
ប្រជាជនតម្រង់ជួរដើម្បីទទួលប្រាក់ជំនួយពីរដ្ឋាភិបាលក្នុងអំឡុងការធ្វើចត្តាឡីស័កក្នុងសហគមន៍ នៅទីក្រុងម៉ានីល នៅថ្ងៃទី ១១ សីហា។ AFP
ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃចន្ទថា មន្ទីរពេទ្យជិត ១ ភាគ ៥ នៅក្នុងប្រទេសហ្វីលីពីន ស្ទើរអស់សមត្ថភាពទទួលអ្នកជំងឺទៀត ក្រោយករណីកូវីដ ១៩ កើនឡើងខ្លាំងក្នុងប្រទេស ដោយសារវ៉ារ៉្យង់ដែលតា។
ករណីឆ្លងវីរុសកូវីដនៅប្រទេសហ្វីលីពីន កំពុងកើនឡើងក្នុងអត្រាឆ្លងពី ៨ ០០០ ទៅ ១០ ០០០ នាក់ ក្នុង ១ ថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមទិន្នន័យផ្លូវការ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី Maria Rosario Vergeireបាននិយាយថា៖ «វាអាចទៅរួច ដែលករណីនឹងបន្តកើនឡើង បើទោះបីយើងរឹតបន្តឹង និងកំណត់កម្រិតដាក់ធ្វើចត្តាឡីស័កនៅមជ្ឃមណ្ឌលទទួលអ្នកជំងឺសម្រាប់រដ្ឋធានីម៉ានីលនិងតំបន់ជុំវិញនេះក៏ដោយ»។
លោកស្រីបាននិយាយថាក្នុងចំណោម មន្ទីរពេទ្យចំនួន ១ ២៩១ នៅប្រទេសហ្វីលីពីន មន្ទីរពេទ្យប្រមាណ ២៣៦ កន្លែងបានឈានដល់ «កម្រិតធ្ងន់ធ្ងរ» ដែលមានទទួលអ្នកជំងឺជាង ៨៥ ភាគរយ ហើយដោយសារតែការកើនឡើងនៃករណីកូវីដកើនឡើងខ្លាំង។
ដោយឡែក មន្ទីរពេទ្យនៅតំបន់រដ្ឋធានី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ក៏កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះដែរ ដោយមានអគារចំនួន ២៥ ក្នុងចំណោម ១៥៩ ទទួលអ្នកជំងឺស្ទើរពេញមន្ទីរពេទ្យ។
កាលពីថ្ងៃ សុក្រសប្តាហ៍មុនអាជ្ញាធរបានបិទខ្ទប់តំបន់រដ្ឋធានី និងទីក្រុងជាង ១៦ ដែលមានប្រជាជនជាង ១៣ លាននាក់ រយៈពេល ២ សប្តាហ៍ ដោយសារករណីទូទាំងប្រទេសជិតឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ៤ ខែកន្លងមក។
ប្រទេសហ្វីលីពីន គ្រោងនឹងចែកចាយវ៉ាក់សាំងរហូតដល់ ៧០ លាននាក់នៅឆ្នាំនេះ ដោយបច្ចុប្បន្ន ប្រជាជនចំនួន ១១ លាននាក់ ទើបទទួលបានវ៉ាក់សាំងពេញលេញហើយ។ ប្រទេសនេះ រកឃើញករណីវិជ្ជមានសរុបប្រមាណ ១,៦៥ លានករណីហើយ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ និងមានចំនួនអ្នកស្លាប់ចំនួន ២៩ ០០០ ករណីហើយ៕