ក្រុម​តវ៉ា​នៅ​ប្រទេស​គុយបា ​មាន​ការ​ភ័យ​ខ្លាច​បន្ទាប់​ពី​អាជ្ញាធរ​ចាប់​ផ្តើម​បង្រ្កាប​ការ​តវ៉ា​ដោយ​ចាប់​ខ្លួន​អ្នក​តវ៉ា​។

តាម​ការ​រាយការណ៍​របស់សារព័ត៌មាន​ The​ New​ York​ Times​ អង្គការ​សិទិ្ធ​មនុស្ស​បាន​ឱ្យ​​ដឹង​ថា​ ប្រជាជន​គុយបា​ប្រមាណ​ ៧០០ ​នាក់​ កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ឃុំ​ខ្លួន​។ ចំពោះ​ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្នុង​ការ​កាត់​ក្តី​រហ័ស​ដែល​មិន​តម្រូវ​ឱ្យ​​មាន​មេធាវី​ការពារ​ក្តី​ឡើយ​​។

តាម​​ការ​រាយការណ៍​របស់​ប្រភព​ដដែល​ ប្រជាជន​ដែល​បាន​ធ្វើ​ការ​តវ៉ា​ និង​សាច់​ញាតិ​របស់​ពួក​​​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក​គេ​។ អ្នក​ដែល​​មាន​សាច់​ញាតិ​កំពុង​ជាប់​ឃុំ​បាន​សម្តែង​ការ​ភ័យ​ខ្លាច​ថា ​ការ​និយាយ​​​ស្តី​របស់​ពួក​គេ​នឹង​នាំ​ឱ្យ​សាច់​​ញាតិ​​របស់​ពួក​គេ​មាន​ការ​លំបាក​បន្ថែម​​នៅ​អំឡុង​ពេល​ឃុំឃាំង​នោះ​។

បន្ទាប់​ពី​មាន​ការ​តវ៉ា​នៅ​ប្រទេស​គុយបា ​អស់​រយៈ​ពេល​ ២ ​​សប្តាហ៍​មក​​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​មាន​ភាព​ធ្ងន់ធ្ងរ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ថ្កោល​ទោស​ក្រុម​អ្នក​តវ៉ា​ថា​ ជា​ជន​បោក​ប្រាស់​ និង​ចោរ។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ក្រុម​​អ្នក​តវ៉ា​បាន​និយាយ​ថា​ មន្រ្តី​ប៉ូលិស​បាន​ទៅ​ធ្វើ​ការ​ឃុំ​ខ្លួន​ពួក​គេ​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​។

កាល​ពី​ថ្ងៃទី ២៧​ កក្កដា សហរដ្ឋអាមេរិក​​ និង​​ប្រទេស​​ ២០ ផ្សេង​​​ទៀត​ បាន​ថ្កោល​ទោស​ប្រទេស​គុយបា ​ចំពោះ​ការ​បង្ក្រាប​របស់​ខ្លួន​លើ​ក្រុម​អ្នក​តវ៉ា​ និង​បានអំពាវនាវ​ឱ្យ​ប្រទេស​គុយបា ​ដោះ​លែង​ក្រុម​អ្នក​តវ៉ា​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​​ VOA រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក​ Antony​Blinken​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ ​«សព្វថ្ងៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភព​លោក​កំពុង​ជួប​ជុំ​គ្នា​ ដើម្បី​គាំទ្រ​ប្រជាជន​គុយបា​ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គុយបា​គោរព​ការ​ទាមទារ​របស់​ប្រជាជន​គុយបា​ចំពោះ​សិទ្ធិ​មនុស្ស​ជា​សកល​»។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ប្រទេស​ដែល​ធ្វើ​ការ​ថ្កោល​ទោស​គុយបា​បាន​និយាយ​ថា​ ប្រជាជន​គុយបា​រាប់​ពាន់​នាក់​ដែល​បាន​ធ្វើ​​ដំណើរ​តាម​ដង​ផ្លូវ​កាល​ពី​ថ្ងៃទី ​១១​ ខែ​កក្កដា ​បាន​អនុវត្ត​សេរីភាព​​ខាង​បញ្ចេញ​មតិ​ និង​ការជួប​​ប្រជុំ​គ្នា​ដែល​ជាសិទ្ធិ​ដែល​មាន​ចែង​ក្នុង​​ធម្មនុញ្ញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​​បាន​បន្ត​សរសេរ​ថា​៖ «យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គុយបា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​សំឡេង​​ និង​ការ​ទាមទារ​របស់​ប្រជាជន​គុយបា​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​តវ៉ា​នៅ​ប្រទេស​គុយបា បាន​កើត​ឡើង​ដោយសារ​កង្វះ​ទីជម្រក​ អាហារ និង​ថ្នាំ​ពេទ្យ​ក៏​ដូច​ជា​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​រឿយៗ​នៅ​ក្នុង​ប្រទេស​នេះ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩៕