មន្រ្តី​សុខាភិបាល​អាមេរិក​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទៅ​លើ​កុមារ​បន្ថែម​ទៀត​ ដោយសារ​ករណី​ឆ្លង​កូវីដ ១៩ ក្នុង​សហគមន៍​បាន​គំរាម​កំហែង​ដល់​ឱកាស​សម្រាប់​ការ​​បើក​សាលា​ឡើង​វិញ​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Financial​ Times​ ក្រុម​គ្រូ​ពេទ្យ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​មើល​ឃើញ​ថា​ ចំនួន​កុមារ​ដែល​ត្រូវ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូវីដ ១៩ ​កំពុង​​មាន​ការ​កើន​ឡើង​។

លោក​ Miguel​ Cardona​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​អាមេរិក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​សប្តាហ៍​មុន​ថា​៖« យើង​ប្តេជ្ញា​នឹង​ព្យាយាម​បង្កើន​ការ​ចែកចាយ​​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ​​ទៅ​កុមារ​​ឱ្យ​​ចំនួន​មាន​ការ​កើន​ឡើង​ទ្វេ​ដង ​ដើម្បី​ធានា​ថា ​ពួក​គេ​នឹង​ទទួល​បាន​ការ​ការពារ​បន្ថែម​ទៀត​​នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​សាលា​រៀន​វិញ​»។

លោក​ Cardona​ បាន​ហៅ​ការ​ទទួល​ចាក់​វ៉ាក់សាំង​ថា ​ជា​​ឧបករណ៍​ខ្លាំង​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ១៩​ និង​អាច​ផ្តល់​ឱកាស​ឱ្យ​​សិស្ស​ចូល​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន​ ក៏​ដូចជា​រត់់​លេង​នៅ​ក្នុង​បរិវេណ​សាលា​ និង​លេង​កីឡា​ជាមួយ​មិត្តភក្តិ​របស់​ពួក​គេ​។

ចំណែក​យុទ្ធសាស្រ្ត​បន្ថែម​ដែល​អាច​ជំរុញ​ឱ្យ​​កុមារ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ រដ្ឋបាល ​បៃដិន ​បាន​ប្រើ​ប្រាស់​វិធីសាស្រ្ត​ដោយ​យក​អ្នក​ដែល​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​បណ្តាញ​សង្គម​ TikTok ម្នាក់​ដើម្បី​ផ្សាយ​ពី​មាតិកា​លើក​ទឹក​ចិត្ត​ដល់​កុមារ​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩។

តាម​តួ​លេខ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​អាមេរិក (CDC) ​បាន​ឱ្យ​ដឹង​ថា​ ក្មេង​អាយុ​ពី ១២ ទៅ ១៥ ឆ្នាំ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​​មាន​ត្រឹម​តែ​ ៣១ ភាគរយ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​សប្តាហ៍​ដំបូង​នៃ​ខែ​សីហា​ ជា​មធ្យម​មាន​កុមារ​ចំនួន​ ២១៦​ នាក់ ​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ដោយសារ​ឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​សហរដ្ឋអាមេរិក​ នេះ​បើ​យោងតាម ​​CDC។

លោកស្រី​ Inci​ Yildirim​ អ្នក​ឯកទេស​ខាង​ជំងឺ​ឆ្លង​កុមារ​នៅ​គ្លីនិក​របស់​សាលា​វេជ្ជសាស្រ្ត​ Yale​ បាន​ឃើញ​មាន​អ្នក​ជំងឺ​កូវីដ ១៩​ វ័យ​ក្មេង​ជា​ច្រើន​នាក់​ក្នុង​រយៈពេល​ ១ ​ខែ​ចុង​ក្រោយ​នេះ​។ លោកស្រី​បាន​និយាយ​ថា​ លោកស្រី​ឃើញ​ថា​ អ្នក​ជំងឺ​វ័យ​ក្មេង​ទាំង​នោះ​បាន​​បញ្ចេញ​​រោគ​សញ្ញា​លឿន​ជាង​មុន​។

គិត​ត្រឹម​ថ្ងៃទី​ ៥​ ខែ​សីហា​ មក​កុមារ​ជិត​ ៤,៣​ លាន​នាក់ បាន​​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ ១៩​ ចាប់​តាំង​ពី​មាន​ជំងឺ​រាតត្បាត​ជា​សកល​។ កាល​ពី​សប្តាហ៍​មុន​មាន​​ប្រមាណ​ជាង​ ៩ ពាន់​​ករណី​​​បន្ថែម​ ដែល​នេះ​ជា​ការ​កើន​ឡើង​ បន្ទាប់​​ពី​មាន​ការ​ធ្លាក់​ចុះ​នៅ​ដើម​រដូវ​ក្តៅ​នៅ​សហរដ្ឋ​អាមេរិក៕