
ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងនៅសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងចិន។ AFP
ក្រុមមន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសខ្លួនកំពុងបញ្ជូនកម្លាំងទ័ពជើងទឹករបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីពង្រីកទំនាក់ទំនងសន្តិសុខជាមួយប្រទេសជាមិត្ត ដែលជាសញ្ញាបង្ហាញពីចេតនារបស់ខ្លួនក្នុងការដើរតួនាទីធំជាងមុនទៀតក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីប្រឆាំងចិន។ នេះបើតាមឱ្យដឹងពីសារព័ត៌មានរ៉យទ័រ។
ជារឿយៗ យោធាឥណ្ឌាតែងប្រយ័ត្នប្រយែងជានិច្ចពីការឈ្លានពានពីចិន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងកាន់តែពង្រឹងថែមទៀត ក្រោយមានការប៉ះទង្គិចគ្នារវាងកងទ័ពនៅតាមព្រំដែនគោក ដែលមានជម្លោះកាលពីឆ្នាំមុន។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានខិតងាកទៅរកជំនួយពីសហរដ្ឋអាមេរិករួមគ្នាប្រឆាំងនឹងចិន។
ក្រុមយោធាសមុទ្របាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាចំនួន ៤ គ្រឿង រួមទាំងនាវាពិឃាតមីស៊ីលនាំផ្លូវ និងនាវាចម្បាំងមីស៊ីល នឹងត្រូវដាក់ពង្រាយក្នុងរយៈពេល ២ ខែ ទៅកាន់អាស៊ីអាគ្នេយ៍សមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច។
សមុទ្រចិនខាងត្បូង បានក្លាយជាចំណុចក្ដៅគគុកនៃការសាកល្បងរវាងចិន និងសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោន បានច្រានចោលនូវអ្វីដែលខ្លួនហៅថា ការការទាមទារទឹកដីខុសច្បាប់ ដោយទីក្រុងប៉េកាំងនៅក្នុងដែនទឹកសម្បូរធនធានមួយនេះ។
នៅខែមិថុនា កន្លងទៅ ក្រុមនាវាផ្ទុកយន្តហោះអាមេរិកដឹកនាំដោយនាវា USS Ronald Reagan បាន ចូលសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃបេសកកម្មធម្មតា ហើយក្រុមនាវាផ្ទុកយន្តហោះអង់គ្លេសក៏គ្រោងនឹងធ្វើសមយុទ្ធនៅសមុទ្រហ្វីលីពីននៅខែនេះផងដែរ។
កងទ័ពជើងទឹក រៀបរាប់ថា នាវាឥណ្ឌានឹងចូលរួមក្នុងសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ដែលមានសហរដ្ឋអាមេរិក ជប៉ុននិងអូស្រ្តាលីនៅឆ្នេរសមុទ្រហ្គាម។ ប្រទេសទាំង ៤ បង្កើតបានជាក្រុមមិនផ្លូវការ ដែលរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងលើកកម្ពស់ថា ជាមធ្យោបាយដើម្បីប្រឆាំងនឹងចិន៕