កាល​ពី​ថ្ងៃ​អង្គារ​ ​អភិបាល​រដ្ឋ​​ញូវយ៉ក​សហរដ្ឋ​អាមេរិក ​បានសម្រេច​ចិត្ត​លា​ឈប់​ពី​តំណែង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ករណី​បំពាន​ផ្លូវ​ភេទ​ទៅ​​លើ​អតីត​បុគ្គលិក​​។​

អភិបាល​រដ្ឋ​​​ញូវយ៉ក​ លោក Andrew​ Cuomo​ បាន​សម្រេច​លា​ឈប់​ពី​តំណែង​របស់​លោក​ជា​អភិបាល​រដ្ឋ ​ក្រោយ​ពី​មាន​ការស៊ើប​អង្កេត​ទៅលើ​រូប​លោក​ទាក់​ទង​នឹង​ករណី​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​អតីត​បុគ្គលិក​របស់​ខ្លួន​​ចំនួន​ ១១ នាក់។

ក្រោយ​ពី​មាន​ជន​រង​គ្រោះ​ធ្វើ​ការ​រាយការណ៍​ទាក់​ទង​នឹង​សកម្មភាព​របស់​លោក​ Cuomo​ អគ្គ​រដ្ឋ​អាជ្ញា​រដ្ឋ​ញូវ​យ៉ក​ លោក​ស្រី ​Letitia​ James​ បាន​បើក​ការ​ស៊ើប​អង្កេត​ទៅលើ​ករណី​នេះ ហើយ​របាយការណ៍​​​ស៊ើប​អង្កេត​ បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ដែល​បង្ហាញ​ថា លោក Cuomo​​ បាន​បំពាន​ទៅ​លើ​អតីត​បុគ្គលិក​របស់​លោក​ពិត​មែន​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ BBC​​ លោក​ Cuomo បាន​និយាយថា មធ្យោបាយ​ដែល​ល្អ​បំផុត​ពេល​នេះ ​គឺ​លោក​លា​លែង​ពី​តំណែ​ង។ នៅ​ពេល​ដែល​លោក​ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី ១០​ សីហា​ លោក Cuomo នៅ​តែ​បន្ត​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​បំពាន​ផ្លូវ​ភេទ​ ប៉ុន្តែ​លោក​បាន​និយាយ​ថា​ លោក​ចង់​សុំទោស​ទៅ​ស្រ្តី​រូប​ណា​ដែល​មិនពេញ​ចិត្តចំពោះ​សកម្មភាព​របស់​លោក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អនុ​ប្រធាន​រដ្ឋាភិបាល​ លោក​ស្រី Kathy​ Hochul​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បន្ត​តំណែង​លោក​ក្នុង​អំ​ឡុង​ពេល​ដែល​អាណត្តិលោក​ Cuomo មិន​ទាន់​ដល់​ពេល​កំណត់​។ការ​លា​លែង​ពី​តំណែង​​របស់​លោក​ Cuomo នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈ​ពេល​ ១៤ ​ថ្ងៃ​បន្ទាប់​។

បន្ទាប់ពីលោក​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​លោក​ Cuomo​ មិន​អើ​ពើ​នឹង​ការ​ទាម​ទារ​ពី​សំណាក់​គណបក្ស​ទាំង​២ ឱ្យ​​លោក​លា​លែង​ពី​តំណែង​ទេ​។ ផ្ទុយ​ទៅ​វិញ​របាយការណ៍​ស៊ើប​អង្កេត​បាន​ចោទ​ប្រកាន់លោក​ថា​ លោក​​បាន​បំពាន​ទៅលើ​ស្ត្រី​ ១១​ នាក់​ ដែល​ក្នុង​នោះ​មាន​ស្រ្តី​ ៩​នាក់​ជា​បុគ្គលិក​រដ្ឋ​។

ទោះ​បី​ជា​លោក​បាន​សម្រេច​ចិត្ត​លា​លែង​ពី​តំណែង​ក៏​ដោយ សមាជិក​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ទី​ក្រុង​ញូវ​យ៉ក​បាន​ចាប់​ផ្តើម​ផែន​ការ​​ធ្វើ​ការ​ចោទប្រកាន់លោក​ពី​បទ​បៀត​បៀន​ផ្លូវ​ផេទ​។ លោក​ Cuomo​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​ពាក្យ​បណ្តឹង​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ៕