កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ២៤​ កក្កដា ​ប្រជាជន​ហុងគ្រី​រាប់​ពាន់​នាក់ ​បាន​ដើរ​ហែក្បួន​​តាម​ដង​ផ្លូវ​នៅ​ទី​ក្រុង​របស់​ប្រទេស​ហុងគ្រី​ ដើម្បី​ជា​ការ​គាំទ្រ​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ការ​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​របស់​ Budapest​ Pride​។

អ្នក​រៀប​ចំ​ព្រឹត្តិការណ៍នេះ​បាន​អំពាវនាវ​ឱ្យអ្នកចូល​រួមសម្តែងការ​ប្រឆាំង ​របស់ពួកគេ​ចំពោះ ​ជំហាន​ថ្មីៗ របស់​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្រ្តី ​លោក Viktor Orban​ ដែលក្រុម​អ្នករិះគន់​ និយាយថា​ ធ្វើឱ្យមា​ន ការរើស​អើងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេសអឺរ៉ុប​កណ្តាល​នេះ​។

លោក Jojo Majercsik ​អ្នកនាំពាក្យ​ក្បួន​ Budapest Pride ​បាន​និយាយថា​ការហែក្បួន​ នៅ​ឆ្នាំនេះ មិនមែនគ្រា​ន់តែជា​ការ​អបអរសាទរ​និងការ​រំឭក​ពី​ការតស៊ូ​ជា​ប្រវត្តិសាស្រ្ត ​នៃ​ចលនា​ក្រុម​អ្នក​ស្រឡាញ់ ភេទដូចគ្នា​ប៉ុណ្ណោះ​ប៉ុន្តែ​ក៏ជា​ការតវ៉ាប្រឆាំង​នឹង​គោលនយោបាយ​បច្ចុប្បន្ន​របស់​លោក ​Orban ដែល​ផ្តោត លើ​អ្នក​ស្រឡាញ់​ភេទដូចគ្នា ​ក៏ដូចជា​អ្នក​ប្តូរភេទ​។

លោក Majercsik​ បាន​និយាយថា៖«អ្នកស្រឡាញ់​ភេទដូច​ គ្នាភាគ​ច្រើន​ភ័យខ្លាច​ហើយ​មាន​អារម្មណ៍ ​ថា ពួកគេ​មិនអាចចុះ​សម្រុងនៅ​ក្នុង​ប្រទេសនេះ​ទៀតទេ​» ។

ការដង្ហែក្បួននេះ​បានកើតឡើង​បន្ទាប់​ពីច្បាប់​មួយត្រូវ​បានអនុម័ត​ដោយសភា​របស់​ប្រទេសហុងគ្រី​កាលពីខែ​មិថុនា​ បាន​ហាមឃាត់​ការបង្ហាញ​មាតិកា​ដែល​ពណ៌នាអំពី​ការស្រឡាញ់​ភេទ​ដូច​គ្នា ឬការ​ផ្លាស់ប្តូរភេទ​ ទៅដល់​អនីតិជន​។ វិធានការ​ត្រូវ​បានភ្ជាប់​ទៅនឹង​ច្បាប់នេះ​ដែល​អនុញ្ញាតឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ចំពោះណា​ដែលរួមភេទ​ជា​មួយ​អនីតិជន​។

រដ្ឋាភិបាល​ហុងគ្រី​និយាយថា​ គោលនយោបាយ​នេះគឺ​ធ្វើឡើង​ដើម្បីស្វែង​រកការ​ការពា​រទៅលើ​កុមារ។ ប៉ុន្តែ​ក្រុមអ្នករិះគន់​នៃ​ច្បាប់នេះ​បាន​ប្រៀបធៀប​ច្បាប់នេះ​ទៅនឹង​ច្បាប់ឃោសនា​ស្រឡាញ់​ភេទដូចគ្នា​របស់​ប្រទេស​រុស្ស៊ីកាល​ពីឆ្នាំ ​២០១៣ ​ហើយនិយាយថា ​ច្បាប់នេះ​រួមបញ្ចូល​ការ​ស្រឡាញ់ភេទ​ដូចគ្នា​ដែល​ជា ផ្នែកមួយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដើម្បី​ប្រមូលសំឡេង ​របស់អ្នក​អភិរក្ស​មុនមាន​ ការ​បោះឆ្នោត នាពេល​ខាងមុខ​។

លោក Orban ​បាន​និយាយថា​ច្បាប់នេះ​មិនមែន​និយាយអំពី​ការ​រំលោភ​លើ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់ភេ​ទ ដូចគ្នានោះ​ទេ​ប៉ុន្តែផ្តោត​ទៅលើ​ការការពារ​សិទ្ធិ​របស់​ឪពុក​ម្តាយក្នុង​ការ​ជ្រើសរើស​វិធី​ដើម្បី​អប់រំ​កូនៗ របស់​ពួកគេ​។

អ្នកនយោបាយជា​ច្រើន​នៅ​សហភាព​អ៊ឺរ៉ុប​បានប្រឆាំង​យ៉ាងខ្លាំង​ទៅនឹង​ច្បាប់នេះ។ ​គណៈកម្មការ​ប្រតិបត្តិ នៃ​ប្លុក​ប្រទេសទាំង ​២៧ ​បាន​ចាប់ផ្តើម​ដំណើរ​ការនីតិ​វិធី​ច្បាប់ ២ ​ដាច់ដោយ​ឡែកពី​គ្នា​ប្រឆាំង​នឹង​ រដ្ឋាភិ បាល​របស់​ប្រទេសហុងគ្រី​កាល​ពី​សប្តាហ៍មុន​ដោយហៅ​ច្បាប់នេះ​ថា​ ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ក្រុម អ្នក​ស្រឡាញ់​ភេទដូចគ្នា​។

ច្បាប់ថ្មីនេះ​ចែងថា​ថ្នាក់អប់រំ​ផ្លូវភេទ​នៅតាម​សាលារៀន​ត្រូវ​បង្រៀន​ដោយក្រុម​មនុស្សដែល​បាន​ចុះបញ្ជីដោយ​រដ្ឋាភិបាល​ដោយមាន​ហាមឃាត់​គ្រូមិន​ឱ្យបង្រៀន​សៀវភៅ​ដែលមាន​មាតិការ​ទាក់ទង​នឹង​ក្រុមអ្នក ​ស្រឡាញ់​ភេទ​ដូចគ្នា​។​

ច្បាប់នេះ​ក៏ហាមឃាត់មាតិកា​អ្នកស្រឡាញ់​ភេទដូចគ្នា​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ក្នុងអំឡុង​ពេល​ថ្ងៃត្រង់ និង​រសៀល​ផងដែរ​៕