ចាប់តាំងពី​មាន​ការ​រាតត្បាត​ជំងឺកូវីដ ១៩​ មក​វីរុស​ SARS-CoV-2 បាន​បំប្លែងខ្លួន​ជា​ច្រើន​ដង​ និងកាន់​តែ​បង្កើន​សមត្ថភាព​ខ្លួន​កាន់​តែ​ខ្លាំងឡើង​។​

បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភព​លោក (WHO) បានចាត់​ថ្នាក់​វ៉ារ៉្យង់បំប្លែង​ខ្លួន​ទាំង​នេះ​ជា​វ៉ារ៉្យង់​គួរ​ឱ្យបារម្ភ​ ដែល​មាន​ ៤ ថ្នាក់​ពោល​គឺ ថ្នាក់​អាល់ហ្វា (Alpha) បេតា (Beta)​ ហ្គាម៉ា (Gamma)​ និងដែល​តា (Delta)។​ បន្ថែម​ពីនេះ ក៏​មាន​វ៉ារ៉្យង់​ ៤ ​ផ្សេងទៀត​រួមមាន ​អេតា (Eta) អាយតា (Iota) កាប៉ា (Kappa) ហើយ​និង​ឡាំដា (Lambda)​ ដែល​ត្រូវ​​បាន​គេកំណត់​ថា​ ជា​វ៉ារ្យ៉ង់​គួរ​យក​ចិត្ត​ទុកដាក់​។​

ទោះ​ជា​យ៉ាងណាក្ដី​ក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ ​គេ​សង្កេត​ឃើញ​មាន​ការ​រីករាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វ៉ារ៉្យង់​ឡាំដា​​ ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ប៉េរូ​ និង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជំនាញ​ជាច្រើន​។​

បច្ចុប្បន្ននេះ វ៉ារ៉្យង់នេះ​កំពុង​លេចធ្លោ​ជាង​គេនៅ​ក្នុង​តំបន់​ភ្នំ Andean នៃ​ប្រទេស​អាមេរិក​ខាង​ត្បូង​ ដែល​បង្ក​ឱ្យ​មាន​អត្រា​មរណភាព​ ​ខ្ពស់​ជាង​គេបំផុត​នៅលើ​ពិភព​លោក ​ខណៈ​ពេល​វ៉ារ៉្យង់​នេះ​ បាន​រីករាល​ដាលដល់​ប្រទេស​យ៉ាង​ហោច​ ២៨ ប្រទេស​ផ្សេង​ទៀត ​រួម​មាន​ អាហ្សង់ទីន​ប្រេស៊ីល ​កូឡុំប៊ី​ អេក្វាទ័រ​ចក្រភពអង់គ្លេស​ អេស្បាញ​ហូល្លង់ បែលហ្សិក​ បារាំង​ ព័រទុយហ្គាល់ និ​ង​សហរដ្ឋ​អាមេរិក​ជាដើម​។ ហើយ​ក្នុង​រយៈ​ពេល​ ៣​ ខែចុង​ក្រោយ​នេះ វ៉ារ៉្យង់​នេះ​ បានកើន​ឡើងដល់​ ៨០ ភាគរយ​នៃ​ករណី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ប៉េរូ​។ នេះបើយោង​តាមវិទ្យា​ស្ថាន​សុខភាព​ជាតិ​របស់​ប្រទេស​។

វេជ្ជបណ្ឌិត​លោក​ Pablo Tsukayama​ ឯកទេស​ផ្នែក​មីក្រូ​ជីវសាស្ត្រ​ម៉ូលេគុល​នៅ​សាកល​វិទ្យាល័យ Cayetano Heredia University​ បាន​ប្រាប់​សារព័ត៌មាន​ Al Jazeera ថា៖ «នៅ​ពេល​ ដែល​យើង​រក​វា​ឃើញ​ដំបូង​ វា​នៅមិន​ទាន់​មាន​ការ​ចាប់អារម្មណ៍​ខ្លាំងនោះទេ។​ប៉ុន្តែយើង​នៅតែបន្ត​ដំណើរ​ការ​សិក្សា​គំរូហើយបើគិត​ត្រឹម​​​ខែ​មីនា ​វ៉ារ៉្យង់​នេះ​មាន​ចំនួន ​៥០ ​ភាគរយ​នៃ​សំណាក​នៅ​លីម៉ាទៅ​ហើយ​។ ហើយ​ត្រឹម​ខែ​ មេសាវាឈាន​​ដល់​​ ៨០ ភាគរយនៃ​សំណាក​នៅក្នុង​ប្រទេស​ប៉េរូ​ ដែល​ការ​លោតឡើង​នេះ ​គឺជា​សូចនាករ​ដំបូង​វ៉ារ៉្យង់​ ដែល​មាន​សមត្ថភាព​ចម្លង​លឿន​»​។

បើ​យោងតាម​ប្រភព​ដដែល​នេះ ​វ៉ារ៉្យងឡាំដា ​មិន​ទាន់​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​នោះទេ​ដោយសា​រ​តែ​សែ ស្រឡាយ​វា​ច្រើន​តែ​កើត​មាន​នៅ​កន្លែង​ដែលមាន​អត្រា​ឆ្លងខ្ពស់​។

លោក​បាន​បន្តថា៖ «ប្រហែល​ត្រឹមខែ​ឧសភា ប្រទេស​ស៊ីលី និង​ប៉េរូ​បាន​ស្នើសុំឱ្យ​អង្គការ​ (WHO) ពិចារណា​លើ​ការ​ដាក់​វ៉ារ្យ៉ង់នេះ​ទៅ​ក្នុងបញ្ជី​វ៉ារ្យ៉ង​គួរ​ចាប់​អា​រម្មណ៍ផ្សេងៗគ្នា។ ហើយ​​នៅ​ពាក់​កណ្តាល​ខែ​ មិថុនា ស្ថាប័ននេះ​បានយល់​ព្រម​ដាក់​វ៉ារ៉្យង់​ចូល​ក្នុង​បញ្ជី​ហើយ​​​ដាក់ឈ្មោះវាថា«​ឡាំដា»។

ការស្រាវជ្រាវ​ថ្មីៗ​ស្ដី​ពី​វ៉ារ៉្យង់​នេះ​បាន​ឱ្យដឹងថា ​វ៉ារ៉្យង់​នេះ​បាន​បំប្លែង​ ខ្លួន​នៅ​ក្នុង​ប្រូតេអ៊ីន​ ដែល​ជា​ផ្នែក​វីរុស​មាន​ទំនាក់ទំន​ងជាមួយ​កោសិកា​មនុស្ស​ច្រើនជាង​គេ​ ដោយ​ធ្វើ​ការ​ចង​ភ្ជាប់​ខ្លួន​វា​ជាមួយ​នឹង​កោសិកា​នោះ​ ហើយ​ចម្លង​លើ​កោសិកាតែ​ម្ដង​។

បើយោង​តាម​ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ខែកក្កដា​ដោយ​ក្រុម​វេជ្ជបណ្ឌិត​មក​ពី​សាលា​វេជ្ជ​សាស្ត្រ​​Grossman​នៃសាកល​វិទ្យាល័យ​ញូវយ៉ក ​បាន​ឱ្យដឹងថា ការ​បំប្លែង​ ខ្លួន​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅក្នុង​ប្រូតេអ៊ីន​ គឺ​ដើម្បី​បង្កើន​សមត្ថភាព​ឆ្លង​របស់វា​ ដែល​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​នា​ពេល​បច្ចុប្បន្ននេះ​។​

យោងតាម វីរុស​វិទូលោក Ricardo Soto-Rifo នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជីវសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ប្រទេស​ស៊ីលី​បានឱ្យដឹង​ថា​ការ​ផ្លាស់ប្តូរ​ហ្ស៊ែន​ ១​ ប្រភេទ​ ដែលមាន​ឈ្មោះថា ​L452Q ​គឺ​ស្រដៀង​គ្នា​នឹង​ការ​ផ្លាស់ប្តូរ​ ដែល​គេ​ឃើញ​នៅ​ក្នុង​ដំណើរ​ការ​បំលែង​ខ្លួន​នៃ​វ៉ារ៉្យង់​ដែល​តា​ ហើយ​គេ​ជឿជាក់​ថា​ បំផ្លាស់​ប្ដូរ​នេះ​នឹង​រួមចំណែក​ដល់​អត្រាឆ្លងខ្ពស់។ ​ប៉ុន្តែ​លោក Soto-Rifo ​បានបញ្ជាក់​ថា​ឥទ្ធិពល​ពិតប្រាកដ​នៃ​ការ​ផ្លាស់​ប្តូរ​មុយ​តាស្យុង​នៅ​តែមិនទាន់​ច្បាស់​នៅឡើយ​។

លោកSoto-Rifoនិង​អ្នក​វិទ្យាសាស្ត្រ​ដទៃទៀត​ កំពុង​​ធ្វើការសិក្សាបឋម​មួយស្ដីអំពី ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​ចិន​ CoronaVac លើ​វ៉ារ្យ៉ង់​នេះ ប៉ុន្តែ​ការសិក្សានេះ​នៅ​​មិន​ទាន់ពិនិត្យ​មើលឡើ​ងវិ​ញ និង​វាយតម្លៃ​នៅ​ឡើយ​ទេ​។ ទោះយ៉ាងណា​លទ្ធផល​បាន​បង្ហាញថា ​វ៉ារ៉្យង់​ឡាំដា​ អាច​បន្សាប​អង្គ​បដិ​បក្ខ​ប្រាណ​ ដែល​បង្កើត​ដោយ​វ៉ាក់សាំងបាន​​។

ប៉ុន្តែ​សំណួរសួរថា តើ​យើង​គួរ​ព្រួយបារម្ភពី​វ៉ារ៉្យង់​នេះ​ឬទេ​? វេជ្ជបណ្ឌិត Roselyn Lemus-Martin ដែល​មាន​សញ្ញាបត្រ​បណ្ឌិតផ្នែក​ជីវវិទ្យា​ និង​ជីវវិទ្យា​កោសិកាពី​សាកល​វិទ្យាល័យ ​Oxford ​និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​ឆ្លើយ​ថា​នៅ​មិនទាន់ទេ​។​

លោក Lemus-Martin ​បាន​ប្រាប់​សារព័ត៌មាន​ Al Jazeera ថា​៖ «កាលពីដើម​ឡើយ ​យើង​មាន​ការ​ព្រួយ​បារម្ភខ្លាំងណាស់…យើងគិតថា​ដោយសារ​យើងគិត​ថា​វ៉ារ៉្យង់នេះ ​អាច​នឹង​ឆ្លង​ខ្លាំង​ជាង​វ៉ារ៉្យង់​ដែល​តា។​ ប៉ុន្តែ​ ឥឡូវនេះនៅ​សហ​រដ្ឋអាមេរិក​ជា​ឧទាហរណ៍​យើង​បាន​ឃើញថា ​វ៉ារ៉្យង់​ដែលតា​ នៅ​តែឆ្លង​ខ្លាំង​ជាង​គេ​ដដែល​ ខណៈ​វ៉ារ៉្យង់​ឡាំដា​នៅ​មិនទាន់​ឆ្លង​លឿន​ខ្លាំង​ទៅ​តំបន់​ផ្សេង​នៅ​ឡើយ​ទេ»​៕