ប្រជាជន​ម៉ាឡេស៊ី​រំពឹង​ស្ថាន​ភាព​កូវីដ ១៩​ នឹង​មាន​ភាព​ប្រសើរ​ឡើង​បន្ទាប់​ពី​មាន​នាយក​រដ្ឋ​មន្រ្តី​ឡើង​កាន់​តំណែង​។

នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ម៉ាឡេស៊ី​ លោក​ Muhyiddin​ Yassin​ បាន​ប្រកាស​លា​​លែង​ពី​តំណែង​កាល​ពីដើម​សប្តាហ៍​នេះ ក្រោយ​ពី​សមាជិក​សភា​មួយ​ចំនួន​ប្រកាស​លែង​គាំទ្រ​រដ្ឋាបាល​របស់​លោក​។​ ក្រៅ​ពី​មាន​ការ​មិន​គាំ​ទ្រ​ពី​សំណាក់​អ្នក​និយោបាយ​នៅ​ក្នុង​ប្រទេស​ លោក​ ​​Muhyiddin​ ក៏​ត្រូវ​ប្រជាជន​រិះ​គន់​លោក​ពី​ការ​ដាក់​ចេញ​នូវ​វិធានការរបស់​លោក​​ក្នុង​ការ​​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៅក្នុង​ប្រទេស​ផង​ដែរ​។​

ក្នុង​រយៈ​ពេល​ដែល​លោក​កាន់​តំណែង​អស់​រយៈ​ពេល ១៧ ខែ ​លោក​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ដឹក​នាំ​របស់​លោក​ដែល​មិន​ត្រឹម​តែ​មា​ន​​ការ​មិន​ពេញ​ចិត្ត​ពី​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​សម្ព័ន្ធ​មិត្ត​របស់​លោក​នៅដែល​មាន​ដូច​ជា​ អង្គការ​ជាតិ​ម៉ាឡេស៊ី​ ដែល​បាន​គំរាម​កំហែង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ដក​ការ​គាំ​ទ្រ​របស់​ពួក​គេ​ទៅ​លើ​លោក ​Muhyiddin។

បន្ទាប់​ពី​ការលា​លែង​ពី​តំណែង​របស់​លោក​ Muhyiddin​ ប្រជាជន​មួយ​ចំនួន​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ភាព​ដឹក​នាំ​របស់​លោក​ ព្រម​ទាំង​​មាន​ការ​ស្ទាក់​ស្ទើរ​ចំពោះ​នយោបាយ​របស់​ប្រទេស​ខ្លួន​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA លោក​ Yusri​ Abu​Basar ​អាយុ​ ៥៣​ ឆ្នាំ​ដែលបច្ចុប្បន្នលោក​កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​បាន​និយាយ​ថា​ តាម​ការមើល​ឃើញ​របស់​លោក​នៅ​ក្នុង​រឿង​នយោបាយ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ លោក​ហាក់​មាន​អារម្មណ៍​ដូច​ជា​រឿង​កំប្លែង​​ ។

លោក​ Yusri​បាន​និយាយ​ថា​៖«វា​ជា​រឿង​គួរ​ឱ្យ​​ខ្មាសមួយ​ដែល​នយោបាយ​ម៉ាឡេស៊ី​បាន​ឈាន​ដល់​កម្រិត​នេះ​។ ដំណើរការ​ទាំង​មូល​មើល​ទៅ​ដូច​ជា​ការ​មើល​សៀក​រហស្ស​កម្ម» ។

លោក​ Chin V Ming អាយុ​ ៣៦​ ឆ្នាំ​ដែលបច្ចុប្បន្ន​លោក​ធ្វើ​ការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ ការ​លា​លែង​ពី​តំណែង​របស់​លោក​ Muhyiddin​ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាត​ត្បាត​គឺ​ជា​រឿង​នយោបាយ​ដែល​មិន​ចាំ​បាច់​។ លោក​បាន​និយាយ​ថា​៖ «ចំពោះ​ការ​ជ្រើស​រើស​នាយក​រដ្ឋ​មន្រ្តី​ថ្មី​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​ដំណើរ​ការ​នេះ​ទេ​ ព្រោះមិន​មាន​អ្នក​ណា​ដែល​ខ្ញុំ​ពេញ​ចិត្ត​ទេ​»។

លោក​ Muhyiddin បានទទួល​បទ​បញ្ជា​ពី​ព្រះ​មហាក្សត្រ​កាល​ពី​ដើម​ឆ្នាំ​នេះ​ដោយ​ខ្លួន​មាន​អំណាច​ផ្ទាល់​ខ្លួន​ដើម្បី​បញ្ជា​ការ​ឆ្លើយ​តប​ទៅ​វិបត្តិ​កូវីដ ១៩។ ប៉ុន្តែ​លោក​បាន​ប្រើ​ច្បាប់​គ្រា​អាសន្ន​ជា​ចម្បង​សម្រាប់​ផ្អាក​ការ​ប្រជុំ​សភា​។

ការ​ប្រើ​ប្រាស់​អំណាច​របស់​លោកក្នុង​អំឡុង​ពេល​មាន​អាសន្ន​នេះ​បាន​ធ្វើ​ឱ្យ​​អ្នក​នយោបាយ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​លំបាក​ក្នុង​ការ​ត្រួត​ពិនិត្យ​ពី​របៀប​ចែក​ចាយ​វ៉ាក់សាំង​ និង​ការ​គ្រប់​គ្រង​ផ្នែក​សុខាភិបាល​ផ្សេង​ទៀត​ដែល​ត្រូវ​ផ្តល់​អោយ​ប្រជាជន​ម៉ាឡេស៊ី​។ ខណៈ​ពេល​ដែល​ លោក​ Muhyiddin​ បាន​ដាក់​ចេញ​នូវ​ផែន​ការ​បិទ​ខ្ទប់​កាល​ពី​ខែ​មិថុនា​ដែល​មិន​បាន​ទទួល​ជោគ​ជ័យ​ធ្វើ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ ព្រម​ទាំង​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ថែម​ទៀត​៕