវិធី​ចារកម្ម​លួច​ទិន្នន័យ​តាម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ​NSO។​ នេះ​បើ​យោង​តាម​ការ​វិភាគ​ពី​ឧបករណ៍​ Pegasus ​របស់​ពួក​គេ​។ ការ​វិភាគ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍​សន្តិសុខ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​បាន​​រក​ឃើញ​ដាន​ទាក់ទង​នឹង​សកម្ម​​ភាព​របស់​ឧបករណ៍​ Pegasus ​លើ​ទូរស័ព្ទ​ចំនួន​ ៣៧​ ក្នុង​ចំណោម ៦៧ ដែល​ខ្លួន​បាន​វិភាគ​៕