
ទិដ្ឋភាពទូទៅនៃការិយាល័យរបស់ក្រុមហ៊ុន AstraZeneca PLC នៅក្រុង Macclesfield។ AFP
អ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ដែលចង់គ្រប់គ្រងកម្មសិទ្ធិបញ្ញានៃការផលិតវ៉ាក់សាំងដែលខ្លួនរកឃើញអាចរារាំងដល់លទ្ធភាពទទួលវ៉ាក់សាំងពីសំណាក់ប្រទេសក្រីក្រ។
ក្នុងករណីក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ដែលចង់ការពារកម្មសិទ្ធិបញ្ញាវ៉ាក់សាំងរបស់ខ្លួនការភ័យខ្លាចអ្នកវិទ្យាសាស្ត្រ ត្រូវបានក្រុមហ៊ុននេះ ចាត់ទុកថា ជាការភ័យខ្លាចគ្មានមូលដ្ឋាន។
យ៉ាងណាមិញ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនផលិតថ្នាំអង់ហ្គោឡាស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយវិទ្យាស្ថានសេរ៉ូម និងផលិតវ៉ាក់សាំងបានរាប់រយលានដូស និងចែកចាយដល់ប្រទេសមានចំណូលមធ្យម និងទាបនៅទូទាំងពិភពលោក។
ប៉ុន្តែផលវិបាកនៃការផលិតទុកមុន ការដឹកជញ្ជូនឆ្លងប្រទេស និងមានបំណងធានាការផលិតទ្រង់ទ្រាយធំនៃវ៉ាក់សាំងកូវីដ ១៩ ប្រៀបបាននឹងការបើកសង្រ្គាមមួយនៅក្នុងសមរភូមិ កម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសផលិតជាមួយនឹងពិភពលោក។
អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Oxford លោក Sandy Douglas បានប្រាប់កាសែត Financial Times ថា៖ «យើងបានចាត់ទុកថា ហានិភ័យ ដូចដែលបានកើតឡើងនៅវិទ្យាស្ថានសេរ៉ូម ដែលពន្យារពេលចែកចាយវ៉ាក់សាំងទៅទូទាំងពិភពលោក ដោយសារវិបត្តិកូវីដនៅក្នុងប្រទេសខ្លួន គឺជារឿងមួយ ដែលយើងមិនចង់ឱ្យវាកើតឡើងនោះទេ។ ប៉ុន្តែនេះ មិនមានន័យថា ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca អាចមានទស្សនៈដូចយើងទេ ទើបបានជាគេចង់គ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងស្រុង»។
លោក Douglas បាននិយាយថា ក្រុមឱសថស្ថានសមនឹងទទួលបាន «ក្រេឌីត» ហើយនៅពេល ដែលក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ឈប់ស្ទាក់ស្ទើរហើយនោះ វាអាចនឹងជួយដល់ដំណើរការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសក្រីក្រ ហើយវា គឺជារឿងប្រសើរណាស់។
ក្រុមហ៊ុនឱសថមួយចំនួនផ្សេងទៀត ក៏ធ្លាប់ធ្វើដូចក្រុមហ៊ុននេះដែរ ហើយនៅពេលដែលឥណ្ឌា និងអាហ្វ្រិកខាងត្បូង បានស្នើរដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីខែតុលា ឆ្នាំមុនទាក់ទិននឹងបញ្ហាផ្ទេរកម្មសិទ្ធិបញ្ញានេះ សំណើនេះត្រូវបានគេបដិសេធយ៉ាងឆាប់រហ័ស។ ឥណ្ឌា និងអាហ្វ្រិកខាងត្បូងបាននិយាយថា សំណើនេះ គឺការធ្វើឱ្យមានភាពងាយស្រួល និងតម្លៃថោកជាងនៅពេលភាគីទី៣ ផលិតវ៉ាក់សាំងដែលអាចជួយបង្កើនផលិតកម្ម និងធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះឆាប់ទទួលជោគជ័យទៀតផង។
ឧស្សាហកម្មឱសថបានប្រឆាំងនឹងការស្នើឱ្យផ្ទេរប៉ាតង់ដោយនិយាយថា ប៉ាតង់នេះមានសារសំខាន់ណាស់ក្នុងការការពារការវិនិយោគដែលខ្លួនត្រូវការ ដើម្បីនាំយកវ៉ាក់សាំងទៅលក់នៅលើទីផ្សារ។ នាយកប្រតិបត្តិក្រុមហ៊ុនឱសថនានាបាននិយាយថា ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបង្កើនការផលិតហើយថា ក្រុមហ៊ុនផលិតភាគីទី៣ ខ្វះបទពិសោធ និងចំណេះដឹងចាំបាច់ក្នុងការផលិតវ៉ាក់សាំងស្មុគស្មាញ ដោយគ្មានជំនួយពីពួកគេ។

វ៉ាក់សាំង AstraZeneca។ រូបថត AFP
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលប្រទេសលោកខាងលិចភាគច្រើនបានគាំទ្រជំហររបស់ក្រុមហ៊ុនទាំងនេះ។ ប៉ុន្តែកាលពីខែឧសភា សហរដ្ឋអាមេរិកបានធ្វើឱ្យឧស្សាហកម្មនេះភ្ញាក់ផ្អើលដល់ការសម្រេចចិត្តរបស់ប្រទេសនេះក្នុងការគាំទ្រឱ្យមានការផ្ទេរប៉ាតង់ដល់ប្រទេសក្រីក្រ ដែលបានស្នើសុំផលិតវ៉ាក់សាំងខ្លួនឯង។
៣ ខែក្រោយមក ការសម្រេចចិត្តមានការប្រែប្រួលតិចតួចដោយកិច្ចពិភាក្សារបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការលើកលែងប៉ាតង់ បានផ្អាកដោយគ្មានការរីកចម្រើនសោះរហូតមកដល់ចុងខែកក្កដានេះ ដោយសារប្រតិភូបានបែកខ្ញែកគ្នាសម្រាប់ថ្ងៃឈប់សម្រាករដូវក្តៅនៅអឺប។ ថ្វីបើមានការស្នើសុំពីអគ្គនាយកអង្គការ WTO លោក Ngo zi Okonjo-Iweala សុំឱ្យសមាជិកកាត់បន្ថយការឈប់សម្រាកដោយមានភាពបន្ទាន់នៃបញ្ហាក៏ដោយក៏ពួកគេមិនមានគម្រោងចរចាឡើងវិញទេ រហូតត្រូវចាំដល់ខែកញ្ញា។
អ្នកស្រី Asia Russell នាយកប្រតិបត្តិនៅក្រុមតស៊ូមតិ Health GAP បាននិយាយថា បើទោះជារដ្ឋបាល បៃដិន បានសម្រេចចិត្តគាំទ្រសំណើនេះ យ៉ាងណាក្ដី ប៉ុន្តែរដ្ឋបាលនេះបានបរាជ័យ «ក្នុងការសាកល្បងភាពជាអ្នកដឹកនាំ ដោយមិនព្រមប្រឈមមុខនឹងក្រុមហ៊ុនឱសថទាំងនោះ ដោយជួយជំរុញឱ្យមានការលះបង់ប៉ាតង់ ដើម្បីការពារជីវិតរាប់លានជាសកល»។
លោកស្រីបានមានប្រសាសន៍ថា៖ «ការមិនទទួលខុសត្រូវនេះ បាននាំយើងទៅដល់សុបិនអាក្រក់នៅថ្ងៃនេះ។ មនុស្សតែ ១,៣ ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបដែលទទួលបានវ៉ាក់សាំង ខណៈសេតវិមានគ្មានយុទ្ធសាស្ត្រពិតប្រាកដ ដើម្បីផ្តល់វ៉ាក់សាំង ១៤ ពាន់លានដូស ដែលពិភពលោកត្រូវការដើម្បីបញ្ចប់វិបត្តិនេះ»។
លោក Kiran Mazumdar Shaw ប្រធានក្រុមហ៊ុន Biocon របស់ឥណ្ឌាបាននិយាយថា៖ «ការដែលក្រុមហ៊ុនទាំងនេះ បានដាក់កម្រិតលើការផលិតវ៉ាក់សាំង ដោយសារតែភាពវង្វេងស្មារតីរបស់ពួកគេពិតជាបង្កឱ្យមានបញ្ហាកង្វះវ៉ាក់សាំងលើពិភពលោកមែន។ ក្រុមហ៊ុន Pfizer និង Moderna បានរក្សាកម្មសិទ្ធិបញ្ញារបស់ខ្លួនជិតឈឹង ដោយសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុនផលិតមួយចំនួនតូចប៉ុណ្ណោះ»។
លោកស្រីបាននិយាយថា ថ្វីបើឥណ្ឌា គឺជាប្រទេសមួយដែលផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតរបស់ពិភពលោក ប៉ុន្តែបញ្ហាមិនចែកប៉ាតង់របស់ក្រុមហ៊ុនទាំងនេះ ក៏រួមចំណែកសំខាន់នៃបញ្ហាចង្វាក់ផ្គត់ផ្គង់សកលមិនគ្រប់គ្រាន់ដែរ៕