យោងតាមសេចក្តីប្រកាសមួយនៅលើ Twitter បានឱ្យដឹងថា អនុរដ្ឋលេខាធិការអាមេរិកសម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ ដែលត្រូវបានតែងតាំងថ្មីលោកស្រី Bonnie Jenkins ប្តេជ្ញាចិត្តក្នុងការកំណត់ការពង្រីកនុយក្លេអ៊ែររបស់រុស្ស៊ី និងចិន។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបានសរសេរថា៖ «ខ្ញុំពិតជាចង់ធ្វើវាឱ្យលឿនណាស់។ អ្នកទាំងអស់គ្នានឹងឮព័ត៌មានពីខ្ញុំបន្ថែមទៀតក្នុងពេលឆាប់ៗ។ ខ្ញុំប្តេជ្ញាកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាពកំណត់ការពង្រីកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងពង្រឹងដល់ជីវភាព និងការទទួល ខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមី»។
ប្រភពដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែពង្រឹងសម្ព័ន្ធភាពអឺរ៉ុប-អាត្លង់ទិកនិងឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីការពារនិងប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។ ហើយអាមេរិកក៏ត្រូវអភិវឌ្ឍ និងពង្រឹង បទដ្ឋាននៃឥរិយាបថប្រកបដោយការទទួលខុសត្រូវក្នុងលំហនិងការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលកំពុងលេចចេញ និងគំរាមកំហែងដល់យុទ្ធសាស្ត្រស្ថិរភាព។
នៅថ្ងៃទី ២៨ ខែកក្កដា ទីក្រុងហ្សឺណែវ នឹងធ្វើជាម្ចាស់ផ្ទះនៃការពិគ្រោះយោបល់ថ្មីរវាងរុស្ស៊ី និងអាមេរិកស្តីពីយុទ្ធសាស្ត្រស្ថិរភាព។ គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergei Ryabkov និងសហរដ្ឋអាមេរិក ដោយអនុរដ្ឋលេខាធិការ Wendy Sherman។ ប្រតិភូអាមេរិក ក៏នឹងចូលរួមផងដែរ រួមមាន ទាំងលោកស្រី Jenkins។
លោក Ryabkov បានប្រាប់សារព័ត៌មានTASS មុននេះថា ប្រទេសរុស្ស៊ីគ្រោងនឹងពិភាក្សាយ៉ាងហ្មត់ចត់លើគ្រប់ ទិដ្ឋភាពទាំងអស់នៃបញ្ហាស្ថិរភាពយុទ្ធសាស្ត្រវាយតម្លៃហានិភ័យនិងបញ្ហាប្រឈម ដែលអាចកើតមាន ក៏ដូចជាការបង្កើតក្របខ័ណ្ឌសម្រាប់សកម្មភាពរួមគ្នានាពេលអនាគតនៅក្នុងវិស័យនេះ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃទី ១៦ ខែមិថុនា។
សេចក្តីថ្លែងការណ៍រួមដែលភាគីទាំង ២ បានឱ្យដឹងថា ខ្លួនគ្រោងនឹងចាប់ផ្តើមការសន្ទនាគ្នាដ៏ទូលំទូលាយស្តីពីស្ថិរភាពយុទ្ធសាស្ត្រនាពេលខាងមុខ។ ក្រៅពីនេះរុស្ស៊ីនិងអាមេរិក ក៏មានបំណងចាប់ផ្តើមពិគ្រោះយោបល់លើបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការផ្លាស់ប្តូរអ្នកទោស និងការគ្រប់គ្រងអាវុធជាដើម៕