កាល​ពី​ថ្ងៃ​អង្គារ ​គណៈរដ្ឋមន្រ្តី​នៃ​គណបក្ស​ភាគី​ទាំង​ ២​ របស់​សហរដ្ឋអាមេរិក​បាន​បន្ទោស​អ្នក​ឧបត្ថម្ភ​​ព្រឹតិ្តការណ៍​អូឡាំពិក​រដូវ​រងា​ឆ្នាំ​ ២០២២​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​កូកាកូឡា ​ក្រុមហ៊ុន​ Visa Inc ​និង​ក្រុមហ៊ុន​ Airbnb​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​រ៉យទ័រ​ សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ Chris Smith ​បាន​ប្រាប់​គណៈកម្មការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេស​ចិន​ ដែល​​ឧបត្ថម្ភ​ព្រឹតិ្តការណ៍​នេះ​​ចាំបាច់​ត្រូវ​ពិចារណា​ឡើង​វិញ​។ លោក ​Smith​ បាន​និយាយ​ថា​ ការ​ឧបត្ថម្ភ​នេះ ​ជា​ការ​ឧបត្ថម្ភ​ប្រាក់​ទៅ​កីឡា​អូឡាំពិក​ដែល​ប្រទេស​ជា​ម្ចាស់​ផ្ទះ​កំពុង​ធ្វើ​សកម្ម​ភាព​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​សកម្ម​។

លោក​ Smith ​​បាន​សួរ​នាយក​ប្រតិបត្តិ​នីមួយៗ​នៅ​ឯ​សភា​ដែល​រួម​មាន​ក្រុមហ៊ុន​ Airbnb (ABNB.O)​, កូកាកូឡា​ (KO.N), ក្រុមហ៊ុន​ Intel​ (INTC.O), Visa Inc (VN) ​និង​ Procter & Gamble (PG.N)​ ពី​យោបល់​ដែល​ថា ​គួរ​ព្រឹត្តការណ៍​នេះ​ មាន​ការ​ផ្លាស់​ប្តូរ​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ​ ឬ​ពន្យារពេល​ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​។

ជា​ការ​ឆ្លើយ​តប​ពី​បណ្តា​ក្រុមហ៊ុន​ទាំង​​នោះ​ពួក​គេ​ទាំង​អស់​បាន​បដិសេធ​មិន​ចូលរួម ​ឬ​បាន​និយាយ​ថា​ ពួក​គេ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍​នោះ​ឡើយ​៕