ក្រុមបាតុករបានដើរក្បួននៅតាមបណ្តាទីក្រុងនានាទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ នៅក្នុងការធ្វើ បាតុកម្មចុងសប្តាហ៍ទី៤ ជាប់គ្នា ដោយថ្កោលទោសនូវអ្វីដែលពួកគេមើលឃើញថា ជាច្បាប់គាបសង្កត់បង្ខំ បុគ្គលិកសុខាភិបាលទទួលបានវ៉ាក់សាំង និងប្រជាពលរដ្ឋឱ្យមានប័ណ្ណសុខភាពបញ្ជាក់សម្រាប់សកម្មភាពប្រចាំថ្ងៃជាច្រើន។
ក្រុមបាតុករ ក៏បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស នីសម៉ុងភេលីយៀរ និងទីប្រជុំជនដទៃទៀត ដោយគ្រវីបដាដែលសរសេរថា៖ «និយាយថាទេចំពោះរបបផ្តាច់ការ» និងស្រែកថា «Macron យើងមិនត្រូវការបណ្ណសុខភាពរបស់អ្នកទេ»។
ក្រុមបាតុកម្មនេះ បានបង្កើតក្រុម ដែលប្រឆាំងនឹងច្បាប់របស់ប្រធានាធិបតី Emmanuel Macron ដែលមានបំណងជួយទប់ទល់នឹងរលកទី៤ ជំងឺកូវីដ ១៩ ដែលរីករាលដាលពាសពេញប្រទេសបារាំង និងជួយការពារការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
ក្នុងចំណោមអ្នកតវ៉ាមានក្រុមអនាធិបតេយ្យនិយមឆ្វេងនិងក្រុមសកម្មប្រយុទ្ធស្តាំនិយម ក្រុមចលនាអាវកាក់ពណ៌លឿងប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឱ្យមានការរង្គោះរង្គើការដឹកនាំរបស់លោក Macron ក្នុងកំឡុងឆ្នាំ ២០១៨-២០១៩ និងប្រជាពលរដ្ឋផ្សេងទៀត ដែលប្រឆាំងនឹងវ៉ាក់សាំងឬចាត់ទុកថា ប័ណ្ណសុខភាព គឺជាការរើសអើងសង្គម។
អត្រានៃការចាក់ថ្នាំបានកើនឡើង បន្ទាប់ពីលោក Macron បានបង្ហាញផែនការបណ្ណវ៉ាក់សាំងរបស់គាត់កាលពីខែមុន។ ២ ភាគ ៣ នៃប្រជាជនបារាំងទាំងអស់ បានទទួលវ៉ាក់សាំងតែ ១ ដូស ខណៈ ៥៥ ភាគរយ ទទួលបានវ៉ាក់សាំងពេញលេញ។
ចាប់ពីថ្ងៃចន្ទ ប្រជាជននឹងត្រូវបង្ហាញប័ណ្ណវ៉ាក់សាំង ដើម្បីទទួលទានអាហារនៅភោជនីយដ្ឋានទទួលការព្យាបាល ដោយមិនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឬធ្វើដំណើរតាមរថភ្លើងអន្តរទ្វីប ចូលទៅអាងហែលទឹក សារមន្ទីរ និងក្លឹបរាត្រីជាដើម។
ដោយឡែក សម្រាប់បុគ្គលិកសុខាភិបាលមានពេលរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ដើម្បីទទួលការចាក់វ៉ាក់សាំង បើមិនដូច្នេះពួកគេនឹងប្រឈមមុខនឹងការព្យួរការងារ។
ប័ណ្ណសុខភាពផ្សេងទៀត ដែលបង្ហាញពីភ័ស្តុតាងនៃការចាក់វ៉ាក់សាំង ឬការធ្វើតេស្តអវិជ្ជមាននាពេលថ្មីៗនេះ ក៏ត្រូវបានគេណែនាំឱ្យប្រើប្រាស់នៅក្នុងបណ្តាប្រទេសអឺរ៉ុបដទៃទៀត ប៉ុន្តែប័ណ្ណនៅប្រទេសបារាំង និងការបញ្ជាទិញវ៉ាក់សាំង គឺចាំបាច់សម្រាប់បុគ្គលិកសុខាភិបាល៕