កាលពីថ្ងៃសៅរ៍ ទី ៣១ កក្កដា មនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ានៅទីក្រុងប៉ារីស និងទីក្រុងដទៃទៀតក្នុងប្រទេសបារាំង ប្រឆាំងនឹងបទបញ្ជាដែលតម្រូវឱ្យបង្ហាញលិខិតចាក់វ៉ាក់សាំងរួចរាល់ ដើម្បីចូលទៅកាន់កន្លែងសាធារណៈ។

ការតវ៉ានេះ មានរយៈពេល ៣ សប្តាហ៍ជាប់គ្នា ដែលប្រជាជនបារាំងប្រឆាំងនឹងវិធានការថ្មីរបស់រដ្ឋាភិបាលរបស់ខ្លួន។

តាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ មន្រ្តីក្រសួងមហាផ្ទៃម្នាក់បាននិយាយថា មនុស្សប្រមាណ ជាង ២០ ម៉ឺននាក់ បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង រួមទាំងមនុស្សប្រមាណជាង

១ ម៉ឺននាក់់នៅប៉ារីសបានធ្វើការតវ៉ានេះ។

គួរបញ្ជាក់ផងដែរថា សភាបារាំងបានអនុម័តច្បាប់ថ្មីមួយនៅសប្តាហ៍នេះ ដែលនឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងជាកាតព្វកិច្ចរបស់បុគ្គលិកសុខាភិបាល និងតម្រូវឱ្យមានការបង្ហាញប័ណ្ណសុខភាពដែលបញ្ជាក់ថា អវិជ្ជមានកូវីដ ១៩ ឬ ទទួលបានការចាក់វ៉ាក់សាំងរួចរាល់ទៅភោជនីយដ្ឋាន កន្លែងតាំងពិព័រណ៍រថភ្លើង និងមន្ទីរពេទ្យ៕