កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ​​ ​អាជ្ញាធរតួក​គី​បាន​ប្រើ​ប្រាស់​ទូក​​​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ដើម្បី​ជម្លៀស​ពី​សណ្ឋា គារ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​រមណីយដ្ឋានមាត់សមុទ្រ​​ Aegean​ Sea ​នៃ​ទី​ក្រុង​ Bodrum​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​នោះ​។

ប្រធានាធិបតី​តួកគី​​ លោក​​ Recep​ Tayyip​ Erdogan​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​តួក​គី នឹង​រ៉ាប់​រង​ថ្លៃ​ស្នាក់​នៅសម្រាប់​ប្រជាពលរដ្ឋ​​រង​ផល​ប៉ះ​ពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ និង​សាង​សង់​ផ្ទះ​ឡើង​វិញ​។ លោក​បាន​និយាយ​ថា​ ពន្ធ​សន្តិសុខ​សង្គម​ និង​ការ​ទូទាត់​ឥណទាន​នឹង​ត្រូវ​ពន្យារ​ពេល​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ ហើយ​អាជីវកម្ម​ខ្នាត​តូច​ នឹង​ត្រូវ​ផ្តល់​ឥណទាន​ដោយ​គ្មាន​ការ​ប្រាក់​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA​ លោក​ Erdogan​​ បាន​​និយាយ​​ថា​​៖ «យើង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​​ពី​ការ​ប្រា​ថ្នា​ចង់​បាន​សេចក្តី​មេត្តា​ករុណា​ពី​ព្រះ​ចំពោះ​​ជីវិត​ដែល​យើង​បាន​បាត់​បង់​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​កសាង​អ្វីៗដែល​បាត់​បង់​ដោយសារ​អគ្គិភ័យ​ឡើង​វិញ​បាន​»។

លោក​បាន​ និយាយ​បន្ត​ថា​ អ្នក​អនុវត្ត​ច្បាប់​ និង​​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ កំពុង​ស្វែង​រក​ការ​អះ​អាង​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ។ លោក Erdogan​ បា​ន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃ​ទី ៣០​ កក្កដា​ថា​ ករណី​នេះ មិន​មែន​ជា​ករណី​ដែល​មិន​ត្រូវ​មើល​រំលង​​ដោយ​សារ​តែ​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​ស្ទើរ​តែ​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ​នៅ​កន្លែង​ផ្សេង​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភ្លើងឆេះព្រៃនេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ​២៨​ កក្កដា​ នៅទី​ក្រុង​ Manavgat​ ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Antalya​ ភាគ​ខាង​ត្បូងតួក​គី​។ អគ្គនាយកដ្ឋាន​ព្រៃឈើ​តួកគី​ បាន​និយាយ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី ៣០ កក្កដា​ មាន​ភ្លើង​ឆេះព្រៃ​ជាង​ ៧០​ កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំ​ងប្រទេស​។

អគ្គិភ័យ​នៅ​តំបន់​ខ្លះ​ត្រូវ​បាន​គ្រប់​គ្រង​បាន​ ប៉ុន្តែ​មនុស្ស​៥​នាក់​ បាន​ស្លាប់​នៅ ​Manavgat​​ ​ម្នាក់​ទៀត​ស្លាប់​នៅ​ Marmaris​។អគ្គីភ័យ​ ក៏​បាន​រាល​ដាល​ដល់​កន្លែង​កម្សាន្ត​នៅ​ Bodrum ដែល​មាន​សណ្ឋាគារយ៉ាង​ហោច​ណាស់​ ២ ​ត្រូវ​បាន​ជម្លៀស​ភ្ញៀវ​ចេញ​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNA រដ្ឋ​មន្ត្រីក្រសួងកសិកម្ម​លោក​Beki​r Pakdemirli​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​តួក​គី​ បាន​ដាក់​ពង្រាយ​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​ ៤​ ពាន់​នាក់​ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​​គ្រឿង​ និង​យន្ត​ហោះ​ចំនួ​ន ៣​គ្រឿង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​នេះ​៕