យោងតាមគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អ្នករត់ប្រណាំងជនជាតិបេឡារុសម្នាក់ ត្រូវបានគេបង្ខំឱ្យឈប់ពាក់កណ្ដាលការប្រកួត និងបញ្ជាឱ្យចាកចេញពីទីក្រុងតូក្យូ ដោយសាររិះគន់មន្ត្រីកីឡាអូឡាំពិក។
កីឡាការិនី Krystsina Tsimanouskaya បានរិះគន់គណៈកម្មាធិការអូឡាំពិកបេឡារុសនៅលើបណ្តាញសង្គមថា គ្រូបង្វឹកបានបញ្ជានាងឱ្យចូលរួមក្នុងការប្រណាំងភ្លាមៗទាំងមិនទាន់បានហ្វឹកហាត់ ក្រោយក្រុមការងារដដែលនេះ មិនបានប្រាប់ដល់អត្តពលិកដទៃទៀតឱ្យបញ្ចប់ការធ្វើតេស្តសារធាតុហាមឃាត់តាមកាលកំណត់។
យោងតាមលោក Aliaksandr Apeikin នាយកប្រតិបត្តិនៅមូលនិធិ Vilnius ប្រទេសបេឡារុស ដែលមានមូលដ្ឋាននៅ Lithuania កីឡាការិនី Tsimanouskaya បានបដិសេធមិនចាកចេញពីរដ្ឋធានីរបស់ប្រទេសជប៉ុនទេ ក្រោយអាជ្ញាធរកីឡាបេឡារុស បញ្ជូនកីឡាការិនីរូបនេះទៅអាកាសយានដ្ឋានទាំងបង្ខំ។
យ៉ាងណាមិញ គណៈកម្មាធិការអូឡាំពិកជាតិបេឡារុស បាននិយាយកាលពីថ្ងៃ អាទិត្យថា ខ្លួនបានសម្រេចចិត្តដកកីឡាការិនីរូបនេះ ចេញពីការប្រកួតកីឡាអូឡាំពិក ដោយសារតែស្ថានភាពផ្លូវចិត្ត មិននឹងរបស់នាង ដោយយោងតាមការសន្និដ្ឋានរបស់វេជ្ជបណ្ឌិត។
ទោះយ៉ាងណាក្ដី គណៈកម្មការ IOC ក៏ធ្លាប់បានស៊ើបអង្កេតលើប្រទេសបេឡារុសជាច្រើនខែមកហើយ ក្រោយមានរបាយការណ៍ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Alexander Lukashenko បានដាក់ទណ្ឌកម្មអត្តពលិក ដែលបាននិយាយប្រឆាំងនឹងច្បាប់របស់គាត់ ឬចូលរួមក្នុងការតវ៉ាប្រឆាំងនានា។
កីឡាការនីអាយុ ២៤ ឆ្នាំរូបនេះ បាននិយាយនៅក្នុងបទសម្ភាសជាមួយគេហទំព័រកីឡា Tribuna.com ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំខ្លាចថា គេបញ្ជូនខ្ញុំទៅពន្ធនាគារនៅបេឡារុស»។
មូលនិធិសាមគ្គីភាពកីឡាបេឡារុស បាននិយាយថា ក្រោយមានរឿងហេតុកើតឡើង កីឡាការិនី Tsimanouskaya គ្រោងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអាល្លឺម៉ង់ ឬអូទ្រីស។ ទោះយ៉ាងណា របាយការណ៍ពីសារព័ត៌មាន Sky News ក្រោយមកបានបង្ហាញថា នាងបានមកដល់ស្ថានទូតប៉ូឡូញនៅតូក្យូវិញ បន្ទាប់ពីប៉ូឡូញនិងសាធារណរដ្ឋឆែក បានផ្តល់សិទ្ធិជ្រកកោនដល់នាង។
ដោយឡែក គណៈកម្មាធិការIOC និងមន្រ្តីតូក្យូ ២០២០ ក៏នឹងបន្តការសន្ទនារបស់ពួកគេ ជាមួយអាជ្ញាធរ និងកីឡាការិនីរូបនេះបន្ទាប់ទៀតដើម្បីស្វែងរកដំណោះស្រាយសម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យ៉ាងណាមិញ បើគិតមកត្រឹមថ្ងៃចន្ទ កញ្ញាមានសុវត្ថិភាពហើយ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការអូឡាំ ពិកអន្តរជាតិ លោកMark Adams ។ លោកបាននិយាយថា៖«ខ្ញុំយល់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR គួរតែអន្តរាគមន៍ចំពោះរឿងនេះ។ យើងក៏បានស្នើសុំរបាយការណ៍ពេញលេញរបស់បេឡារុសប៉ុន្តែយើងធ្លាប់ចាត់វិធានការប្រឆាំងនឹងប្រទេសនេះកាលពីឆ្នាំមុនដូចគ្នា»។
ថ្លែងទៅកាន់ សារព័ត៌មានរ៉យទ័រតាមតេឡេក្រាម កាលពីថ្ងៃអាទិត្យ អត្តពលិកអាយុ ២៤ ឆ្នាំរូបនេះ បាននិយាយថា នាងត្រូវបានដកចេញពីក្រុមដោយសារនាងបានផុសនៅលើ Instagram អំពីការធ្វេសប្រហែសរបស់គ្រូបង្វឹកបេឡារុស។
ក្រុមអត្តពលិកចំនួន ១៦ នាក់ មកពីប្រទេសបេឡារុស ក៏នឹងត្រូវ ចាកចេញពីប្រទេសជប៉ុននៅថ្ងៃចន្ទ ដូចគ្នាតាមកាលវិភាគ។ អ្នកចូលរួមក្នុងការប្រកួត តម្រូវឱ្យចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេក្រោមវិធានទប់ស្កាត់ការឆ្លងមេរោគក្នុងព្រឹត្តិការណ៍អូឡាំពិក។
យោងតាមទិន្នន័យព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ កីឡាការិនី Tsimanouskaya បានរត់ប្រកួតជម្រុះចម្ងាយ ១០០ ម៉ែត្រផ្នែកនារី កាលពីថ្ងៃសុក្រ ហើយគ្រោងនឹងប្រកួតជម្រុះរត់ចម្ងាយ ២០០ ម៉ែត្រនៅថ្ងៃចន្ទ។កញ្ញាក៏ត្រូវបានគេចុះចូលក្នុងបញ្ជីជាសមាជិកនៃក្រុមបញ្ជូនស្ត្រីចម្ងាយ ៤x១០០ ម៉ែត្ររបស់បេឡារុស។
លោក Adam ក៏បានសម្តែងការសោកស្តាយ ដែលអ្នករត់ប្រណាំងរូបនេះខកខានចូលរួមព្រឹត្តិការណ៍របស់នាង ដោយសារមានរឿងហេតុកើតឡើង៕