ស្ថិតិ​ប្រទេស​ចិន ​បង្ហាញ​ពី​ការ​ចុះ​ថយ​នៃ​ចំនួន​ប្រជាជន​ភេទ​ស្រី​ក្នុង​ប្រទេស​ ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍ចុង​ក្រោយ​ដែល​បណ្តាល​ឱ្យ​​មាន​អតុល្យភាព​យេនឌ័រ​​នៅ​ក្នុង​ប្រទេស​។

អតុល្យភាព​យេនឌ័រ​នៅ​ក្នុង​ប្រទេស​ចិន​បច្ចុប្បន្ន​មាន​បុរស​ច្រើន​ជាង​ស្ត្រី​ចំនួន​ ៣៤,៩​ លាន​នាក់។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​ជំរឿន​ចុង​ក្រោយ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​។​ ជំរឿន​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ២០២០​ បាន​បង្ហាញ​ថា​ សមាមាត្រ​ភេទ​របស់​ប្រជាជន​ចិន​សរុប​គឺ​មាន​បុរស​ ១០៥,១​ នាក់​ និង​ស្រី​ ១០០​ នាក់​ដែល​ប្រហាក់​ប្រហែល​នឹង​១ទសវត្សរ៍​មុន​។

ការ​ចុះ​ថយ​នៃ​ចំនួន​ស្ត្រី​នៅ​ប្រទេស​ចិន​បណ្តាល​មកពី​គោល​នយោ​បាយ​កូន១​ក្នុង១​គ្រួសារ​ និង​ទំនៀម​ទម្លាប់​ដែល​លើក​តម្កើង​កូន​ប្រុស​ជាង​កូន​ស្រី​របស់​ចិន។ បន្ទាប់​ពី​គោលនយោបាយ​កូន​១​ក្នុង​១គ្រួសារ​របស់​ប្រទេស​ចិន​បាន​អនុវត្ត​កាល​ពី​ឆ្នាំ ១៩៧៩ មក​គ្រួសារ​ជនជាតិ​ចិន​ភាគ​ច្រើន​ បាន​ព្យាយាម​យក​កូន​ប្រុស​ជាង​កូន​ស្រី​ជា​ជំនឿ​ដែល​គេ​យល់​ថា​កូន​ប្រុស​ជា​អ្នក​ស្នង​ត្រកូល​គ្រួសារ​។​

គ្រួសារ​មួយ​ចំនួន​បាន​រម្លូត​កូន​របស់​ខ្លួន​ក្រោយពី​ដឹង​ថា កូន​ក្នុង​ផ្ទៃជា​កូន​ស្រី​ ឬ​បោះ​បង់​កូន​នោះ ចោលក្រោយពី​សម្រាល​​នោះ​រួច​​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ South​ China​ Morning​ Post អ្នក​​ស្រី​​ Song​​ ដែល​សម្រេច​ចិត្តរំលូត​កូន​របស់​ខ្លួន​ក្រោយ​ពី​បាន​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ជា​កូន​ស្រី​មាន​អារម្មណ៍​ថា​ ខ្លួន​មាន​ការ​សោក​ស្តាយ​ក្រោយពី​ទទួល​បាន​ដំណឹង​ថា រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ចំនួន​សមាជិក​ក្នុង​គ្រួសារ​នា​ពេល​ខាង​មុខ។​

តាម​ការ​ស្រង់​សម្តី​របស់​ប្រភព​ដដែល​លោក​​ស្រី​​បាន​​និយាយ​​ថា​​៖«ប្រសិន​បើ​ពេល​នោះ​មាន​ការ​សម្រាល​ការ​រឹត​បន្តឹង​នេះ​ ខ្ញុំ​ប្រហែល​ជា​មិន​ត្រូវ​បោះ​បង់​កូន​ស្រី​ខ្ញុំ​ទេ​។ ខ្ញុំ​នឹង​មិន​មាន​អារម្មណ៍​ថា​ ទទួល​រង​សម្ពាធ​​ច្រើន​ទេ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​បាន​ដក​ចេញ​នូវ​គោល​នយោបាយ​កូន​១​ក្នុង១​គ្រួសារ​កាល​ពី​ឆ្នាំ ២០១៦ ហើយ​កាល​ពី​ចុង​ខែ​ឧសភា​រដ្ឋាភិបាល​បាន​សម្រេច​នឹង​អនុញ្ញាត​ឱ្យ​​គ្រួសារ​នីមួយៗ​អាច​មាន ​កូន​បាន​ដល់់​ទៅ ៣​នាក់​។

រឿង​របស់​លោក​ស្រី​ Song​គឺ​ជា​រឿង​ទូទៅ​ដែល​ប្រជាជន​ចិន​បាន​ជួប​ប្រទះ​កាល​ពី​មាន​ការ​អនុវត្ត​គោល​នយោបាយ​នោះ​។ យោង​តាម​លោក​​Jiang​ Quanbao​មក​ពី​សាកល​វិទ្យាល័យ​Xian​Jiaotong​បាន​ឱ្យ​ដឹង​ថា​ចំនួន​ប្រជាជន​ភេទ​ស្រី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៨០​ ដល់​ឆ្នាំ​ ២០១០​មាន​ការ​ថយ​ចុះ​​ប្រមាណ​ ២០​​លាន​​នាក់​​ដោយ​សារ​ការ​រម្លូត​​កូន​។

លោកJiang បាន​និយាយ​ថា​ ផល​វិបាក​ដែល​នឹង​ជួប​ប្រទះ​គឺ​សមាមាត្រ​ភេទ​​នៅ​ពេល​ទារក​កើត​គឺក្មេង​ស្រី​មាន​ចំនួន​តិច​។ លោក​បាន​បន្ត​និយាយ​ថា​ បន្ទាប់​មក​កង្វះ​ក្មេង​ស្រី​សម្រាប់​ទំនាក់​ទំនង​ជាមួយ​បុរស​ចិន​នឹង​កើត​​មាន​ឡើង​ជា​បន្ត​បន្ទាប់​។

ជាមួយ​នឹង​ការ​ពិបាក​រក​ដៃ​គូ​ក្នុង​ការ​រៀបការ​ កូន​របស់​លោកស្រី​ Song​ ក៏​កំពុង​ជួប​នូវ​បញ្ហា​នេះ​ដូច​គ្នា។ លោកស្រី​រំ​ពឹង​ថា​ នឹង​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​លោកស្រី​វិញ ហើយ​អាច​មើល​ថែ​ចៅ​របស់​ខ្លួន​ ប៉ុន្តែ​ក្តី​ស្រមៃ​នេះ​ហាក់​ដូច​ជា​មិន​អាច​សម្រេច​បាន​នោះ​ទេដោយ​សារ​កូន​ប្រុស​របស់​លោកស្រី​មិន​អាច​ស្វែង​រក​ដៃ​គូ​របស់​ពួក​គេ​បាន​។

ក្រៅ​ពី​ប្រទេស​ចិន​​ ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ក៏​មាន​អត្រា​កំណើត​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​ទោះ​បី​ជា​មាន​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​សម្រាប់​គូ​ស្វាមី​ភរិយា​មាន​កូន​ច្រើន​ក៏​ដោយ​៕