រោងចក្រ​នៅ​ប្រទេស​ចិន ​ប្រឈម​នឹង​ការ​បាត់​បង់​បុគ្គលិក​នា​​ពេល​អនាគត​ដោយ​ចំនួន​មនុស្ស​វ័យ​ក្មេង​​ធ្វើ​ការ​នៅ​រោងចក្រ​មាន​ចំនួន​តិច​ទៅៗ​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​​ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​ (NBS) បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​​ ២០១៩​ ភាគរយ​នៃ​ពលករ​ចំណាក​ស្រុក​ដែល​មាន​អាយុ​លើស​ពី ​៥០​ ឆ្នាំ​ឡើង​មាន​ដល់​ ២៤,៦ ​ភាគរយ​នៃ​ក្រុម​​អាយុ​​នេះ ​កើន​ឡើង​ទ្វេ​ដង​ពី​ ១១,៤​ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៨​។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​តួលេខ​នេះ បាន​​កើន​ឡើង​ប្រហែល​ពី​ ១ ​ទៅ​ ២​ ភាគរយ​ ក្នុង ១​ ឆ្នាំ​តែ​ប៉ុណ្ណោះ​​។

ចំនួន​នេះ​ មិន​ត្រឹម​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​មនុស្ស​វ័យ​ចំណាស់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ផលិតកម្ម​ក្នុង​រោងចក្រ​ឡើយ​ ការ​អន់​ថយ​នេះ​ក៏​បង្ហាញ​ពី​ទីផ្សារ​ទូលាយ​ដែល​មាន​នៅ​ក្នុង​វិស័យ​នេះ​នា​ពេល​បច្ចុប្បន្ន​។​

អត្រា​កំណើន​នៃ​ចំនួន​ពលករ​ចំណាក​ស្រុក​បាន​កើន​ឡើង​ដល់ ៥,៤២​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១០​ ប៉ុន្តែ​​​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ០,៨៤​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩។ នៅ​ក្នុង​អំឡុង​​ពេល​មាន​រោគ​រាតត្បាត​​ជា​សកល​ចំនួន​ពលករ​​​ធ្វើ​ការ​ក្នុង​​រោងចក្រ​ក៏​មាន​ការ​ថយ​ចុះ​ចំនួន​ ១,៧៨ ​ភាគរយ​បន្ថែម​ទៀត​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNBC​ កាល​ពី​ខែ​មេសា​ ឆ្នាំ ​២០២១​ តួលេខ​ផ្លូវ​ការ​​របស់​ប្រទេស​ចិន​ បាន​បង្ហាញ​ថា​ ចំនួន​ប្រជាពលរដ្ឋ​​គ្រប់​អាយុ​​​ធ្វើ​ការ​បាន​មាន​ការ​ថយ​ចុះ​ជាង​ ៥ ​លាន​នាក់​ក្នុង ​១ ​ទសវត្សរ៍​​ចុង​ក្រោយ​​នេះ​។ ការ​ធ្លាក់​ចុះ​នេះ គឺ​​ដោយសារ​​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​ ទោះបី​ជា​មាន​ការ​ដក​ចេញ​​នៃ​គោល​នយោបាយ​កូន ១ ​​ក្នុង ១ ​គ្រួសារ​នៅ​ប្រទេស​ចិន ​ក៏​ដោយ​។

ការ​​ធ្លាក់​​ចុះ​នៃ​កម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​ប្រទេស​ចិន បាន​​ធ្វើ​ឱ្យ​បណ្តា​រោងចក្រ​មួយ​ចំនួន​ងាក​ទៅ​រក​វិស័យ​បច្ចេកវិទ្យា ដើម្បី​ជា​​ជំនួយ​ដោះស្រាយ​បញ្ហា​នេះ។ ចំពោះ​រោងចក្រ​ផ្សេងៗ​ទៀត​ បាន​​ជំរុញ​ឱ្យ​​មាន​ការ​បន្ថែម​ប្រាក់​ឈ្នួល​​ទៅ​កម្មករ​ក្នុង​រោងចក្រ​របស់​ខ្លួន។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNBC ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន Midea លោក Shirley Zhou បាន​និយាយ​ថា មនុស្ស​ដែល​មាន​វ័យ​ក្មេង​ពុំ​មាន​បំណង​ធ្វើ​ការ​នៅ​រោងចក្រ​ឡើយ។ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ Midea​ អាច​រក​បាន​​​កម្មករ​គ្រប់​គ្រាន់​សម្រាប់​ក្រុមហ៊ុន​​ ប៉ុន្តែ​ខ្លួន​ក៏​បាន​រៀបចំ​ផែនការ​ ៣ ​ឆ្នាំ​ ក្នុង​ការ​បញ្ចូល​ជំនាញ​បច្ចេកវិទ្យា​បន្ថែម​ទៀត​ទៅ​ក្នុង​រោងចក្រ​ចំនួន​ ៣៤ ​របស់​ខ្លួន​។​

ក្រុមហ៊ុន​បាន​ព្យាករ​ថា​ ការ​ផលិត​ស្វ័យ​ប្រវត្តិកម្ម​ជា​មួយ​ឧបករណ៍​ចាប់​សញ្ញា​ និង​រ៉ូបូត​នឹង​​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ផលិតកម្ម​រោងចក្រ​របស់​ខ្លួន​ពី ១៥ ទៅ ២០ ភាគរយ​។

លោក Zhou បាន​និយាយ​បន្ថែម​​​ថា​​ ចំពោះ​រោងចក្រ​ចំនួន​ ២​ ដែល​បាន​បញ្ចូល​បច្ចេកវិទ្យា​​រួច​ហើយ​ទទួល​បាន​ប្រសិទ្ធភាព​កើន​ឡើង​ជិត​ ៣០ ​ភាគរយ​៕