
ប្រភេទវ៉ារ្យ៉ង់ដែលតា ដែលរកឃើញនៅប្រទេសឥណ្ឌា។ រូបថត AFP
ការសិក្សាមួយបានធ្វើនៅក្នុងប្រទេសមួយចំនួនតូចបង្ហាញថា វ៉ារ្យ៉ង់ដែលតា (Delta) នេះ អាចបណ្តាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ ប៉ុន្តែមិនមានទិន្នន័យច្បាស់លាស់ ដែលបង្ហាញថា វ៉ារ្យ៉ង់ថ្មីនេះ អាចធ្វើឱ្យមនុស្សក្មេងវ័យឆ្លងលឿនជាងមុនឡើយ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The New York Times។
ប៉ុន្តែអ្នកជំនាញខ្លះជឿថា ការផ្លាស់ប្តូរប្រជាសាស្ត្ររបស់អ្នកជំងឺពីមនុស្សចាស់មកក្រុមអាយុក្មេងនេះ អាចបណ្ដាលមកពីអត្រានៃការចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ គ្រូពេទ្យជាច្រើន ដែលទទួលព្យាបាលអ្នកជំងឺស្ទើរតែទាំងអស់ សុទ្ធតែអ្នកមិនទាន់ចាក់វ៉ាក់សាំង ហើយអ្នកជំងឺភាគច្រើនសុទ្ធតែជាក្មេង ដែលមានវ័យពី ២០ ទៅ ៣០ ឆ្នាំ ខណៈវ៉ារ៉្យង់ដែលតា មានចំនួនស្មើនឹង ៨០ ភាគរយនៃចំនួនឆ្លងសរុបនៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត Adam Ratner សាស្ត្រាចារ្យរងផ្នែករោគកុមារ និងមីក្រូជីវសាស្ត្រនៅសាលាវេជ្ជសាស្ត្រហ្គ្រូសម៉ាននៃសាកលវិទ្យាល័យញូវយ៉កបាននិយាយថា៖ «ខ្ញុំមិនគិតថា គ្មានភ័ស្តុតាងល្អណាមួយ ដែលបញ្ជាក់ថាវ៉ារ៉្យង់ដែលតា បានបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬយ៉ាងណា។ ប៉ុន្តែនេះអាចជា បណ្ដាលមកពីការបើកឱ្យដំណើរការ និងបន្ធូរបន្ថយការរឹតបន្តឹងការពាក់ម៉ាស់ ដែលជាវិធានខុសពីពេល ១ ឆ្នាំឬ ១៥-១៦ ខែមុន»។
ឯកសារចេញពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ដែលកាសែត The New York Times ទទួលបានកាលពីសប្ដាហ៍មុន បានពណ៌នាអំពីវ៉ារ្យ៉ង់ដែលតាថា ឆ្លងខ្លាំងដូចជំងឺអុតស្វាយអ៊ិញ្ចឹងហើយអាចនឹងធ្ងន់ធ្ងរជាងប្រភេទអាល់ហ្វា ឬ ពូជមុនៗទៀត។
វ៉ារ៉្យង់ដែលតា បាន ផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃអត្រាឆ្លងនៅ លើមនុស្សវ័យក្មេង ហើយអ្នកជំនាញបានប៉ាន់ស្មានថា ពួកគេអាចនឹងត្រូវបានឆ្លងមេរោគក្នុងអត្រាខ្ពស់ ដោយសារតែក្រុមអាយុនេះ ផ្លាស់ទីក្នុងសង្គមច្រើន ហើយទំនងជាមិនទាន់ទទួលបានការចាក់ថ្នាំបង្ការ។
វេជ្ជបណ្ឌិត Jeremy McAnulty នៃមន្ទីរពេទ្យ NSW Health បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនៅទីក្រុងស៊ីដនី បានបង្ហាញថា វ៉ារ៉្យង់ដែលតា បានប៉ះពាល់ដល់មនុស្សគ្រប់វ័យដែលមានជំងឺធ្ងន់ធ្ងរ។
ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការរោគ ក៏បានបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួន ចំពេលមានការព្រួយបារម្ភថាវ៉ារ្យ៉ង់នេះ កាន់តែរីករាលដាលធ្ងន់ធ្ងរនិងហើយអត្រានៃការចូលមន្ទីរពេទ្យក៏កាន់តែខ្ពស់ជាងមុនក្នុងចំណោមក្រុមមនុស្សអាយុក្រោម ៦០ ឆ្នាំ។
អនុប្រធានផ្នែកវេជ្ជសាស្ត្រលោក Michael Kidd បាននិយាយថា ភ័ស្តុតាងដែលថា វ៉ារ៉្យង់នេះកាន់តែប៉ះពាល់ក្រុមមនុស្សក្មេងកាន់តែមានច្រើនឡើងៗ។ លោកបាននិយាយថា សមាមាត្រនៃអ្នកឆ្លង ដែលមានអាយុតិចជាង ៦០ ឆ្នាំ ដែលត្រូវការចូលមន្ទីរពេទ្យឥឡូវនេះ ហាក់ដូចជាខ្ពស់ជាងមុន។
សាស្ត្រាចារ្យ Cunningham បាននិយាយថា នេះសបញ្ជាក់ឱ្យឃើញថា វ៉ារ៉្យង់នេះ ហាក់បង្កហានិភ័យដល់ក្រុមមនុស្សវ័យក្មេង និងធ្វើឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប្រសិនបើមានការឆ្លង។លោកបានមានប្រសាសន៍ថា៖ វ៉ារ៉្យង់ដែលតា មិនមានជារឿងធម្មតាទេ បើមើលតាមចំនួននៃការកើនឡើងករណីឆ្លង ដែលបង្កដោយវ៉ារ៉្យង់នេះ។
ដោយឡែក បើយោងតាមការសិក្សាដ៏ធំមួយរបស់ចក្រភពអង់គ្លេស ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី The Lancet Child & Adolescent Health កុមារភាគច្រើនដែលវិវឌ្ឍទៅជារោគសញ្ញាកូវីដ ១៩ បានជាសះស្បើយ បន្ទាប់ពីរយៈពេល ៦ថ្ងៃ ខណៈចំនួនកុមារ ដែលចេញជារោគសញ្ញាមានរយៈពេលលើសពី ៤ សប្តាហ៍ គឺមានកម្រិតទាប។
ប្រភពដដែលបានឱ្យដឹងថា កុមារភាគច្រើន ដែលឆ្លងវីរុស SARS-CoV-2 មិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែពួកគេមានជំងឺស្រាល។ ការស្រាវជ្រាវចុងក្រោយ បានប្រើទិន្នន័យដែលប្រមូលបានតាមរយៈកម្មវិធីស្មាតហ្វូន ZOE Covid Study ដែលរួមមានទិន្នន័យពីកុមារអង់គ្លេសជាង ២៥០ ០០០ នាក់ ដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំ។ ក្រុមនេះ ផ្តោតលើរបាយការណ៍ដែលប្រមូលបាននៅចន្លោះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១៕