សហរដ្ឋ​អាមេរិក​ត្រូវ​ប្រឈម​នឹង​វិធាន​ការ​បម្រាម​គោចរ​​រឹត​បន្តឹង​ថ្មី​ ក្រោយ​មាន​ការ​រីក​រាលដាល​នៃ​វ៉ារ៉្យង់ Delta ថ្មី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ ​ធ្វើ​ឱ្យ​មាន​ការ​អំពាវនាវ​បន្ថែម​ទៀត​ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ក្នុង​បំណង​ធ្វើ​ឱ្យស្ថាន​ភាព​ត្រឡប់​ទៅ​ធម្មតា​ក្នុង​ពេល​ឆាប់ៗ​នេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន ​Al Jazeera ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

ក្រោយ​ពេល​​សហរដ្ឋអាមេរិក​បន្ធូរបន្ថយ​ពាក់ព័ន្ធ​នឹង​វិធាន​ការ​ពាក់ម៉ាស់​ និង​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ និង​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​ ការ​កើន​ឡើង​នៃ​ករណី​កូវីដ ១៩​ បាន​កើតឡើង​ជា​ថ្មី​បណ្ដាល​ឱ្យ​មាន​ការ​រឹតត្បិត​សា​ជាថ្មី​។

កាល​ពី​ថ្ងៃចន្ទ​ លោក​អភិបាល​រដ្ឋ​កាលីហ្វ័រនីញ៉ា​ លោក Gavin Newsom​ បាន​ប្រកាស​ថា ​រដ្ឋ​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត​របស់​ប្រទេស​នេះ​នឹង​តម្រូវ​ឱ្យ​បុគ្គលិក​រដ្ឋ​ និង​បុគ្គលិក​ថែទាំ​សុខភាព​ទាំង​អស់​បង្ហាញ​បណ្ណ​វ៉ាក់សាំង​ ឬ​ធ្វើ​តេស្ត​រៀងរាល់​សប្តាហ៍ ​ដោយ​ការ​អនុវត្ត​នេះនឹង​​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ​ទៅ។

លោក Newsom ​បាន​និយាយ​ថា៖ «សេចក្តី​ប្រកាស​នៅ​ថ្ងៃ​នេះ​ មាន​​លក្ខណៈ​ទូលំទូលាយ​ខ្ញុំ​ជឿជាក់​ថា​ យើង​អាច​នឹង​ក្លាយជា​រដ្ឋ​ដំបូង​គេ​ដែល​មិន​ត្រឹមតែ​តម្រូវ​​ឱ្យមាន​បុគ្គលិក​រដ្ឋ​ទាំង​អស់​ធ្វើ​ដូច​នេះ​ទេ​ ថែម​ទាំង​​ចូលរួម​ក្នុង​​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ​ជាមួយ​គ្រឹះស្ថាន​សុខាភិបាល​របស់​យើង​ទៀត​ផង​»។

ទាក់ទិន​នឹង​ស្ថានភាព​បច្ចុប្បន្ន​ លោក ​Anthony Fauci​ អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​កំពូល​របស់​ប្រទេស​បាន​ប្រាប់​សារព័ត៌មាន​ CNN ​ថា​ សហរដ្ឋអាមេរិក​ដើរ​ផ្លូវ​ខុស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រលកថ្មី​នៃ​ជំងឺ​កូវីដ ១៩ ហើយ​ការ​​​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ​ប្រហែល​ជា​ចាំបាច់​ខ្លាំង​សម្រាប់​បុគ្គល​ងាយ​រងគ្រោះ​ក្នុង​ប្រទេស។

ដោយសារ​ប្រជាពលរដ្ឋ​ជាង​ពាក់​កណ្ដាល​ប្រទេស​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​នៅ​​ឡើយ​គួប​ផ្សំ​ជាមួយ​នឹង​ការ​រីក​រាលដាល​វ៉ារ៉្យង់​ Delta ​ថ្មី​ សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​សេណារីយោ​ដ៏​អាក្រក់​បំផុត​ជាមួយ​នឹង​ករណី​ស្លាប់​ប្រចាំ​ថ្ងៃ​ឡើង​ដល់ ៤​ ០០០ នាក់ ក្នុង ​១ ថ្ងៃ​ (ជា​កម្រិត​ ១ ​​ស្មើ​នឹង​ករណី ​កាល​ពី​​ចុង​ឆ្នាំ​មុន​ និង​ដើម​ឆ្នាំ​នេះ​)។​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​ តើ​វា​ជា​សេណារីយោ​ដ៏​អាក្រក់​បំផុត​ ឬ​យ៉ាង​ណា​ទេ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ សេណារីយោ​នេះ​នឹង​មិន​ល្អ​ទេ។ ​យើង​កំពុង​ដើរ​ផ្លូវ​ខុស​ហើយ»។

គាត់​បាន​លើក​យក​បញ្ហា​ដែល​កំពុង​កើន​ឡើង​ករណី​ឆ្លង​កូវីដ​ក្រោយ​ចាក់​វ៉ាក់សាំង​ពេញលេញ​ និង​តម្រូវ​ការ​ចាំបាច់​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធភាព​ស៊ាំ​ខ្សោយ​ ពោល​គឺ​អ្នក​មាន​ជំងឺ​មហារីក​ ឬ​អ្នក​ប្តូរ​សរីរាង្គ​ជាដើម។

លោក​បាន​និយាយ​ថា ​សេចក្ដី​សម្រច​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​កាល​ពី​ថ្ងៃទី​ ២២ ​ខែ​កក្កដា ​ដោយ​គណៈកម្មាធិការ​ប្រឹក្សា​ស្តីពី​ការ​អនុវត្ត​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ ដែល​បញ្ហា​នេះ ​នឹង​ត្រូវ​បន្ត​ពិនិត្យ​ឡើង​វិញ​ថា​ តើ​អាមេរិក​ត្រូវ​ដើរ​ទៅ​ផ្លូវ​នេះ ​ឬ​យ៉ាងណា?

យោង​តាម​សារព័ត៌មាន​ National Post ​លោក Scott Gottlieb ​អតីត​ស្នងការ​គណៈកម្មការ​រដ្ឋ​បាល​ចំណី​អាហារ​ និង​ឱសថ​អាមេរិក (FDA) ​បាន​និយាយ​ថា៖ «វា​ជា​ការ​ងាយ​ស្រួល​សម្រាប់​វ៉ារ៉្យង់​ Delta ​ក្នុង​ការ​បន្ថយ​សមត្ថភាព​កម្រិត​អង្គ​បដិបក្ខ​ប្រាណ​ឱ្យ​​ទាប​ ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​កំពុង​ពិចារណា​ថា​ តើ​ប្រជាជន​ត្រូវ​ការ​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ជួយ​ដែរ​ ឬ​យ៉ាង​ណា?»​។

ក្នុង​អត្ថបទ​ដដែល​នេះ ​លោក​ Fauci​ ក៏​បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ​ Los Angeles ​និង​ក្រុង​ St. Louis ក្នុង​ការ​ដាក់​វិធានការ​នៃ​ការ​ពាក់ម៉ាស់​បើ​ទោះ​បុគ្គល​នោះ​ចាក់វ៉ាក់​សាំង​ហើយ​ក៏​ដោយ​។​ រដ្ឋាភិបាល​ក្នុង​រដ្ឋ​បាន​ចេញ​វិធានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​វាយតម្លៃ​ និង​ណែនាំ​វិធានការ​នានា​ដែល​សម​ស្រប​នឹង​ស្ថានភាព​ជាក់​ស្តែង​នៅ​ឯ​មូលដ្ឋាន​ បើ​ទោះ​សកម្មភាព​ទាំង​នោះ​មិន​ដូច​នឹង​អ្វី​ ដែល​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ (CDC) កំពុង​ណែនាំ​ក៏​ដោយ​។

ប្រធាន​មជ្ឈមណ្ឌល​ CDC លោក​ Rochelle Walensky ​បាន​និយាយ​នៅ​ថ្ងៃទី​ ២២ ​ខែ​កក្កដា​ថា ​ស្ថាប័ន​នេះ​ ប្រកាន់​ខ្ជាប់​នូវ​អនុសាសន៍​របស់​ខ្លួន​ដែល​ថា ​​អ្នក​ចាក់​វ៉ាក់សាំង​ពេញ​លេញ​មិន​​​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទៀត​នោះ​ទេ។

លោកស្រី​បន្ថែម​ថា​ ការ​ពាក់​វា​អាច​​មាន​គុណប្រយោជន៍​ខ្លះ​ក៏​ដោយ។​ អ្នក​ជំនាញ​សុខភាព​សាធារណៈ​មួយ​ចំនួន​បាន​ជំរុញ​ឱ្យ​មជ្ឈមណ្ឌល​ CDC​ ណែនាំ​ឱ្យ​មនុស្ស​ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ពាក់ម៉ាស់​នៅ​ទីសាធារណៈ​ជានិច្ច​ដោយសារ​មាន​ការ​រីក​រាលដាល​វ៉ារ៉្យង់​ Delta ថ្មី។

ដោយសារ​ស្ថានភាព​នៃ​ការ​​រីក​រាលដាល​នៅ​អាមេរិក​បច្ចុប្បន្ន​កំពុង​មាន​ហានិភ័យ​នៅ​ឡើយ​ សហរដ្ឋ​អាមេរិក​សម្រេច​មិន​ទាន់​ដក​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​នៅ​ឡើយ​ទេ ​ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាលដាល​នៃ​វ៉ារ៉្យង់​ថ្មី​។ ​នេះ​បើ​យោង​តាម​មន្រ្តី​សេតវិមាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ។

សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​កំពុង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​​ពី​ជនជាតិ​ ដែល​មិនមែន​ជា​ពលរដ្ឋ​ខ្លួន​ក្នុង​រយៈពេល ១៤ ​ថ្ងៃ​សិន ​សម្រាប់​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ អៀរឡង់ ​ចិន​ ឥណ្ឌា ​អាហ្វ្រិក​ខាងត្បូង​ អ៊ីរ៉ង់​ និង​ប្រេស៊ីល៕