បុគ្គលិក​ និង​អ្នក​ការ​ទូត​អាមេរិក​មាន​​​​ការស្ទាក់​ស្ទើរ​ក្នុង​ការ​​សម្រេច​​ចិត្ត​ចំពោះ​ការ​បម្រើ​ភារកិច្ច​របស់​ពួក​គេ​នៅ​ប្រទេស​ក្រៅ​។

ការ​ព្រួយ​បារម្ភ​របស់​អ្នក​ការ​ទូត​ទាក់​ទង​នឹង​រោគ​សញ្ញា​ឡា​ហាវ៉ាន ​ដែល​បាន​ប៉ះ​ពាល់​​​អ្នក​ការទូត​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​។ ការ​ព្រួយ​បារម្ភ​របស់​អ្នក​ការ​ទូត គឺ​បណ្តាល​មក​ពី​កង្វះ​ព័ត៌មាន​ពី​ថ្នាក់​ដឹក​នាំ​ទាក់​ទង​នឹង​រោគសញ្ញា​ឡា​ហាវ៉ាន (Havana Syndrome)។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNN ប្រភព​បាន​និយាយ​ថា​ ការ​ភ័យ​ខ្លាច​ពី​ជំងឺ​អាថ៌​កំបាំង​នេះ ​កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ការ​ទូត​ដោយ​មន្ត្រីបម្រើ​​​កិច្ច​ការ​​បរទេស​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​ទទួល​យក​ការងារទៅ​ប្រទេស​ក្រៅ​។ ​​អ្នក​ការ​ទូត​មួយ​ចំនួន​មាន​ការ​​ព្រួយ​បារម្ភពីករណី​នេះ​ ដែល​ធ្វើ​ឱ្យ​មន្ត្រី​​អាមេរិក​រាប់​រយ​នាក់​ បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

រោគសញ្ញា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​រោគ​សញ្ញា​ហា​វ៉ា​ណា​ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​ដោយ​មន្រ្តី ​CIA និង​បុគ្គលិក​ក្រសួង​ការ​បរទេស ​ដែល​ធ្វើ​ការ​នៅ​ស្ថាន​ទូត​អាមេរិក​នៅក្នុង​ប្រទេស​គុយបា​កាល​ពី​​ចុង​ឆ្នាំ​ ២០១៦​។ អ្នក​ជំងឺ​មួយ​ចំនួន​បាន​និយាយ​ថា​ នៅ​ពេល​រោគ​សញ្ញា​បាន​លេច​ចេញ​ដំបូង​ពួក​គេ​មាន​អារម្មណ៍​ថា​ ដូច​ជា​ ពួកគេ​ត្រូវ​បាន​គេ​វាយប្រហារ​ ដោយ​មានបញ្ហាចក្ខុ និង​ពិបាក​ក្នុង​ការ​ផ្តោត​អារម្មណ៍។

រោគ​សញ្ញា​បន្ថែម​នៃករណី​នេះ​ មាន​ដូច​ជា​ការ​បាត់​បង់​សមត្ថភាព​នៃ​ការ​ស្តាប់​ផង​ដែរ​ ចំពោះ​អ្នក​ការ​ទូត​ និង​ភ្នាក់ងារ​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ករណីធ្ងន់ធ្ងរពួក​គេ​​ត្រូវ​បង្ខំ​ចិត្ត​បញ្ចប់បេសកកម្ម​នៅក្រៅប្រទេស​​របស់​ពួក​គេ​មុន ​ហើយ​ត្រឡប់​​ទៅ​សហរដ្ឋ​អាមេរិក​វិញ ​ដើម្បី​សិក្សា​និង​ព្យាបាល​រោគ​សញ្ញានេះ​។

បច្ចុប្បន្ន​មិនទាន់​មាន​ការ​ពន្យល់​ជាក់លាក់​ណា​មួយ​ពី​រោគសញ្ញា​នេះបាន​ទេ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​និយាយ​ថា​ រោគ​សញ្ញា​នេះភាគ​ច្រើន​បណ្តាល​មក​ពី​វិទ្យុ​សកម្ម​​។ខណៈ​ពេល​ដែល​មិន​មាន​ការ​ចែក​រំលែក​ព័ត៌​មាន​ជា​សាធារណៈ​អំពី​ចំនួន​អ្នក​ដែល​មាន​រោគ​សញ្ញា​នេះ​ ក្រសួង​ការ​បរទេស​អាមេរិក ​បាន​ផ្ញើសារ​​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ បញ្ជា​ឱ្យ​អ្នក​ការ​ទូត​ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ​រាយការណ៍​ភ្លាមៗ​អំពី​រោគ​សញ្ញា​ថ្មី​ដែល​ពួកគេ​មាន ដែល​​សង្ស័យ​ជារោគ​សញ្ញា​ឡា​ហាវ៉ាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សហរដ្ឋអាមេរិក​ បាន​ចោទ​ប្រកាន់​ប្រទេស​គុយបា​ថា​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយប្រើ​សំឡេងទៅកាន់​មន្រ្តី​របស់​អាមេរិក ប៉ុន្តែ​គុយបា​បាន​បដិសេធចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​វា​បណ្តាល​ឱ្យ​មានភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២នេះ​។

ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០១៩​ បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​នៃ​ខួរក្បាល​របស់​អ្នក​ការ​ទូត​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​រោគ​សញ្ញា​នេះ ប៉ុន្តែ​គុយបា​ បាន​ច្រាន​ចោល​របាយការណ៍​នេះ​៕