កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៌​មុន​ ​ប្រធានាធិបតី​បេឡារុស​លើក​ឡើង​ពី​លទ្ធភាព​ ដែល​អាច​​អញ្ជើញ​កង​ទ័ព​រុស្ស៊ី​ចូល​មក​ក្នុង​ប្រទេស​ ដើម្បី​ធានា​សន្តិសុខ​របស់​ប្រទេស​ទាំង ២​​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Associated Press នៅ​ក្នុង​សុន្ទរកថា​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មា​ន Belta​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ ប្រធានាធិបតី​​បេឡារុស​ លោក ​Alexander​ Lukashenko​ បាន​សង្កត់​ធ្ងន់​ពី​វិធី​ដោះស្រាយ​បញ្ហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន​ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​ផ្សេង​ទៀត​។ ប៉ុន្តែ​លោក​បាន​និយាយ​បន្ថែម​ថា ​​លោក​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​នាំ​យក​ជំនួយ​ពី​កង​ទ័ព​រុស្ស៊ី​ឡើយ​ ក្នុង​ករណី​ចាំបាច់។

អំឡុង​ពេល​មាន​វិបត្តិ​នយោបាយ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​បេឡារុស​ បន្ទាប់​ពី​ការ​ជាប់​ឆ្នោត​ឡើង​វិញ​របស់​លោក ​Lukashenko ​ក្នុង​អាណត្តិ​ទី​៦​ នៅ​ខែ​សីហា​ឆ្នាំ​ ២០២០​ រុស្ស៊ី​បាន​សន្យា​គាំទ្រ​យោធា​របស់​ខ្លួន​ និង​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ១,៥​ ប៊ីលាន​ដុល្លារអាមេរិក​សម្រាប់​សេដ្ឋកិច្ច​បេឡា​រុស​។

លោក​ Lukashenko​ បាន​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ជា​ច្រើន​ខែ​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​តវ៉ា​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ថា​ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​​នៅ​ខែ​​សីហា ​ឆ្នាំ​ ២០២០​ ដែល​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​។ លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ​ ដោយ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជាង​ ៣៥ ពាន់​នាក់៕