
គ្រូពេទ្យកំពុងយកសំណាកស្រ្តីម្នាក់នៅទីក្រុងវូហាន ក្រោយផ្ទុះការរីករាលដាលមេរោគបំប្លែងថ្មីប្រភេទដែលតា។ រូបថត AFP
ក្រោយមានការផ្ទុះឡើងវ៉ារ៉្យង់ដែលតា ចេញពីអាកាសយានដ្ឋានណានជីង និងបានរាលដាលដល់ខេត្តយ៉ាងតិចចំនួន ១៧ និងមានករណីឆ្លងជាង ៧០០ ករណី គិតចាប់ពីថ្ងៃទី ២០ កក្កដា មក ប្រទេសចិន ម្នីម្នាចាត់វិធានការរឹតត្បិតការធ្វើដំណើរ និងបិទខ្ទប់តំបន់ ដែលរីករាលដាល ដើម្បីទប់ស្កាត់ឥទ្ធិពលវ់ារ៉្យង់ដែលតានេះ។ នេះបានតាមឱ្យដឹងពីសារព័ត៌មាន South China Morning Post។
វ៉ារ៉្យង់ដែលតានេះទៀតសោត បានដាក់សម្ពាធដល់យុទ្ធសាស្រ្ត «លុបបំបាត់ដល់សូន្យរបស់ចិន» ដែលព្យាយាមធ្វើឱ្យករណីកម្រិតទាបបំផុត ដោយការដាក់ឱ្យនៅដាច់ដោយឡែក ការធ្វើតេស្ត ពាក់ម៉ាស់ការចាក់សោរ ការទប់ស្កាត់ ការធ្វើដំណើរ និងវិធានការផ្សេងទៀត ដែលជាវិធីសាស្រ្តមួយត្រូវបានអនុវត្តនៅនឹងកន្លែងផងដែរ អូស្ត្រាលីនិងនូវែលសេឡង់ ផងដែរ។
លោក Feng Zijian ប្រធានសមាគមវេជ្ជសាស្ត្របង្ការចិន បានប្រាប់ទស្សនាវដ្តី China Newsweek កាលពីសប្តាហ៍មុនថា ប្រទេសនេះនឹងត្រូវរក្សាវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមព្រំដែន និងនៅពេលមានការផ្ទុះឡើង រហូតដល់វាឈានដល់អត្រាចាក់វ៉ាក់សាំងខ្ពស់។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន បានឱ្យដឹងថា ប្រទេសនេះបានចែកចាយវ៉ាក់សាំងរួចចំនួន ១,៧៧ ពាន់លានដូសគិតត្រឹមថ្ងៃសៅរ៍ សប្ដាហ៍មុន សម្រាប់ប្រជាជនក្នុងប្រទេសសរុបប្រមាណ ១,៤ ពាន់លាន នាក់។
លោកបាននិយាយថា ប្រទេសចិននឹងត្រូវធ្វើការសម្រេចចិត្តលើការកែសម្រួលលើកការចែកចាយវ៉ាក់សាំងលើអ្នកទទួលបានវ៉ាក់សាំង ប៉ុន្តែមានពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំង ដោយសារករណីចំនួនកូវីដ ១៩ នៅមានចំនួនទាបនៅឡើយ។ លោកក៏បាននិយាយផងដែរថា ប្រព័ន្ធថែទាំសុខភាពនឹង ត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរវិធានការនានា ដើម្បីកុំឱ្យមន្ទីរពេទ្យរបស់ខ្លួនមានភាពមមាញឹកពេក។
លោក Thomas មកពីសាកលវិទ្យាល័យ City University បាននិយាយថា បញ្ហាមួយទៀត ដែលធ្វើឱ្យប្រទេសចិនពិបាកក្នុងការបន្ធូរបន្ថយវិធានតឹងរ៉ឹងគឺ ដោយសារប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនគឺ Sinopharm និង Sinovac ដែលនៅមានប្រសិទ្ធខ្សោយប្រឆាំងនឹងវ៉ារ៉្យង់ដែលតា ដែលអាចធ្វើឱ្យប្រជាជនប្រឈមនឹងហានិភ័យ ប្រសិនបើប្រទេសនេះ បើកដំណើរធម្មតាឡើងវិញ។
លោកបានមានប្រសាសន៍ថា៖ «ប្រទេសនេះជាប្រទេស ដែលមានចំនួនប្រជាជនច្រើន ដូច្នេះកាលនេះ ចំនួនប្រជាជនដ៏ធំសម្បើមនេះ មិនអាចធ្វើការ ឬធ្វើដំណើរទៅណាបាន វានឹងបណ្ដាលឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងនយោបាយសម្រាប់រដ្ឋាភិបាល។ វាអាចទៅរួច ប្រសិនបើប្រទេសចិនចង់រៀនរស់នៅជាមួយវីរុសប៉ុន្តែវាមានបញ្ហាប្រឈមមួយចំនួន ដែលវាត្រូវតែដោះស្រាយមុននឹងលទ្ធភាពនេះធ្វើទៅបានដោយសុវត្ថិភាព»។
ទោះយ៉ាងណាក្ដី អ្នកជំនាញខាងវីរុសកំពូលចិនលោក Shi Zhengli បានអំពាវនាវជាថ្មីម្តងទៀតដល់សាធារណជនឱ្យទទួលថ្នាំបង្ការប្រឆាំងកូវីដ ១៩ ដើម្បីបង្កើនភាពស៊ាំ ខណៈពិភពលោកត្រូវត្រៀមខ្លួន ដើម្បីរៀនរស់ជាមួយវីរុសនេះ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធ សប្ដាហ៍មុន ផ្សាយដោយ Health Times លោក Shi បានអំពាវនាវដល់សាធារណជនកុំស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។
លោក Shi បាននិយាយថា៖«ដោយសារចំនួនករណីឆ្លងកាន់តែកើនឡើងខ្លាំង វាកាន់តែអនុញ្ញាតឱ្យវីរុសនេះ មានឱកាសបំប្លែងខ្លួននិងបង្កើនបានជាវ៉ារ៉្យង់ថ្មី។ វ៉ារ្យ៉ង់ថ្មី នឹងនៅតែបន្តលេចឡើង»។
សាស្រ្តាចារ្យ JinDongyanអ្នកជំនាញខាងវីរុសម៉ូលេគុលនៅសាកលវិទ្យាល័យហុងកុង បាននិយាយថា លោកយល់ស្របជាមួយលោក Shi ដែលសាធារណជនគួរតែត្រៀមខ្លួន ដើម្បីរួមរស់ជាមួយមេរោគនេះក្នុងរយៈពេលយូរ ឬជារៀងរហូត។
បន្ថែមពីនេះ មន្រ្តីនៅចក្រភពអង់គ្លេស និងសិង្ហបុរី បានលើកទឹកចិត្តយ៉ាងច្បាស់ដល់ប្រជាជនឱ្យសម្របខ្លួនទៅនឹងវីរុស និងរស់នៅជាមួយវា។ លោក Zhang Wenhong អ្នកជំនាញខាងជំងឺឆ្លងឈានមុខគេនៅទីក្រុងស៊ាងហៃ បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកជំនាញខាងមេរោគឆ្លងភាគច្រើននៅលើពិភព លោកយល់ស្របថាពិភពលោកត្រូវរៀនរស់នៅជាមួយមេរោគនេះ។
ទន្ទឹមនឹងនេះ បេសកជនការទូតកំពូលៗ បានអំពាវនាវឱ្យទីក្រុងប៉េកាំង បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ និងបង្កើនតម្លាភាពខណៈពេលប្រទេសនានា កំពុងវាយតម្លៃអំពីតួនាទីប្រទេសចិនក្នុងកំណែទម្រង់ពាណិជ្ជកម្មពិភពលោក បន្ទាប់ពីជំងឺរាតត្បាត។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកាទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រចំពេលមានការព្រួយបារម្ភពីអន្តរជាតិជុំវិញចង្វាក់ផ្គត់ផ្គង់ និងការរំខានពាណិជ្ជកម្មធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរីករាលដាលនៃមេរោគឆ្លង។
ស្ថានទូតប្រទេសនានាប្រចាំទីក្រុងប៉េកាំង ក៏បានសម្តែងការព្រួយបារម្ភអំពីនិស្សិតបរទេសរាប់សែននាក់ ដែលមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសចិនវិញ ដោយសារតែពួកគេមិនអាចទទួលបានទិដ្ឋាការ។ ឯកអគ្គរដ្ឋទូតស្វីសប្រចាំទីក្រុងប៉េកាំង លោក Bernardino Regazzoni បាននិយាយថាការរឹតត្បិតការធ្វើដំណើរ ដោយប្រទេសចិនគឺជាប្រភពនៃការព្រួយបារម្ភ៕