ចក្រភពអង់គ្លេសនឹង​​ចាប់​ផ្តើម​គម្រោង​ផ្លាស់​ប្តូរ​​លំនៅ​ថ្មី​មួយ​សម្រាប់​ជន​ជាតិ​អាហ្វហ្គានីស្ថាន ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ពិសេសសម្រាប់​​ស្ត្រី​ និង​ក្មេងស្រី​ បន្ទាប់​ពី​ពួក​តាលីបង់ ​បាន​ដណ្តើម​គ្រប់​គ្រង​ប្រទេស​​អាហ្វហ្គានីស្ថាន​ នា​ពេល​ថ្មីៗ​នេះ​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​រ៉យទ័រ​ នាយក​រដ្ឋ​មន្ត្រី​ចក្រភព​អង់គ្លេស​លោក​ Boris​ Johnson​ បាន​​និយាយ​​ថា​​៖ «ក្រុមការងារ​​របស់​ចក្រភព​អង់គ្លេស​នៅ​អាហ្វហ្គានីស្ថាន​ កំពុង​ធ្វើ​ការ​គ្រប់​ពេល​វេលា​ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​ដើម្បី​ជួយ​ជន​ជាតិ​អង់គ្លេស​ និងអ្នក​ផ្សេង​ជា​ច្រើន​ទៀត​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធានា​ឱ្យ​​ពួក​គេ​មាន​សុវត្ថិភាព​ ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ពួក​តាលីបង់​បានវាយ​ចូល​ដល់​ទី​ក្រុង​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោយ​ពី​ប្រធានា​ធិបតី​របស់​ប្រទេស​នេះ​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​ ជ័យជម្នះ​​របស់​ពួក​តាលីបង់​ក្នុង​ការ​វាយ​លុក​ចូល​ទៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​រយៈពេល​ ២ សប្តាហ៍​មុន​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​នេះ​៕