
អ្នកធ្វើការត្រូវបានតេស្តរកជំងឺកូវីដ ១៩ ក្នុងរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយក្នុងទីក្រុងវូហាន កាលពីថ្ងៃទី ៤ សីហា។ AFP
ខេត្តនានានៅទូទាំងប្រទេសចិន បានដាក់កំហិតតឹងរ៉ឹងជាងមុនក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងនៃនៃការរីករាលដាលនៃវ៉ារ៉្យង់ដែលតាដ៏អាក្រក់បំផុតអស់រយៈពេលជាច្រើនខែ ដោយមន្រ្តីសុខាភិបាលបានចាត់ទុកការរីករាលដាលវ៉ារ្យ៉ង់ដែលតាលើកនេះថា ជាការីករាលដាលខ្លាំងបំផុត។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។
អាជ្ញាធរ បានរកឃើញករណីវិជ្ជមាន ៣២៨ ករណី កាលពីខែ កក្កដា ដែលមានចំនួនស្ទើរតែស្មើនឹងចំនួនករណីក្នុងស្រុកសរុបចាប់ពីខែកុម្ភៈ ដល់ខែមិថុនា។
លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ (NHC) និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសៅរ៍ថា៖ «បញ្ហាប្រឈមធំបំផុតយើង កំពុងជួបនាពេលបច្ចុប្បន្ននេះ គឺការរីករាលដាលនៃវ៉ារ៉្យង់ដែលតា ដែលបង្កជាហានិភ័យកាន់តែខ្លាំងដល់ការបង្ការ និងគ្រប់គ្រងការរីករាលកន្លងមក»។
កន្លងមក អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ គេបានរកឃើញថា ការរីករាលដាលកើនករណីកូវីដ កើនឡើងជាមធ្យម ៨០ ភាគរយគ្របដណ្ដប់តំបន់ចំនួន ៥ ក្នុងចំណោមតំបន់ចំនួន ៦ ដែលភាគច្រើនបង្កដោយវ៉ារ្យ៉ង់ដែលតា។ វ៉ារ៉្យង់ដ័កាចសាហាវនេះ ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយបច្ចុប្បន្នបានរីករាលដាលដល់ប្រទេស និងតំបន់ចំនួន ១៣២ ហើយទូទាំងពិភពលោក។
យ៉ាងណាមិញ ការរីករាលដាលនៃវ៉ារ៉្យង់ដែលតានេះ បានឆ្លងជាង ២៦០ នៅទូទាំងប្រទេស កើតឡើងចេញពីចង្កោមនៅទីក្រុងណានជីង ក្នុងខេត្តជាំងស៊ូភាគខាងកើត ក្រោយរកឃើញអ្នកបោសសម្អាត កាប៊ីន ៩ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ មានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២០ ខែកក្កដា។ រដ្ឋាភិបាលក៏បានបិទខ្ទប់ខេត្តនេះរួចហើយ និងបានធ្វើតេស្តលើប្រជាជនចំនួន ៩,២ លាននាក់ ២ ដងផងដែរ។
មន្រ្តីគណ:កម្មការ NHC លោក He Qinghua ប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតថា ការឆ្លងរាលដាលនៃវ៉ារ៉្យង់នេះ បណ្ដាលមកពីរដូវទេសចរណ៍ និងលំហូរអ្នកដំណើរខ្ពស់នៅអាកាសយានដ្ឋាន ដែលបង្កឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃការផ្ទុះឡើងនេះ៕