កាល​ពី​ខែ​មិថុនា កន្លង​ទៅ​ សហរដ្ឋ​អាមេរិក​នាំ​​មុខ​គេ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ដោយ​ពេល​នោះ​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ណែនាំ​ឱ្យ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​បើក​ព្រំដែន​ជាមួយ​អាមេរិក​វិញ ក្នុង​ក្ដី​សង្ឃឹម​ថា ​ជំងឺ​រាតត្បាត​កូវីដ ១៩ ​ចាប់​ផ្ដើម​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ​នេះ​បើ​តាម​ការឱ្យ​ដឹង​ពី​សារព័ត៌មាន The New York Times។

ប៉ុន្តែ​ជិត ២ ខែ​ក្រោយ​មក​ ទោះបី​អឺរ៉ុប​បាន​នាំ​មុខ​សហរដ្ឋ​អាមេរិក​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​វិញ​ក្ដី ក៏​ព្រំ​ដែន​​អាមេរិក​នៅ​តែ​បិទ​ ចំពោះ​អ្នក​ធ្វើ​ដំណើរ​មក​ពី​អឺរ៉ុប​ភាគ​ច្រើន​ សូម្បី​តែ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ។ ក្រោយ​មក​ ដោយសារ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​រីក​រាលដាល​នៃ​វ៉ារ៉្យង់​ដែលតា​ ដែល​កំពុង​ផ្ទុះ​ឡើង​ កាន់​តែ​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​បើក​ព្រំដែន​របស់​អាមេរិក​ជាមួយ​អឺរ៉ុប​ស្ថិត​ក្នុង​ភាព​មន្ទិល​ជាង​មុន​ទៅ​ទៀត​។​

ការ​សម្រេច​បិទ​ព្រំដែន​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​អឺរ៉ុប​ភ្ញាក់ផ្អើល​ និង​ធ្វើ​ឱ្យ​មេ​ដឹកនាំ​របស់​ពួក​គេ​ខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឱ្យ​អាមេរិក​ឆ្លើយ​តប​នឹង​ការ​សម្រេច​របស់​អឺរ៉ុប​ក្នុង​ការ​បើក​ព្រំដែន​រវាង​គ្នា​នឹង​គ្នា​​។

លោក Ursula von der Leyen​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ ដែល​ជា​អង្គភាព​ប្រតិបត្តិ​របស់​ប្លុក​នេះ ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​៖ «យើង​ទទូច​ថា​ ច្បាប់​នេះ​អនុវត្ត​បាន​លុះត្រា​មាន​ការ​យល់​ព្រម​ពីភាគី​ទាំង​សង​ខាង​»។​

មន្រ្តី​ក្នុង​ប្លុក​នេះ​ ថែម​ទាំង​ស្នើ​ឱ្យ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​អាមេរិក​ឡើង​វិញ​ទៀត​ផង ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ភ្លាម​គ្មាន​ការ​រំពឹង​ទុក​នេះ​អាច​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​រដូវ​ក្តៅ​ប្លុក​នេះ​ធ្លាក់​ក្នុង​ស្ថានភាព​ប្រថុយ​ប្រថាន។

លោកស្រី ​Michele Kastelein ​ដែល​ជា​ជនជាតិ​បារាំង-អាមេរិក​ ​ពលរដ្ឋ​រស់នៅ​ Portola Valley រដ្ឋ​កាលីហ្វ័រនីញ៉ា​បាន​និយាយ​ថា៖ «​ឥឡូវ​នេះ​ យើង​មាន​វ៉ាក់សាំង​ហើយ យ៉ាង​​ហោច​ណាស់​​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ចាក់ វ៉ាក់សាំង​បាន​មក​អាមេរិក​វិញ​ផង​។ ​បងប្រុស​ជនជាតិ​បារាំង​របស់​នាង​ឈ្មោះ​ Morris ត្រូវ​បោះបង់​គម្រោង​ចូលរួម​ពិធី​មង្គលការ​កូន​ប្រុស​របស់​នាង​នៅ​ខែ​នេះ​ ដោយសារ​សង្ឃឹម​ថា ​អាមេរិក​នឹង​បន្ធូរបន្ថយ​ការ​បិទ​ព្រំដែន​សម្រាប់​ជនជាតិ​អឺរ៉ុប​ដូច​គាត់ ​ដែល​បាន​ចាក់វ៉ាក់​សាំង​រួច​ហើយ។

គួរ​បញ្ជាក់​ផង​ដែរ ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​អឹរ៉ុប​ចាប់​ផ្តើម​ពី​ពេល​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​រាត​ត្បាត​។ ទោះយ៉ាង​ណា ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Donald Trump បាន​ដក​ការ​រឹតត្បិត​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក ​ប៉ុន្តែ​ប្រធានាធិបតី​ Joe Biden បាន​ស្តារ​ឡើង​វិញ​ភ្លាមៗ​ បន្ទាប់​ពី​ចូលកាន់​តំណែង។

យ៉ាងណាមិញ សេតវិមាន​បាន​ផ្តល់​ការ​ពន្យល់​តិច​តួច​អំពី​មូលហេតុ​ ដែល​ការ​រឹត​បន្តឹង​នៅ​តែ​មាន​ ទោះបី​ជា​​​ប្រទេស​ខ្លះ​ ដែល​មាន​កា​រ​ឆ្លង​ខ្ពស់​ និង​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ប្រឈម​នឹង​ការ​ហាមឃាត់​ស្រដៀង​គ្នា​ក៏​ដោយ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពីស​ប្តាហ៍​មុន អ្នក​នាំពាក្យ​សេតវិមាន Jen Psaki បាន​ប្រាប់​ពី​មូលហេតុ​ ដោយសារ​ប្រទេស​នេះ​អនុវត្តតាម​​​ការ​ណែនាំ​របស់​​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ និង​កំពុង​​ព្រួយ​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វ៉ារ៉្យង់​ដែលតា​​។

ដោយ​អនុវត្ត​តាម​​​ច្បាប់​នេះ​ បច្ចុប្បន្ន​ប្រជាជន​​ស្ទើរ​តែ​ទាំង​អស់​នៃ​តំបន់ Schengen របស់​អឺរ៉ុប​ ដែល​ជា​តំបន់​គ្មាន​លិខិត​ឆ្លង​ដែន​ ដែល​រួម​បញ្ចូល​ទាំង ២៦ ប្រទេស រួម​ទាំង​អង្គភាព​ផ្សេង​ទៀត​ ក៏​ដូចជា​អ្នក​ដែល​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​អៀរឡង់​នៅ​តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​​ទៅ​សហរដ្ឋ​អាមេរិក​។​

ប្រទេស​ចំនួន​ ៥ ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​​ហាម​ឃាត់​ដែរ​​ រួម​មាន​ប្រទេស​ដែល​​មាន​អត្រា​ឆ្លង​ខ្ពស់​ដូចជា ​អ៊ីរ៉ង់ ​អាហ្វ្រិក​ខាងត្បូង​ ប្រេស៊ីល និង​ឥណ្ឌា​ ប៉ុន្តែ​ក៏​មាន​ប្រទេស​ចិន ​ផង​ដែរ​ ដែល​ជា​ប្រទេស​មាន​អត្រា​នៃ​ការ​រីក​រាលដាល​ទាប​ជាង​ប្រទេស​អាមេរិក​អស់​ជា​ច្រើន​ខែ​។

ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ បាន​លើកលែង​មនុស្ស​មួយ​ចំនួន​ ក្នុង​នោះ​មាន​ពលរដ្ឋ​អាមេរិក​អ្នក​រស់នៅ​អាមេរិក​អចិន្រៃ្តយ៍​ និង​សមាជិក​គ្រួសារ​ខ្លះ​នៃ​ពលរដ្ឋ​អាមេរិក​ ដែល​​​មាន​​អាយុ​ក្រោម​​​ ២១ ឆ្នាំ។

ប្រជាជន​មក​​ពី​ប្រទេស​មាន​ហានិភ័យ​បញ្ហា​កូវីដ​នៅ​តែ​អាច​ចូល​សហរដ្ឋ​អាមេរិក​បាន ប្រសិន​បើ​​ពួក​គេ​ចំណាយ​ពេល​​ ១៤ ​ថ្ងៃ​ មុន​ពេល​ពួក​គេ​មក​ដល់​ប្រទេស ដែល​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ (CDC)​។

យ៉ាងណាមិញ​ សហភាព​អឺរ៉ុប​បាន​ដាក់​សហរដ្ឋ​អាមេរិក​ទៅ​ក្នុង​បញ្ជី​ប្រទេស​ ដែល​មាន​សុវត្ថិភាព​នៅ​ក្នុង​ខែ​មិថុនា ហើយ​​បច្ចុប្បន្ន​រួមមាន​ប្រទេស​អាល់បានី ​អាមេនី ​អូស្ត្រាលី​អាស៊ែបៃហ្សង់ ​បូស្ន៊ី​ និង​ហឺហេ្ស ហ្គោវីណា​ ប្រ៊ុយណេដារូសាឡឹម​ កាណាដា ​អ៊ីស្រាអែល​ ជប៉ុន ហ្ស៊កដានី ​លីបង់ ​ម៉ុងតេណេហ្គ្រោ នូវែលសេឡង់ ​កាតា​ សាធារណរដ្ឋម៉ុលដាវី​ សាធារណរដ្ឋ​ម៉ាសេដូនៀ​ខាងជើង​ អារ៉ាប៊ី ​សាអ៊ូឌីត​ ស៊ែប៊ី សិង្ហបុរី​ កូរ៉េខាងត្បូង ​អ៊ុយក្រែន​ និង​សហរដ្ឋ​អាមេរិក៕