កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី​ ១២​ សីហា​ អតីត​តារា​ចម្រៀង​កូរ៉េ ត្រូវ​បាន​តុលាការ​យោធា​កូរ៉េ​ខាង​ត្បូង​កាត់​ទោស​ឱ្យ​ជាប់ពន្ធនា​គារ ៣​ ឆ្នាំ​ បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ​។

អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ Big​ Bang ​លោក​ Seungri​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​គ្មាន​ការ​ឃុំ​ខ្លួន​ក្នុង​ឆ្នាំ​ ២០២០​ ពី​បទ​បាន​រៀប​ចំ​ពេស្យាចារ​សម្រាប់​វិនិយោគិន​ សូកប៉ាន់​ ប្រព្រឹត្ត​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ និង​រំលោភ​លើ​ការ​ដោះ​ដូរ​រូបិយបណ្ណ​ប​រទេស​ និងច្បាប់​អនាម័យ​ម្ហូប​អាហារ​។

ការ​ចោទ​ប្រកាន់​ និង​ការ​ផ្តន្ទាទោស​របស់លោក​ Seungri​ គឺ​ជា​ផ្នែក​មួយ​នៃ​រឿង​អាស្រូវ ​Burning​ Sun ​នៅក្លិប​រាត្រី​មួយ​នៅ​សង្កាត់​ Gangnam​ ទីក្រុង​សេអ៊ូល​។

តាម​ប៉ូលិស​ក្រុង​សេអ៊ូល​ Burning​ Sun​ គឺ​ជា​កន្លែងដែល​លោក​បាន​ល្មើស​ច្បាប់​​ ដោយ​នៅ​ទី​នោះ​មាន​ការ​ប្រើ​ប្រាស់​អំពើ​​ហិង្សា​លើ​អតិថិជន​ មាន​សេវាកម្ម​រក​ស៊ី​ផ្លូវ​ភេទ​​សម្រាប់​ភ្ញៀវ​ ការ​រំលោភ​សេព​សន្ថវៈ​ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ ស្ត្រី​ជា​ច្រើន​រូប​ បាន​ចេញ​មុខ​មក​តវ៉ា​នឹង​ការ​ចោទ​ប្រកាន់​ថា​ ត្រូវ​បាន​គេ​រំលោភ​បំពាន​ ឬត្រូវ​បាន​គេ​ដាក់​ថ្នាំ​សណ្តំ​នៅ​ក្នុង​ក្លិប​នោះ​៕