វិបត្តិ​នយោបាយ​នៅ​ទុយនីស៊ី​ បាន​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ឃោសនា​ និង​ការ​កេង​យក​ប្រយោជន៍​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពី​បរទេស ដោយ​ព្យាយាម​បំភ្លៃ​រឿង​ ដើម្បី​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ទុយនីស៊ី​លោក ​Kais Saied ​ដែល​បណ្តេញ​នាយក​រដ្ឋមន្រ្តី​ចេញ​ពី​តំណែង​​ និង​បង្កក​សភា​មាន​ភាព​​សម​ហេតុផល​។​

សារព័ត៌មាន​កាតា គឺ​​ Al Jazeera ហាក់​មាន​ទំនោរ​លើ​បក្ស​រដ្ឋាភិបាល​ទុយនីស៊ី​ Ennahda ​បាន​ចុះ​ផ្សាយ​ថា​​​ ក្រោយ​​ព័ត៌មាន​ស្ដីពី​ការ​សម្រេច​ចិត្ត​របស់​លោក​ Saied ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​​បាន​សាយ​ភាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហាសថេគ​ (Hashtag) ​«​​ទុយនីស៊ី​បះបោរ​ប្រឆាំង ​ភាត​រភាព​» ​ដែល​សំដៅ​លើ​ក្រុម​នយោបាយ​​ភាតរភាព​មូស្លីម​ (Muslim Brotherhood) ​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ធ្វីធើរ​​។​

ការ​វិភាគ​មួយ​អំពី​ទិន្នន័យ​ និង​ការ​សន្ទនា​តាម​បណ្តាញ​សង្គម​ អាច​បង្ហាញ​ពី​ការ​យល់ដឹង​ជា​ច្រើន​ដូច​ជា​អ្នក​ណា​កំពុង​សរសេរ​អំពី​ប្រធានបទ​ជាក់លាក់​មួយ​ហើយ​សំឡេង​របស់​ពួក​គេ​មាន​ឥទ្ធិពល​លើ​ប្រធានបទ​នោះ​។​ វា​ក៏​អាច​ចង្អុល​បង្ហាញ​ពី​កន្លែង​ដែល​មនុស្ស​ទាំង​នោះ​ស្ថិត​នៅ​ និង​​ថា ​តើ​ពួក​គេ​​ប្រើ​គណនី​ពិត ឬ​ក្លែងក្លាយ​​​​ការ​សន្ទនា​ជា​សាធារណៈ​តាមរយៈ​ការ​ត្រួត​ពិនិត្យ និង​​ការ​បំភិត​បំភ័យ​ និង​​ការ​រៀបចំ​អ្វី​មួយ​ឱ្យ​ក្លាយ​ជា​រឿង​ពេញ​និយម​។​

ជាមួយ​គ្នា​នោះ​ ការ​វិភាគ​លើ​ធ្វីត​​​ចំនួន​ ១២​ ០០០ ពី​គណនី​ធ្វីធើរ​​ចំនួន​ ៦ ៨០០ ​ដែល​ភ្ជាប់​ជាមួយ​នឹង​ Hashtag ​«​​​ទុយនីស៊ី​បះបោរ​ប្រឆាំង​ភាតរភាព​» ​​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោយ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​​​ពី​ប្រទេស​ក្នុង​ឈូង​សមុទ្រ​ពែរ៍្ស​ ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់​ប្រធានាធិបតី​ថា ​ជា​ការ​បះបោរ​ទុយនីស៊ី​ដ៏​ពេញ​​និយម​ប្រឆាំង​នឹង​ក្រុម​អ៊ិស្លាម​ដូចជា​ Muslim ​Brotherhood​។ ​

អ្នក​ប្រើប្រាស់​ធ្វីធើរ​​ដែល​ធ្វីត​​ភ្ជាប់​ជាមួយ​នឹង​ Hashtag ​​​បែប នេះ​ភាគ​ច្រើន​មក​ពី​អារ៉ាប៊ី សាអូឌីត​ និង​អេមីរ៉ាត​អារ៉ាប់​រួម​។​ គេ​កត់​សម្គាល់​ថា​ ក្នុង​នោះ​មាន​ទាំង​អ្នក​មាន​ឥទ្វិពល​ម្នាក់​ឈ្មោះ ​Al-Shaykh​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេខ្លោង​ធំ​មួយ​នៅ​លើ​ធ្វីធើរ​​ក្នុង​ពិភព​អារ៉ាប់​។​

ក្នុង​ការ​វិភាគ​អំពី​ Hashtag ​ក្រោយ​អ្នក​កាសែត​អារ៉ាប៊ី សាអ៊ូឌីត​ លោក​ Jamal Kha-shoggi​ ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំ​ ២០១៨​ ការ​សិក្សា​មួយ​របស់​​លោក​ Alexei Abrahams និង​​លោក​ Andrew Leber ​ដែល​ជា​អ្នក​សិក្សា​នៅ​សាកលវិទ្យាល័យ​ Harvard​ បាន​ចង​ក្រង​ថា​ នៅ​លើ Hashtag​ ទាក់ទង​នឹង​​ការ​​ស្លាប់​របស់​លោក​ Khashoggi​ ធ្វីត​របស់​លោក​ al-Shaykh​ បាន​រួម​ចំណែក​ ៨ ​ភាគរយ​នៃ​ធ្វីត​ទាក់ទង​ទាំង​អស់​​​។

ភាគ​ច្រើន​នៃ​គណនី​ផ្សេង​ទៀត​ដែល​ផ្សព្វផ្សាយ​​អំពី​ទុយនីស៊ី​ក៏​ជា​អ្នក​ចូលរួម​ទៀង​ទាត់​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​តំបន់​ផង​ដែរ​ក្នុង​នោះ​រួម​មាន​ទាំង​គណនី​ក្លែងក្លាយ និង​​គណនី​ដែល​ត្រូវ​បាន​គេ​លួច​។​ ការ​ប្រើប្រាស់​គណនី​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ ឬ​ទីផ្សារ​ជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ​ ប៉ុន្តែ​លើស​ពី​នេះ​ គណនី​ទាំង​នេះ​ ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​ក្នុង​ប្រទេស​មជិ្ឈមបូព៌ា​ និង​អាហ្រ្វិក​ខាង​ជើង​ ជា​ពិសេស​នៅ​ពេល​មាន​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​។​

តាមរយៈ​នេះ​ អ្នក​ឃោសនា​បាន​ប្រើ​ Hashtag ​«​​ទុយនីស៊ី​បះបោរ​ប្រឆាំង​ភាតរភាព​»​ ​ក្នុង​នាម​ប្រជាជន​ទុយនេស៊ី​ ដោយ​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​តាម​ដាន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ថា ​ក្រុម​ Muslim Brotherhood ​​តំណាង​ឱ្យ​ការ​គំរាម​កំហែង​ហើយ​​អាច​ពង្វក់​ប្រទេស​ឱ្យ​វិល​ត្រឡប់​ទៅ​រក​របប​ផ្តាច់​ការ​វិញ។

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ ៣ ថ្ងៃ ​មុន​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ Saied​ លោក​ Dhahi ​Khalfan​ Tamim​អនុប្រធាន​ប៉ូលិស​នៃ​ទីក្រុង​ឌូបៃ​ បាន​សរសេរ​សារ​បែប​កំប្លែង​ថា៖ ​«​ដំណឹង​ល្អ​ការ​វាយ​លុក​ថ្មី​ខ្លាំង​នឹង​មក​រក​ Brotherhood​»​។ ​នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​របស់​តួកគី​ TRT​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​​ Rachid​ ​Ghannouch ​​ប្រធាន​​សភា​ ​និង​​​ជា​​មេ​ដឹកនាំ​​បក្ស​​ Ennahda​ ដែល​ហៅ​សកម្មភាព​របស់​លោក​ Saied ​ថា ​ខុស​ពី​រដ្ឋធម្មនុញ្ញ​ និង​ជា​ការ​ធ្វើ​រដ្ឋប្រហារ​បាន​ចោទ​ប្រកាន់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អារ៉ាប់​រួម​ថា ​បាន​ជំរុញ​ឱ្យ​មាន​រដ្ឋ​ប្រហារ​នៅ​ទុយនីស៊ី​។​

យ៉ាង​ណា​មិញ ​មិន​មាន​ភ័ស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ​រដ្ឋាភិបាល​បរទេស​បាន​ដាក់​សម្ពាធ​លោក ​Saied ​ឱ្យ​ចាត់​វិធានការ​បែប​នេះ​នោះ​ទេ​ ហើយ​អ្នក​វិភាគ​ជន​ជាតិ​ទុយនីស៊ី​ម្នាក់​លោក​ Mohamed-Dhia​ Hammami​ បាន​និយាយ​ថា​ លោក​គិត​ថា ​វា​មិន​ទំនង​សោះ​ចំពោះ​រឿង​បែប​នេះ​៕

ហួន ឌីណា