កាល​ពី​ថ្ងៃ​អង្គារ​ ​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញានៃ​​រដ្ឋ​​ញូវ​យ៉ក ​បាន​ចេញ​សេចក្តី​សង្ខេប​លម្អិត​ពី​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ចំពោះ​បទ​ចោទ​ប្រកាន់លើ​​​អភិបាល​រដ្ឋ​​ញូវយ៉ក​លោក​ Andrew​ Cuomo​។ បន្ទាប់​ពី​សេចក្តី​លម្អិត​ពី​ការ​ស៊ើប​អង្កេត នេះ​ ត្រូវ​បាន​ផ្សាយដោយ​​មាន​ការ​អំពាវនាវ​ឱ្យ​លោក​ Andrew​ Cuomo លា​លែង​ពី​តំណែង ហើយ​ការអំពាវ​នេះ​រួម​មានដោយ​​លោក​ប្រធា​នាធិបតី​ ចូ បៃដិន ​ផងដែរ​នោះ​​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ DW​ អគ្គរដ្ឋ​អាជ្ញា​រដ្ឋ​​ញូវ​យ៉ក​ លោកស្រី​​​Letitia​ James​បាន​ឱ្យ​ដឹង​ថា​ អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ ​​អភិបាល​រដ្ឋ​​ញូវយ៉ក​លោក​ Andrew​ Cuomo ​បានបៀត​បៀន​ផ្លូវ​ភេទ​ទៅលើ​ស្រ្តី​ចំនួន​ ១១​ នាក់​។ ទាក់​ទង​នឹង​ករណី​ចោទ​ប្រកាន់​ទៅ​លើ​លោក​ Cuomo​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden បាន​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ថា​៖ «ខ្ញុំ​គិត​ថា​ លោក​គួរ​តែ​លា​លែង​ពី​តំណែង​» ។

តាមការ​ផ្តល់​សក្ខីកម្ម​របស់​ជំនួយកា​រប្រតិបត្តិទី១ ​នាង​បាននិយាយថា ​កាលពីថ្ងៃទី ​៣១​ ខែ ធ្នូ​ ឆ្នាំ ២០១៩​ លោក Cuomo ​បានសុំនាង​ថតរូ​បជាមួយ​គ្នានៅឯ​ការិយាល័យ ​ដែលនៅ​គេហដ្ឋាន​ផ្លូវការ​របស់​លោក។ នាងបាន​បន្តនិយាយថា ​អំឡុងពេល​ថតរូបនោះ​ លោក​បានយកដៃ​របស់​លោកមកប៉ះ​កេរខ្មាស​របស់នាង​។

ជនរង​គ្រោះ​ និង​មាន​ងារ​ជា​ជំនួយការ​ប្រតិបត្តិទី១ ​នេះ ​បានផ្តល់​សក្ខីកម្ម​ថា ​នាងភ័យ​ខ្លាច​ថា ​នាង​អាច​នឹង បាត់​បង់ការងារ​ប្រសិនបើ​នាងចែក​រំលែករឿង​ដែលកើត​ឡើងនេះ ​ហើយភ័យខ្លាច​ដំណឹងនេះ ​ដឹងឮទៅ​ដល់​បុគ្គលិក ជាន់ខ្ពស់។ ​

នាងបាន​និយាយថា៖ «របៀប​ដែលលោក​មិនឱ្យ​ ខ្ញុំ​បង្ហាញរូបថ​តនោះ​ទៅអ្នក​ ដទៃ​បាន​ធ្វើឱ្យ​ ខ្ញុំ​មាន​ភ័យ ខ្លាចថា​ប្រសិនបើ​ខ្ញុំនិយាយ​ពីរឿង​ដែលកើត​ឡើងនោះ ​ហើយ​ប្រសិន​​បើ​Stephanie Benton ឬ Melissa ដឹងឮ ​ពីរឿងនេះ ​ខ្ញុំប្រាកដ​ជា​បាត់បង់​ការងារ​ខ្ញុំហើយ​»។

លោក Cuomo ​មានវ័យ ​៦៣​ ឆ្នាំ​ បដិសេធ​ទៅ​លើ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​និយាយ​ថា​ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ​។បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​នោះ​ លោក Cuomo​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ពី​​ភាព​​ស្អាត​ស្អំ​របស់​លោក​ជា​ថ្មី​ម្តង​ទៀត​ ដោយ​លោក​និយាយ​​ថា ​លោក​មិន​ដែល​ប៉ះ​ពាល់​នរណា​ម្នាក់​ដោយ​មិន​សមរម្យ​ឡើយ ។

លោក​បាន​បន្ត​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ គឺ​ត្រូវ​បាន​គេ​ប្រឌិត​ ហើយ​ការ​ស៊ើប​អង្កេត​នេះ​ ត្រូវ​បាន​ជំរុញ​បែប​លក្ខណៈ​​នយោបាយ​ និង​ភាពលម្អៀង​​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Associated Press លោក​ Cuomo​ បាន​និយាយ​ថា​៖« សម្រាប់​អ្នក​ដែល​កំពុង​ប្រើ​ពេល​វេលា​នេះ​ដើម្បី​រក​ចំណេញ​ផ្នែក​នយោបាយ​ ឬ​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ខ្ញុំអាច​និយាយ​បាន​ថា​ ពួក​គេ​ពិត​ជា​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ជន​រង​គ្រោះពី​អំពើ​​បៀត​បៀន​ផ្លូវភេទ​ដែល​ច្បាប់​នេះ​ ​បង្កើត​ឡើង​ដើម្បី​ការពារ​ពួក​គេ​» ។

អគ្គ​មេ​បញ្ជាការ​រដ្ឋ​ញូវយ៉ក​លោកស្រី​​ James​ បាន​និយាយ​ថា​ របាយការណ៍​ស៊ើប​អង្កេត​នេះ​ផ្អែក​លើ​កិច្ចសម្ភាសន៍​រយៈ​ពេល​ជិត​ ៥ ខែ​ ដែល​មេធាវី​ឯករាជ្យចំនួន​ ២ ​រូប​ បាន​ធ្វើ​ការ​ជា​មួយ​បុគ្គល​ចំនួ​ន ១៧៩​ នាក់ ​ដែល​ជា​សមាជិក​បុគ្គលិកនៅ​​ការិយាល័យ​​របស់​លោក​ Cuomo​ ដែល​អ្នក​ទាំង​នោះ​រួម​មាន​ មន្រ្តី​ ប៉ូលិសបុគ្គលិក​រដ្ឋ​ ​និង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ការ​ជា ​១ ​រូប​លោក​ ។

ទោះជាយ៉ាងណាក្ដី​ លោក​ Cuomo​ បាន​បដិសេធ​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​អំពាវនាវ​ឱ្យ​រូប​លោក​ចុះ​ចេញ​ពី​តំណែង​ទាក់​ទង​នឹង​បញ្ហាដំណោះស្រាយ​រោគ​រាត​ត្បាត​កូវីដ១៩ ក៏​ដូច​ជា​ការ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​។ផ្ទុយ​ទៅ​វិញ​ លោក​បាន​ផ្តល់​សញ្ញា​ថា​ លោក​មាន​បំណង​បន្ត​តំណែង​របស់​លោក​នៅអាណត្តិ​ទី​៤៕