ភ្លើងឆេះព្រៃ បានឆាបឆេះតំបន់ជាច្រើននៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ដែលបង្កឡើងដោយអាកាស ធាតុក្តៅ និងខ្យល់បក់ខ្លាំង ខណៈដែលប្រទេសមួយចំនួននៅភាគខាងជើងទ្វីបអ៊ឺរ៉ុបកំពុងបោសសម្អាត តំបន់ដែលមានមនុស្សរស់នៅ បន្ទាប់ពីមានភ្លៀងធ្លាក់ និងទឹកជំនន់កាលពីសប្តាហ៍កន្លងទៅនេះ។
នាយករដ្ឋមន្រ្តីប្រទេសក្រិក លោក Kyriakos Mitsotakis បាននិយាយថា កាលពីខែកក្កដា អ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃប្រហែល ៥០ ដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយមានការព្យាករថា អាចនឹងមានរលកកម្តៅបន្ថែមទៀត។
តាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters លោក Mitsotakis បាននិយាយថា៖«ខ្ញុំចង់បញ្ជាក់ថា ខែសីហា នៅតែជាខែលំបាក ។ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយត្ន័ខ្ពស់រហូតដល់ការពន្លត់អគ្គិភ័យត្រូវបានបញ្ចប់ជាផ្លូវការ»។
ស្ថានភាពនៅអឺរ៉ុបភាគខាងត្បូងគឺផ្ទុយស្រឡះពីព្យុះភ្លៀង ដែលបានបក់បោកនៅបណ្តាប្រទេសនៅភាគខាងជើងអ៊ឺរ៉ុបពីប្រទេសអូទ្រីស រហូតដល់អង់គ្លេស បន្ទាប់ពីមានគ្រោះទឹកជំនន់នៅប្រទេសអាល្លឺម៉ង់ និងប្រទេសជិតខាងកាលពីសប្តាហ៍មុន។
នៅលើកោះ Sardinia ប្រទេសអ៊ីតាលីយន្តហោះសម្រាប់ពន្លត់អគ្គិភ័យមកពីប្រទេសបារាំង និងក្រិកបានប្រើយន្តហោះសម្រាប់ពន្លត់អគ្គិភ័យក្នុងស្រុករបស់ខ្លួនមកជួយពន្លត់ភ្លើងឆេះព្រៃនៅលើកោះនោះដែលមានព្រៃឈើជាង ៤ ពាន់ហិកតា ត្រូវបានដុតបំផ្លាញ ហើយមនុស្សជាង ៣៥០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ។
អាជ្ញាធរនៅទ្វីបអឺរ៉ុបខាងត្បូងបានព្រមានពីរលកកម្តៅដែលអាចបណ្តាលឱ្យមានភ្លើងឆេះព្រៃដែលបំផ្លិចបំផ្លាញផ្នែកខ្លះនៃតំបន់នេះ ទោះបីជាក្រុមអ្នកពន្លត់អគ្គិភ័យ បានគ្រប់គ្រងអគ្គិភ័យនៅតំបន់មួយចំនួនរួមទាំងនៅប្រទេសអេស្ប៉ាញ ក្រិក និងអ៊ីតាលី។
ចំពោះប្រទេសតួកគី កំពុងទទួលរងនូវអគ្គិភ័យដ៏អាក្រក់បំផុតរបស់ខ្លួនដោយមានផ្ទៃដីជិត ៩៥ ពាន់ហិកតាត្រូវបានដុតបំផ្លាញ។ ទូរទស្សន៍ CNN បានរាយការណ៍ថា តំបន់ទេសចរណ៍Bodrum ត្រូវបានគេជម្លៀសប្រជាជនចេញខណៈដែលមានខ្យល់បក់ខ្លាំងបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះចេញពីស្រុក Milas ក្បែរនោះ។
តាមតួលេខរបស់សហភាពអឺរ៉ុបប្រទេសតួកគី បានរងគ្រោះដោយភ្លើងឆេះព្រៃចំនួន ១៣៣ កន្លែងនៅឆ្នាំ ២០២១ នេះ៕