កាល​ពី​ថ្ងៃ​ពុធ សហជីព​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​​ជា​មួយ​អភិបាល​រដ្ឋ​​ញូវយ៉កលោក Andrew Cuomo​ បាន​ដក​ការ​គាំ​ទ្រ​របស់​ពួក​គេ​ទៅ​លើ​លោក ​​បន្ទាប់​ពី​​របាយការណ៍​ស៊ើប​អង្កេត​រឿង​អាស្រូវ​លោក​ត្រូវ​បាន​ចេញ​ផ្សាយ​។

សហជីព​ និង​អតីត​សមាជិក ​២ ​រូប ​នៃរ​ដ្ឋបាល​របស់​លោក Cuomo​ រួម​ទាំង​អតីត​អ្នក​ប្រឹក្សា​ច្បាប់​របស់​លោក​បាន​សុំ​ឱ្យ​លោក​លា​លែង​ពី​តំណែង​ក្រោយ​ពី​របាយការណ៍​ស៊ើប​អង្កេត​នោះ ​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។

របាយ​ការណ៍​ស៊ើប​អង្កេត​នោះ​ បាន​សន្និដ្ឋាន​ថា​ លោក​ Cuomo​ បាន​បៀត​បៀន​ផ្លូវភេទ​​ទៅ​លើ​ស្ត្រី​ចំនួន​ ១១ ​នាក់ រួម​ទាំង​អតីត​​បុគ្គលិក​ និង​​​សហការី​​​បច្ចុប្បន្ន​នៅ​ក្នុង​​ការិយាល័យ​​​របស់​លោក​។ ១​ ថ្ងៃ​ បន្ទាប់​ពី​របាយការណ៍​នោះ បាន​ចេញ​ផ្សាយ​ លោក​ Cuomo​​ ​បាន​បាត់​បង់​អ្នក​គាំ​ទ្រ​លោក​ និង​ព្រះ​រាជ​អាជ្ញា​ចំនួន​ ៤​ នាក់​​និយាយ​ថា​ ពួក​គេ​នឹង​តាម​ដាន​មើល​សកម្មភាព​របស់​លោក​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ New York Times​ លោក​ Jay​ Jacobs​ ប្រមុខ​គណបក្ស​ប្រជាធិប តេយ្យ​របស់​ក្រុង​ញូវយ៉កនៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ដក​អភិបាល​ក្រុងចេញ​ពី​តំណែង​ គឺ​ចៀស​មិន​រួច​​ឡើយ​ ហើយ​លោក​បាន​ថា​ ការ​បដិសេធ​របស់​លោក​ Cuomo ​ក្នុង​ការ​ចុះ​ចេញ​ពី​តំណែង​ គឺ​ផ្ទុយ​ពី​ដំបូន្មាន​របស់​លោក​។

ប្រភព​ដដែល​បាន​ស្រង់​សម្តី​​លោក ​Jacobs ​​​ថា​៖ «លោក​អភិបាលក្រុងបាន​បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ ទាំង​ការ​អនុវត្ត​ និង​ក្រម​សីលធម៌​» ។

តាមការ​ស្រង់​សម្តីរបស់​សារព័ត៌មាន​ The Guardian​ លោកស្រី ​Carl Heastie ​ដែលជា​អ្នក​នាំពាក្យ​នៃសភា​តំណាង​រដ្ឋ​ញូវយ៉ក​បាន​និយាយថា៖ «ខ្ញុំយល់ថា​ លោកអភិបាល​បានបាត់បង់​ទំនុកចិត្ត​ពីសភា​ភាគច្រើន​ទៅហើយ​លោកមិន​អាចបន្ត​កាន់តំណែង​បានទៀតទេ​» ។

លោក Heastie ​បានសន្យាថា​ នឹង​ចាត់ចែង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ដោយ​ផ្អែក​លើ​សាក្សី ១៧៩​ នាក់ ​និង​វត្ថុតាង​ដែល​ប្រមូលបាន​នៅក្នុង​ការស៊ើបអង្កេត​របស់​អគ្គមេធាវី។ ប៉ុន្តែ​លោកមិនទាន់​បាន​បញ្ជាក់ពី​ពេលវេលា​កំណត់​សម្រាប់​ការ​ចោទប្រកាន់ ដែល​ត្រូវលើក​យកមក​បង្ហាញ ឬដំណើរការ​សវនា ការ​ណាមួយ​ឡើយ​។

ចំពោះ​លោកស្រី ​Hazel N. Dukes ប្រធាន N.A.A.C.P. ក្រុមប្រឹក្សា​ភិបាល​ជាតិ ​បាន​បដិសេធ​មិន​ផ្តល់ការ​គាំទ្រ​ទៅ​លោក Cuomo។ ​ប៉ុន្តែ​កាលពី​ការ​ចោទប្រកាន់​ដំបូង​របស់​លោក​ Cuomo ​លោក​ស្រី Dukes ​បាន​បង្ហាញ​ខ្លួនជា​មួយលោក ​Cuomo ​នៅឯ​វិហារនៅ ​Harlem ហើយ​លោកស្រី​បានហៅ​លោក Cuomo​ ថា ជាកូន​ប្រុស​របស់​លោកស្រី​ទៀតផង​។

ប៉ុន្តែកាល​ពីថ្ងៃទី ​៤ ​សីហា ​លោកស្រី​បាននិយាយ​ថា លោកស្រី​ត្រូវអាន​របាយការ​ណ៍​នោះដោយ​ខ្លួនឯង​សិនមុន​នឹងលោក​ស្រី​អាចវាយ​តម្លៃបាន​ពេញលេញ។ ​លោកស្រី ​Dukes ​ក៏​បាន​និយាយ​ថា​៖ «ខ្ញុំមិនការ ពារលោក Cuomo នៅចំណុចនេះទេ» ។

រដ្ឋ​អាជ្ញា​នាំ​មុខ​នៅ​រដ្ឋ​ធានី​ Albany នៃ​រដ្ឋ​ញូវយ៉ក​ បាន​បើក​ការ​ស៊ើប​អង្កេត​លើ​អាកប្បកិរិយា​របស់​លោក​ Cuomo ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​នៃ​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ ហើយ​ការ​ស៊ើប​អង្កេត​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មេធាវី​ក្នុង​ស្រុក​នៅ​តំបន់​ Manhattan និង Westchester ។

អ្នក​ស៊ើប​អង្កេត​នឹង​មាន​ពេល​កំណត់​រយៈ​ពេល​ ៣ ​ឆ្នាំ​ ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​បៀត​បៀន​ផ្លូវ​ភេទ​ក្រោម​ច្បាប់​ក្រុង​ញូវ​យ៉ក​។ ទោះ​ជាយ៉ាង​ណា​ របាយការណ៍​ស៊ើប​អង្កេត​របស់​អគ្គ​មេធាវី ​បាន​រក​ឃើញ​ថា​លោក​ Cuomo​ បាន​បង្កើត​បរិយាកាស​មិនសម​ស្រប​ចំពោះ​បុគ្គលិក​ដែល​ជា​ស្ត្រី​ ហើយ​អនុញ្ញាត​ឱ្យរដ្ឋ អាជ្ញាមើល​ប្រវត្តិ​ការងារ​ទាំង​អស់​របស់​លោក​៕