ការតវ៉ា និងអំពើហិង្សា​តាមដងផ្លូវ​ស្តីពីកង្វះទឹកនៅភា​គនិរតីអ៊ីរ៉ង់ បានបន្តអស់រយៈពេល​៦យប់​ហើយ​ ខណៈ​ពេល​ប្រជាពលរដ្ឋ​នៅរដ្ឋធានីតេអេរ៉ង់ បានស្រែកពាក្យស្លោកប្រឆាំង​នឹងរដ្ឋាភិបាល​ទាមទារដំណោះ​ស្រាយ​​។ នេះបើយោងតាមវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនៅថ្ងៃពុធសប្ដាហ៍មុន​ និ​ង​បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់។

វីដេអូជាច្រើន ត្រូវបានបង្ហោះដោយអ្នកប្រើបណ្តាញសង្គម បានបង្ហាញ​ពី​កម្លាំងសន្តិសុខ​ ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែកដើម្បី​បំបែកក្រុមអ្នកតវ៉ា ហើយ​ទីភ្នាក់ងារព័ត៌មាន​ពាក់កណ្តាលផ្លូវការហៅថា​Fars ​ហៅ​សកម្មភាព​នេះ​​ថាជា«សកម្មភាព​កុបកម្ម» ដោយប៉ូលិសម្នាក់ ត្រូវបានគេបាញ់សម្លាប់​​ និងម្នាក់​ទៀត​រង​របួស​​នៅក្នុងទីក្រុងកំពង់ផែ Mahshahr ក្នុងខេ​ត្ត Khuzestan ដែលជាតំបន់កង្វះ​ទឹក​ដ៏​អាក្រក់បំផុត។

កម្លាំងសន្តិសុខបានពង្រឹងវត្តមានរបស់ពួកគេនៅក្នុងទីក្រុងតេអេរ៉ង់នៅទីលាន Azadi នៃរដ្ឋធានី​។​នៅ​ពេល​យប់ មនុស្សមួយចំនួននៅក្នុងរដ្ឋធានីបានបញ្ចេញកំហឹងរបស់ពួកគេ ដោយ​ស្រែកប្រឆាំង​នឹង​មេដឹកនាំ​កំពូល​Ayatollah Ali Khamenei។ មាន​យុវជនយ៉ាង​តិច ​២នាក់​ ត្រូវ​បានបា​ញ់​សម្លាប់​នៅ​ក្នុង​ការតវ៉ានេះ។

មន្ត្រីប៉ូលិស​ បានស្តីបន្ទោសក្រុមបាតុករប្រដាប់អាវុធ ប៉ុន្តែក្រុមសកម្មជន ​បាននិយាយ​នៅ​លើ​បណ្តាញ​សង្គម​ថា​ ពួកគេក៏​ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខដែរ​។

គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០ ឆ្នាំហើយវិបត្តិកង្វះ​ទឹក​នេះ បានជះឥទ្ធិពលដល់គ្រួសារកសិកម្មនិងការចិញ្ចឹមសត្វនិ​ង​បណ្តាលឱ្យ​ដា​ច់ច​រន្ត អគ្គិសនីទៀតផង​។

យ៉ាងហោចណាស់មានការតវ៉ាចំនួន ៣១ នៅទូទាំងប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍​មុន ​រួម​ទាំង​ការ​ប្រមូល​ផ្តុំ​គ្នាដោ​យកម្មករនិងកសិករផងដែរ​។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ ពាក់កណ្តាលផ្លូវការ ISNA បាន​រាយការណ៍​ថាអភិបា​លខេត្ត Khuzestan គឺលោក Qasem Soleimani Dashtaki ធ្លាប់​បានសន្យាថា នឹង​កាត់​បន្ថយកា​រ ខ្វះខាតទឹកក្នុងរ​យៈពេល១ឆ្នាំដែល​បានធ្វើឱ្យប៉ះពាល់ដល់យ៉ាងហោចណាស់​ចំនួន ៧០២ ភូមិនៅក្នុងខេត្តនេះ៕