ករណី​ឆ្លង​​ជំងឺ​​កូវីដ​​ ១៩ នៅ​ប្រទេស​​ឥណ្ឌូនេស៊ី​ កាន់​តែ​​កើន​ឡើង​​​ខ្លាំង​ដោយសារ​វត្តមាន​​របស់​វ៉ារ៉្យង់ ​​​Delta ​ដែល​​​បណ្ដា​ល​​​ឱ្យ​​ក​រ​ណី​​ឆ្ល​ង​​​នៅ​ប្រទេស​​នេះ​​​កើ​ន​​​ដ​ល់​​ ១ លាន​​​​ករណី​​​ក្នុង​​រយៈពេល​ ១ ខែ​​​ខ​ណៈ​​អ្ន​ក​​ជំ​នាញ​រំឭក​​​​​​ថា​ ករណី​​ឆ្លង​​​អា​ច​​​នឹ​ង​​​កើ​ន​​​ឡើ​ង​​​ច្រើ​ន​ជាង​​​នេះ​​​ទៀត​បើ​​​​​មិន​​​បា​ន​​​​​ធ្វើ​​​តេ​ស្ត​​​បាន​​​​ត្រឹមត្រូវ។

ករណី​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ​ បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​នៅ​ប្រទេស​នេះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ដោយ​សូម្បី​តែ​អ្នក​ជំងឺ​​ធ្ងន់ធ្ងរ​ក៏​មិន​អាច​ទទួល​បាន​ការ​ថែទាំ​ត្រឹមត្រូវ​នៅ​ក្នុង​មន្ទីរពេទ្យ​ដែរ​។ ​ក្នុង​រយៈពេល ៣០ ​ថ្ងៃ​ចុង​ក្រោ​យ​នេះ​ ករណី​ស្លាប់​នៅ​ប្រទេស​នេះ​ កើន​ឡើង​ដល់​ទៅ​ ២៨ ០០០ ​ករណី​ ខណៈ​អ្នក​ជំងឺ​ខ្លះ​ស្លាប់​ពេល​ធ្វើ​ចត្តាឡីស័ក​នៅ​​ផ្ទះ។

មុន​ពេល​មាន​ជំងឺ​រាតត្បាត​ គ្រួសារ​និង​សហគមន៍​មូលដ្ឋាន​ មាន​​នាទី​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព​ផ្ទាល់​ខ្លួន​ ចំពោះ​អ្នក​ស្លាប់​ ហើយ​បើ​​តាម​ទំនៀម​ទម្លាប់​​សាសនា​អ៊ិស្លាម​គេ​សង្កេត​ឃើញ​​ថា​ ប្រជាជន​ឥណ្ឌូនេស៊ី​ប្រហែល​ ៩០ ភាគរយ​ បាន​រៀប​ចំ​បុណ្យ​សព​តាម​របៀប​​លាង​ និង​រុំ​សាកសព​ ដោយ​ក្រណាត់​ស​ និង​ធ្វើ​ពិធី​បួងសួង​ដល់​អ្នក​ស្លាប់​មុន​ពេល​គេ​តម្កល់​សាកសព​នៅ​ទីតាំង​បង្ហើយ។

កាល​ពី​មាន​ជំងឺ​រាតត្បាត​ដំបូង​នេះ​ បុគ្គលិក​សុខាភិបាល​ និង​គ្រូពេទ្យ​បាន​ជួយ​រៀបចំ​បញ្ចុះ​សព​អ្នក ​ដែល​ស្លាប់​​ ដោយសារ​ជំងឺ​កូវីដ ១៩។ ​

យ៉ាងណា​មិញ​ បុគ្គលិក​សុខាភិបាល​ជា​ច្រើន​ ដែល​ធ្លាប់​ទទួល​រៀបចំ​បញ្ចុះ​សព​អ្នក​ជំងឺ​កូវីដ​ត្រូវ​​មមាញឹក​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩។​ ដូច្នេះ​តួនាទី​នេះ​ ត្រូវ​ធ្លាក់​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​ ១ ​ក្រុម​នៅ​ឥណ្ឌូនេស៊ី។

នៅ​ពេល​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ចាប់​ផ្តើម​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដំបូង​នៅ​កោះជ្វា​ និង​កោះ​បាលី​ នៅ​ដើម​ខែ​កក្កដា​មន្រ្តី​​ជាន់​ខ្ពស់​តំបន់​ Bogor បាន​បង្កើត​​ក្រុម​ការងារ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ទំនង​ជា​ត្រូវ​ការ​ជំនួយ​បន្ថែម​ ដែល​ជំនួយ​នេះ​រួម​បញ្ចូល​ទាំង​ការ​ផ្តល់​​ការ​ថែទាំ​ចាំបាច់​សម្រាប់​អ្នក​ជំងឺ​កូវីដ ១៩ ដែល​បាន​ស្លាប់​នៅ​​ពេល​​ដាក់​ដោយ​ឡែក​នៅ​ផ្ទះ។

លោក Rino Indira Gusniawan នាយក​ក្រុមហ៊ុន​ចែកចាយ​ទឹក​ក្នុង​តំបន់​ដែល​មាន​ភារកិច្ច​ប្រមូល​ផ្តុំ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ សម្រាប់​ការងារ​នេះ​បាន​ប្រាប់​សារព័ត៌មាន​ CNA ថា​៖ «រដ្ឋាភិបាល​បាន​សម្រេច​ថា​ ពួក​គេ​ត្រូវ​ការ​​មនុស្ស​ ដើម្បី​យក​សាកសព​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នៅ​ផ្ទះ​យក​​​​ទៅ​បញ្ចុះ​។ បញ្ហា​ ២ ​ដែល​យើង​​ចង់​ដោះ​​ស្រាយ​ពេល​បច្ចុប្បន្ន​មាន​កង្វះ​មនុស្ស​យក​សព​ទៅ​បញ្ចុះ​ ដោយសារ​គេ​ខ្លាច​ឆ្លង​ និង​អ្នក​ខ្លះ​ ទៀត​មិន​បាន​អនុវត្ត​តាម​វិធី​ត្រឹមត្រូវ​ ក្នុង​ការ​បញ្ចុះ​សព​អ្នក​ជំងឺ»។

លោក Gusniawan ត្រូវ​សម្រេច​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ពី​អង្គការ​ និង​ក្រុម​ផ្សេងៗ​ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។ ​មិន​យូរ​ប៉ុន្មាន​ក្រុម​ស្ម័គ្រ​ចិត្ត​បញ្ចុះ​សព​ទីក្រុង​ Bogor ​ត្រូវ​បាន​បង្កើត​ឡើង​។

ប្រធាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ លោក​ Wahyu Trisnajaya​ បាន​ប្រាប់​​សារព័ត៌មាន​ CNA ថា៖ ​«ជា​មធ្យម​ យើង​អាច​បញ្ចុះ​សព​ ៥ ​នាក់​ក្នុង ​១ ថ្ងៃ​។ មាន​ថ្ងៃ​ខ្លះ​យើង​ត្រូវ​ទទួល​សព​ពី​ ៩​ ទៅ ១១ ​ក្នុង​ ១ ថ្ងៃ។ ក្រុម​​ការងារ​យើង​ធ្វើ​ការ​សឹង​ ២៤ ម៉ោង​​ ក្នុង​ ១ ​ថ្ងៃ ពេល​ខ្លះ​ក៏​មាន​អ្នក​ហៅ​ម៉ោង ​៣ ​ព្រឹក​ក៏​មាន​។ ដោយសារ​សព​មាន​ផ្ទុក​មេរោគ​កូវីដ ​ដូច្នេះ​យើង​ត្រូវ​បញ្ចុះ​ឱ្យ​ទាន់​ពេល​ ដើម្បី​កុំ​ឱ្យ​ឆ្លង​ដល់​គេ​ទាន់»។​

ក្នុង​ចំណោម​ក្រុម​អ្នកស្ម័គ្រ​ចិត្ត​ចំនួន​​​ ៣០ ​នាក់​ មាន​អ្នក​ស្ម័គ្រ​​ចិត្ត​តែ​ ១៨​ នាក់​ប៉ុណ្ណោះ ដែល​​បាន​ចូលរួម​ ដោយ​ផ្ទាល់​ក្នុង​ការ​បញ្ចុះ​សាកសព។ ​អ្នក​ស្ម័គ្រ​ចិត្ត​ ១២ នាក់​ផ្សេង​ទៀត​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ពី​អ្នក​ ដែល​ត្រូវ​ការ​ជំនួយ​របស់​ពួក​គេ​ធ្វើ​ការងារ​រដ្ឋបាល​ ឬ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ភ័ស្តុភារ​ផ្សេងៗ។

មិន​ថា​ករណី​ណា​ក៏​ដោយ​អ្នក​ស្ម័គ្រ​ទាំង​នេះ​ តម្រូវ​ឱ្យ​មាន​ជំនាញ​​ផ្នែក​ចិត្តសាស្ត្រ​ជាក់​លាក់​ដូចជា​ ទំនាក់ទំនង​ និង​គាំទ្រ​ផ្លូវ​ចិត្ត​ជាមួយ​នឹង​សមាជិក​គ្រួសារ​សាច់​ញាតិ ​ឬ​អ្នកជិត​ខាង​របស់​សព។

ទោះ​យ៉ាង​ណា​ក្ដី​គេ​សង្កេត​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​មិន​មាន​ភាព​ប្រសើរ​ក្នុង​ពេល​ឆាប់ៗ​ឡើយ។​​ ចំនួន​អ្នក​ឆ្លង​ប្រ​ចាំ​ថ្ងៃ​នៅ​​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​ បច្ចុប្បន្ន​ ជា​មធ្យម​ចន្លោះ​ពី​ ២៨​ ០០០ ​ទៅ ​៤៥ ០០០ ​នាក់​ ខណៈ​ចំនួនអ្នក​​​ស្លាប់​បន្ត​កើន​ឡើង​ និង​បំបែក​ឯតទគ្គកម្ម​ច្រើន​ជាង​មុន​ ៥ ដង​ ក្នុង​រយៈពេល ​៧ ​ថ្ងៃ ​ចុង​ក្រោយ​នេះ។​

បើ​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ ទី ​៣០ កក្កដា ​ប្រទេស​នេះ​រក​ឃើញ​​ករណី​​ឆ្លង​សរុប​ជាង​ ៣,៣​ លាន​ករណី​នៅ​​ក្នុង​ប្រទេស​ និង​ករណី​ស្លាប់​ប្រមាណ​ ៩២​ ០០០ ​ករណី​ផង​ដែរ​៕