កាល​ពីថ្ងៃ​ចន្ទ​ ទី​ ១៦​ សីហា នៅ​ជិត​តំបន់​ French Riviera ដែល​ជា​ឆ្នេរ​មេឌីទែរ៉ាណេ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បារាំង​​ រង​នូវ​​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​នោះ​។​

អ្នក​ពន្លត់​អគ្គិភ័យ​ បាន​និយាយ​ថា​ ភ្លើង​បាន​ឆាប​ឆេះ​ផ្ទៃ​ដី​ប្រមាណ​ ៦ពាន់​ហិកតា​។ នាយកដ្ឋាន​ពន្លត់​អគ្គិ​ភ័យ​ក្នុង​តំបន់​បាន​និយាយ​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៧​ សីហា​អគ្គិភ័យ​នេះ​បាន​ឆាប​ឆេះ​នៅ​លើ​ផ្ទៃ​ដី​ជាង​ ៥​ ពាន់​ហិកតា​​បន្ថែម​។ ​ អ្នក​ពន្លត់​អគ្គិភ័យ​ ៩០០​នាក់​ និង​ប៉ូលិស​ ១២០​នាក់ ​បាន​ដាក់​ពង្រាយ​ដើម្បី​ពន្លត់​អគ្គិភ័យ​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ​គឺ​ជា​តំបន់​ចុង​ក្រោយ​បង្អស់​នៅ​ទ្វីប​អឺរ៉ុប​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវ​ក្តៅ​នេះ​ ខណៈ​ដែល​សីតុណ្ហភាពនៅ​តែ​បន្ត​កើន​ឡើ​ង។​

​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ រលក​កម្តៅ​នៅ​តែ​បន្ត​កើន​ឡើង​ខ្លាំង​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​​ឱស្ម័ន​កាបូន​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​។ប្រទេស​ក្រិក​ តួកគី​ អេស្ប៉ាញ​ និង​ព័រទុយហ្កាល់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែលមាន​ភ្លើង​ឆេះ​ព្រៃ​​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ និង​បំផ្លាញ​ផ្ទះ​សំបែង​ប្រជាជន​ជា​ច្រើន​៕