គេសង្កេតឃើញគូប្រជែងខាងនយោបាយរបស់លោក Vladimir Putin ដែលលេចធ្លោជាងគេ គឺលោក Alexei Navalny ចាប់ផ្ដើមអស់ឥទ្ធិពលបន្ដិចម្ដងៗ ដោយសារវិធានការបង្ក្រាបខាងវិមានក្រឹមឡាំង ជាបន្តបន្ទាប់ ដែលធ្វើឱ្យទស្សនៈមួយចំនួនយល់ថា ការប្រកួតប្រជែងជាមួយនឹងលោក Putin ស្ទើរតែមិនអាចទៅរួចសម្រាប់អ្នក ដែលចង់ដឹកនាំចលនាក្រោយៗ។
បើយោងតាមសារព័ត៌មាន The Wall Street Journal ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធររុស្ស៊ីបានបង្កើនយុទ្ធនាការបង្ក្រាបអ្នករិះគន់ និងអង្គការនានា ដែលត្រូវបានគេមើលឃើញថា ជាអង្គភាពប្រឆាំងរដ្ឋាភិបាលមុនការបោះឆ្នោតសភានាពេលខាងមុខ។
ក្នុងចំណោមវិធានការទាំងអស់នោះ អាជ្ញាធរដដែលនេះក៏បានចាប់ឃុំខ្លួន មេដឹកនាំគណបក្សប្រឆាំង ក្រុមសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់ហើយបានបង្ខំឱ្យរំសាយក្រុមទាំងនោះចោលព្រមទាំង អង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា ដែលបំបិទសិទ្ធិសេរីភាពជារៀងរាល់សប្តាហ៍ ចាប់តាំងពីការចាប់ដាក់ពន្ធនាគារលោក Alexei Navalny កាលពីខែមេសា កន្លងទៅ។
សម្រាប់អ្នកអត្ថាធិប្បាយនយោបាយ និងអ្នកឃ្លាំមើលវិមានក្រឹមឡាំង ការគាបសង្កត់នេះ គឺជាភ័ស្តុតាងបន្ថែមទៀតថា របបលោក Putin កាន់តែមានភាពរឹងមាំបន្ថែមទៀត បើទោះបីជាសង្គមមិនពេញចិត្តការដឹកនាំរបស់លោក ក្នុងការដឹកនាំសេដ្ឋកិច្ច និងការរងទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចស្ដីអំពីការរំលោភបំពានទាំងសិទ្ធិមនុស្សក៏ដោយ។
អ្នកវិភាគបាននិយាយថា មេដឹកនាំរូបនេះ ហាក់ដូចជា មិនខ្លាចការគំរាមកំហែងពីក្រុមប្រឆាំង ឬការគាបសង្កត់ពីអាមេរិកឡើយ ហើយលោកកាន់តែមិនខ្វល់ពីមតិរបស់សាធារណជន។ អាជ្ញាធរ នៅតែចាត់វិធានជាច្រើន ដើម្បីរារាំងកន្លែងណាមួយ ដែលរៀបចំការតវ៉ាតាមដងផ្លូវ ឬ ការស៊ើបអង្កេតកិច្ចការហិរញ្ញវត្ថុរបស់លោក Putin និងក្រុមផ្ទៃក្នុងរបស់គាត់។
លោក Vladislav Inozemtsev នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាវិបត្តិក្រោយឧស្សាហកម្ម ដែលជាអង្គការមិនគិតប្រាក់ចំណេញប្រចាំនៅទីក្រុងម៉ូស្គូ បានមានប្រសាសន៍ថា៖ «វាបង្ហាញថា ឥឡូវនេះ លោក Putin មានទំនុកចិត្តលើខ្លួនឯង ហើយគាត់អាចពឹងផ្អែកលើកម្លាំងយោធា ដោយជឿជាក់ថា វាមិនមានករណីចាំបាច់ក្នុងការធ្វើពាណិជ្ជកម្មរវាង សង្គម និងរដ្ឋាភិបាលទេ»។
គួរបញ្ជាក់ផងដែរថា វិធានចុងក្រោយបំផុត ដែលអាជ្ញាធររុស្ស៊ី បានធ្វើគឺបិទការចូលទៅកាន់គេហទំព័ររបស់លោក Navalny គឺ Navalny.com និងគេហទំព័ររាប់សិបកន្លែងផ្សេងទៀត កាលពីថ្ងៃចន្ទរួមទាំងផ្អាកដំណើរការមូលនិធិប្រឆាំងអំពើពុករលួយរបស់លោក និងបុគ្គលនិងអង្គការដែលពាក់ព័ន្ធជាមួយលោកផងដែរ។
គេហទំព័រទាំងនេះ គឺជាមធ្យោបាយចម្បងមួយរបស់លោក Navalny ក្នុងការទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់លោក ក្រោយពេលលោកជាប់ពន្ធនាគារ។ ការបិទការចូលទៅកាន់គេហទំព័រនេះ កើតឡើងក្រោយពេលគេនិយាយថា ចលនារបស់លោកជាអង្គការជ្រុលនិយម ហើយត្រូវបានចាត់ថ្នាក់ស្មើនឹង ក្រុមភេរវករ ដូចជា ក្រុមអាល់កៃដាឬ ការគោរពសាសនាជ្រុលនិយមផ្សេងទៀត។
ប៉ុន្តែរយៈពេល ៣ ខែចុងក្រោយនេះ គេឃើញមានការផ្លាស់ប្ដូរយ៉ាងលឿនមួយ ដែលអាជ្ញាធរបានប្រើច្បាប់ជ្រុលនិយម ដើម្បីដាក់ស្លាកក្រុមនិងបុគ្គលប្រឆាំងរដ្ឋាភិបាលថា ជា «ភ្នាក់ងារបរទេស» ឬ «ក្រុមមិនគួរឱ្យត្រូវការក្នុងសង្គម» ទៅលើស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានយ៉ាងតិច ១៧ ស្ថាប័ន ដោយធ្វើការបញ្ឈប់ប្រតិបត្តិការ ឬកំណត់វិសាលភាពនៃការងាររបស់ពួកគេ ចាប់តាំងពីចុងខែមេសាកន្លងមក។
ក្នុងចំណោមនោះ អង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យ Open Russia បង្កើតឡើងដោយមហាសេដ្ឋីជំនួញលោក Mikhail Khodorkovsky បាននិយាយកាលពីខែឧសភាថា នឹងបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដើម្បីចៀសវាងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ចំពោះបុគ្គលិករបស់ខ្លួន។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ត្រូវបានគេដាក់ស្លាកថា ជាអង្គការគេមិនត្រូវការក្នុងសង្គមនៅឆ្នាំ ២០១៧ ប៉ុន្តែច្បាប់ថ្មីដែលផ្តោតលើក្រុមទាំងមូលបែបនេះ បានបង្កើតឱ្យមានការជំទាស់ពីសំណាក់សាធារណជន និងអ្នកនយោបាយទូទៅ។
ទោះយ៉ាងណា អ្នកវិភាគនយោបាយនិយាយថា សមយុទ្ធរបស់រដ្ឋាភិបាលពិតជាហួសពីកិច្ចប្រឹងប្រែងមុនការបោះឆ្នោតធម្មតារបស់ខ្លួនដើម្បីបង្ក្រាបការប្រឆាំងណាស់។លោកស្រី Valentina Dekhtyarenko សកម្មជនក្រុមសិទ្ធិមនុស្ស Zona Prava នៅទីក្រុងម៉ូស្គូ បាននិយាយថា៖ «កាលដំបូងឡើយ គេមើលទៅហាក់ដូចស្រដៀងនឹងការសម្អាតវិស័យសកម្មជនក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើការដោយឯករាជ្យពីរដ្ឋ មុនពេលបោះឆ្នោតអ៊ីចឹង ប៉ុន្តែធាតុពិតមានច្រើនជាងនេះ»។
ទោះយ៉ាងណាក្ដី ក្រុមអ្នកនយោបាយនិរទេស និងក្រុមប្រព័ន្ធផ្សព្វផ្សាយបរទេស បាននិយាយថា ពួកគេនឹងបន្តព្យាយាមបង្ហាញពីវិធានមិនត្រឹមត្រូវរបស់រដ្ឋាភិបាល និងផ្តល់ការគាំទ្រដល់ខាងភាគីប្រឆាំងវិញ។
លោក Dmitry Gudkov ប្រធានគណបក្សប្រឆាំង និងសកម្មជនដទៃទៀត បាននិយាយថា ពួកគេនឹងបន្តលើកទឹកចិត្តជនជាតិរុស្ស៊ីឱ្យអនុវត្តនូវអ្វី ដែលគេហៅថា ការបោះឆ្នោត ជាយុទ្ធសាស្ត្រដែលលោក Navalny បានប្រើប្រាស់ ដើម្បីយកឈ្នះគូប្រជែងខ្លាំងបំផុតរបស់លោក គឺ លោក Putin ដោយមិនខ្វល់ថា ពួកគេតំណាងឱ្យគណបក្សណានោះទេ៕