
វ៉ាក់សាំង Pfizer-BioNTech ដែលទទួលបានការអនុញ្ញាតសម្រាប់ការចាក់ដូសទី៣។ រូបថត AFP
រដ្ឋបាលលោក ចូ បៃដិន បានសម្រេចឱ្យប្រជាជនអាមេរិកភាគច្រើនគួរតែចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ៨ ខែ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងលើកទី២ រួចហើយយុទ្ធនាការវ៉ាក់សាំងដូសទី៣ នេះទៀតសោតនឹងចាប់ផ្តើមនៅដើមសប្តាហ៍ទី៣ នៃខែកញ្ញាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន The New York Times។
មន្រ្តីដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានប្រាប់សារព័ត៌មានដដែលអំពីផែនការនេះថា រដ្ឋាភិបាលគ្រោងនឹងប្រកាសសេចក្តីសម្រេចនៅឯសេតវិមាននៅថ្ងៃពុធ។
គោលដៅរបស់ផែនការ គឺអនុញ្ញាតឱ្យជនជាតិអាមេរិកដែលបានទទួលវ៉ាក់សាំង Pfizer-BioNTech ឬ Moderna ហើយទទួលបានការការពារបន្ថែមពីវ៉ារ្យ៉ង់ដែលតា ដែលកំពុងរីករាលដាលទូទាំងប្រទេស។
ទោះយ៉ាងណា គោលនយោបាយថ្មីនេះនឹងត្រូវពឹងផ្អែកលើរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាអ្នកចែកចាយ និងគ្រប់គ្រងវ៉ាក់សាំងទាំងនេះ។
មន្រ្តីដដែលបន្ថែមថា អ្នកដែលទទួលវ៉ាក់សាំង Johnson & Johnson តែ ១ ដូសនោះ ក៏ទំនងត្រូវទទួលវ៉ាក់សាំងដូសទី៣ នេះដូចគ្នា។ ប៉ុន្តែគោលការណ៍នៅកំពុងរង់ចាំលទ្ធផលពីការសាកល្បងលើអ្នកស្ម័គ្រចិត្តដែលអាចនឹងបញ្ចប់ក្នុងខែនេះ។
ការចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវផ្ដល់ឱ្យគិលានុបដ្ឋាយិកាបុគ្គលិកថែទាំសុខភាព និងបុគ្គលិកសង្គ្រោះបន្ទាន់ ដែលជាបុគ្គលិកជួរមុខទទួលវ៉ាក់សាំងដំបូងគេកាលពីរដូវរងាឆ្នាំមុន។ បន្ទាប់មកវ៉ាក់សាំងនេះ អាចនឹងត្រូវចែកចាយលើក្រុមមនុស្សចាស់ផ្សេងទៀត ហើយទើបចែកចាយលើក្រុមមនុស្សទូទៅ។
ប្រជាជនអាមេរិកចំនួន ៥ លាននាក់ ដែលបានទទួលវ៉ាក់សាំង Pfizer-BioNTech ឬ Moderna ចំនួន ២ ដូសនៅចុងខែមករា នឹងមានសិទ្ធិទទួលបានវ៉ាក់សាំងដូសទី៣ នៅចុងខែកញ្ញា ទៅតាមផែនការ។ សរុបមកមនុស្សជាង ៩០ លាននាក់នៅក្នុងប្រទេសនេះ ទទួលបានវ៉ាក់សាំង Pfizer ហើយជាង ៦៤ លានទទួលបាន Moderna។
វេជ្ជបណ្ឌិត Janis M. Orlowski ប្រធានផ្នែកសុខភាពនៃសមាគមមហាវិទ្យាល័យវេជ្ជសាស្ត្រអាមេរិកបានឱ្យដឹងថា មន្ទីរពេទ្យ និងរដ្ឋាភិបាលត្រូវចាត់ចែងវិធានការចែកចាយវ៉ាក់សាំងថ្មី ក្រោយពេលមានការរីករាលដាលចំនួនវ៉ារ៉្យង់ដែលតាថ្មីនេះ។
លោកវេជ្ជបណ្ឌិត Orlowski បានបន្តថា មុនពេលចាក់វ៉ាក់សាំងដល់បុគ្គលិកថែទាំសុខភាព សុទ្ធតែចង់បានទិន្នន័យប្រសិទ្ធភាព ក៏ដូចជាផលប៉ះពាល់នៃវ៉ាក់សាំងដូសទី៣ ដើម្បីធានាបុគ្គលិករបស់ពួកគេអាចបំពេញការងារទៅដោយរលូន មិនប៉ះពាល់ដល់កាតព្វកិច្ចរបស់ពួកគេ និងត្រូវដាក់វេនក្នុងការចាក់វ៉ាក់សាំង មិនមែនត្រូវចាក់ទាំងអស់គ្នាក្នុងពេលតែ ១ នោះទេ។
គួរបញ្ជាក់ផងដែរថា ប្រសិទ្ធភាពវ៉ាក់សាំង Pfizer ត្រូវបានគេរាយការណ៍ថា ធ្លាក់ចុះជាលំដាប់ទៅតាមពេលវេលានៃការចាក់ ពោលគឺធ្លាក់ចុះប្រហែល ៨៤ ភាគរយចំពោះមនុស្ស ដែលទទួលថ្នាំបង្ការប្រហែល ៤ ទៅ ៦ ខែ បន្ទាប់ពីទទួលបានវ៉ាក់សាំងលើកទី២។
នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Albert Bourla។ លោកបាននិយាយថា វ៉ាក់សាំងរបស់ខ្លួននៅតែមានប្រសិទ្ធភាព ៩៣ ភាគរយ ក្នុងរយៈពេល ៦ ខែដំបូង បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ប៉ុន្តែរំពឹងថា ការការពារនឹងធ្លាក់ចុះនៅក្នុងរយៈពេលយូរ ដូច្នេះការចាក់វ៉ាក់សាំងដូសទី៣ គឺជាការចាំបាច់ខ្លាំងក្នុងការរក្សាប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវ៉ារ៉្យង់ដែលតា។
វេជ្ជបណ្ឌិតម៉ា Matthew Harris ប្រធានផ្នែកវេជ្ជសាស្ត្រនៃកម្មវិធីចាក់វ៉ាក់សាំងការពារមេរោគកូរ៉ូណានៅឯ Northwell Health ជាប្រព័ន្ធមន្ទីរពេទ្យធំបំផុតរបស់ញូវយ៉កបាននិយាយថា៖ «ខ្ញុំគិតថា យើងកំពុងអស់ឱកាសជាលើកទី២ ក្នុងការស្រោចស្រង់ពិភពលោកពីមេរោគនេះហើយ។ អ្វីដែលធ្វើឱ្យខ្ញុំគេងមិនលក់នោះ គឺថាការបំប្លែងខ្លួនរបស់វ៉ារ្យ៉ង់ដែលមិនឆ្លើយតបទៅនឹងវ៉ាក់សាំង។ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាឱ្យដើរបានមុនវា ដូច្នេះខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះការចាក់វ៉ាក់សាំងដូសទី៣ នេះ»។
យុទ្ធសាស្ត្រចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេពិភាក្សាអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែការមូលមតិគ្នាអំពីរបៀបដំណើរការត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំតែនៅចុងសប្តាហ៍នេះប៉ុណ្ណោះ។
រដ្ឋបាលឱសថបានស្តុកវ៉ាក់សាំងជាង ១០០ លានដូស ដែលអាចប្រើចាក់ដូសទី៣ និងរាប់សិបលានទៀតស្តុកនៅតាមឱសថស្ថាន និងទីតាំងផ្សេងទៀត។ រដ្ឋបាលដដែលនេះ បានទិញវ៉ាក់សាំងបន្ថែមទៀត ដែលគ្រោងនឹងចែកចាយនៅត្រីមាសទី៣ ឆ្នាំនេះ ដើម្បីកុំឱ្យមានការព្រួយបារម្ភថា វ៉ាក់សាំងនឹងអស់ពីស្តុក។
មន្រ្តីសហព័ន្ធបាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងដូសទី៣ នេះ ទំនងជានឹងអនុវត្តតាមសេណារីយោដូចគ្នានឹងកម្មវិធីចាក់វ៉ាក់សាំងដំបូង។ ការចាក់វ៉ាក់សាំងដូសដំបូងនឹងចែកចាយសម្រាប់សាធារណជនទូទៅនៅសហរដ្ឋអាមេរិក និងត្រូវបានអនុវត្តនៅថ្ងៃទី ១៤ ខែធ្នូ បន្ទាប់ពីរដ្ឋបាល FDA បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Pfizer ក្នុងគ្រាអាសន្ន ហើយសម្រាប់ប្រជាជនដែលចាក់វ៉ាក់សាំង Moderna នឹងចាប់ផ្តើមទទួលវ៉ាក់សាំងនៅសប្ដាហ៍បន្ទាប់៕