
ស្ត្រីទី១ Jill Biden (កណ្តាល) ទស្សនកិច្ចនៅសាលារៀននាពេលកន្លងទៅ។ AFP
នេះ គឺជាឆ្នាំសិក្សាទី៣ ដែលត្រូវបានរំខានដោយជំងឺរីករាលដាលជាសកល។ បើទោះជាផ្នែកខ្លះនៃពិភពលោកទទួលបានវ៉ាក់សាំងការពារប្រជាជន និងដល់កុមារមួយចំនួនក្ដីការកើនឡើងនៃវ៉ារ្យ៉ង់ដែលតា កាន់តែបង្ហាញពីភាពមិនច្បាស់លាស់បន្ថែមទៀតថា តើសាលារៀនអាចនឹងបើកឱ្យចូលរៀនបានជាធម្មតាវិញក្នុងពេលឆាប់ៗ ឬយ៉ាងណា?
វិបត្តិដែលតាវ៉ារ៉្យង់ ក្លាយជាប្រធានបទជជែកវែកញែកផ្នែកនយោបាយក្ដៅគគុក ជាពិសេសលើបញ្ហាពាក់ម៉ាស់ និងវ៉ាក់សាំង។ ការជជែកវែកញែកស្ដីអំពីគោលការណ៍ណែនាំដល់ឪពុកម្តាយឱ្យធ្វើការសម្រេចចិត្តឱ្យកូនរបស់ពួកគេគួរតែទទួលវ៉ាក់សាំង ឬពាក់ម៉ាស់ ឬបន្តរៀនតាមអ៊ីនធឺណិត។
យ៉ាងណាមិញ បើក្រឡេកទៅមើលតំបន់ជាយក្រុងអាត្លង់តា នៃសហរដ្ឋអាមេរិក បើទោះជាករណីក្នុងស្រុកបានកើនឡើង ៧៦ ភាគរយក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ (គិតត្រឹមថ្ងៃសុក្រ) ក៏ដោយ ក៏សាលាក្រុងបានជ្រើសរើសយកគោលការណ៍មិនពាក់ម៉ាស់។ ក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃការបើកឱ្យចូលរៀនធម្មតា ចាប់ផ្តើមនៅថ្ងៃទី ២ ខែសីហា សាលាក្រុងបានរកឃើញករណីឆ្លងថ្មីជាង ៧០០ ក្នុងចំណោមសិស្ស និងបុគ្គលិកសរុប ១១ ម៉ឺននាក់។
បើទោះបីជាមានការបាតុកម្មតវ៉ាប្រឆាំងឱ្យមានការពាក់ម៉ាស់នៅសាលាវិញ ក្រោយព្រឹត្តិការណ៍នេះក៏ដោយ ក៏នៅមានឪពុកម្ដាយមួយចំនួនជឿជាក់ថា ម៉ាស់ ១ មុខមិនគ្រប់គ្រាន់ការពារកូនៗរបស់ពួកគេពីមេរោគឡើយ។ ការចែកចាយវ៉ាក់សាំងសម្រាប់គ្រូ និងបុគ្គលិកសាលា ក៏ដូចជាការអនុវត្តវិធានការតឹងរ៊ឹង នៅតែជាវិធីដ៏ល្អបំផុតការពារការរីករាលដាលក្នុងពេលបើកសាលារៀនវិញ។
យោងតាមការស្ទង់មតិបានបង្ហាញក្នុងសារព៌ត៌មាន The New York Times ស្ទើរតែ ៩០ ភាគរយនៃគ្រូ និងសាស្ត្រាចារ្យទូទាំងប្រទេសអាមេរិកបានទទួលវ៉ាក់សាំងហើយ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងខុសគ្នាតាមតំបន់ ពោលគឺមានប្រមាណ ៧៩ ភាគរយនៅភាគអាគ្នេយ៍ដល់ ៩១ ភាគរយនៅភាគឦសាន និងភាគខាងលិចនៃប្រទេសនេះ។ ការស្ទង់មតិក៏បានរកឃើញថា កុមារនៅតាមសាលាដែលមានភាពក្រីក្រខ្ពស់ទំនងជាជួបគ្រូដែលមិនបានចាក់វ៉ាក់សាំងការពារជាងក្មេងៗនៅក្នុងស្រុក ដែលមានកម្រិតក្រីក្រទាប។
ទន្ទឹមនឹងនេះតំបន់មួយចំនួននៅទូទាំងសហរដ្ឋអាមេរិកបានផ្អាកសាលារៀនជាបណ្តោះអាសន្នដោយសារតែមានការកើនឡើងនៃករណីឆ្លងក្នុងចំណោមសិស្ស និងមហាវិទ្យាល័យនៅដើមឆ្នាំសិក្សា។
លោក Richard Besser អតីតប្រធានស្តីទីនៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានប្រាប់សារព័ត៌មាន NBC នៅសប្តាហ៍នេះថា គាត់ជឿជាក់ថា សាលារៀនជាច្រើននឹងត្រូវបិទ ដោយសារការរីករាលដាលជាងឆ្នាំមុន ដោយសារការកើនឡើងនៃវ៉ារ្យ៉ង់ដែលតា។
នាយកវិទ្យាស្ថានសុខភាពជាតិ Francis Collins ក៏បានឱ្យដឹងដែរថា៖ «ចំនួនកុមារដែលកំពុងធ្លាក់ខ្លួនឈឺនៅសហរដ្ឋអាមេរិក កើនឡើងគួរឱ្យកត់សម្គាល់។ កុមារកំពុងក្លាយជាជនរងគ្រោះ និងជាវ៉ិចទ័រនៃការធ្វើឱ្យមានកំណើនវ៉ារ្យ៉ង់ដែលតាកាន់តែខ្ពស់»។
ក្រៅពីហានិភ័យផ្នែកសុខភាពផ្លូវកាយអ្នកជំនាញមួយចំនួនក៏បានលើកឡើងពីបញ្ហាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារ និងសិស្សានុសិស្សជាទូទៅ ដែលបន្សល់ដោយវិបត្តិកូវីដរួមមានករណីជំងឺធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ ករណីញ៉ាំមិនទៀងទាត់ និងការធ្វើបាបខ្លួនឯងជាដើម។
វេជ្ជបណ្ឌិត Jason Williams អ្នកចិត្តសាស្រ្ត និងជានាយកប្រតិបត្តិការនៃវិទ្យាស្ថានសុខភាពផ្លូវចិត្តកុមារនៅមន្ទីរពេទ្យកុមារខូឡូរ៉ាដូ បានមានប្រសាសន៍ថា៖ «គេសង្កេតឃើញក្មេងៗ ដែលទទួលរងភាពឯកោក្នុងសង្គមកាន់តែមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងត្រូវបានផ្តាច់ចេញពីមិត្តភក្តិ និងប្រព័ន្ធគាំទ្ររបស់ពួកគេ»។
លោកស្រី Joanne Smith អ្នកគ្រប់គ្រងគោលនយោបាយ និងកិច្ចការសាធារណៈនៅអង្គការសង្គមជាតិ ដើម្បីការពារអំពើឃោរឃៅចំពោះកុមារ (NSPCC) ប្រចាំនៅប្រទេសស្កុតឡេន បាននិយាយថា កុមារភាគច្រើនបានទាក់ទងសេវាសង្គ្រោះ Childline ដើម្បីឱ្យជួយដោះស្រាយវិបត្តិផ្លូវចិត្តស្ដីអំពីការត្រឡប់ទៅសាលារៀន ក៏ដូចជាអំពីភាពឯកោ ការងារសាលា និងការប្រឡងជាដើម៕